ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​ផ្កាស្នោ ដើម​ភ្លៅកង្កែប និង​ម្អម អាច​រក​ចំណូល​ជាង​១៨០​ម៉ឺន​រៀល​ក្នុង​១​ខែ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គ្រួសារ​មួយ​រស់នៅ​ក្នុងភូមិ​ទំនប់ ឃុំ​ត្រងិល ស្រុក​កំពង់លែង ដែល​កន្លង​មក​ធ្លាប់​តែ​ល្បី​ដាំ​បន្លែ​មិន​ប្រើ​ជីគីមី ពេល​នេះ​បាន​ងាក​មក​ដាំ​ដើម​ស្នោ ដើម​ភ្លៅកង្កែប និង​ម្អម ក៏​អាច​រក​ចំណូល​បាន​ជាង​១៨០​ម៉ឺន​រៀល​ក្នុង​១​ខែ​ដែរ…

ខេត្តកំពង់ឆ្នាំង ៖ គ្រួសារ​មួយ​រស់នៅ​ក្នុងភូមិ​ទំនប់ ឃុំ​ត្រងិល ស្រុក​កំពង់លែង ដែល​កន្លង​មក​ធ្លាប់​តែ​ល្បី​ដាំ​បន្លែ​មិន​ប្រើ​ជីគីមី ពេល​នេះ​បាន​ងាក​មក​ដាំ​ដើម​ស្នោ ដើម​ភ្លៅកង្កែប និង​ម្អម ក៏​អាច​រក​ចំណូល​បាន​ជាង​១៨០​ម៉ឺន​រៀល​ក្នុង​១​ខែ​ដែរ ព្រោះតែ​បន្លែ​ទាំងនេះ​កំពុង​ពេញ​និយម​លើ​ទីផ្សារ ។

លោក ម៉ក់ ថា អាយុ​៥៧​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​ទំនប់ បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា​នេះ​ថា បច្ចុប្បន្ន គាត់​មាន​ផ្ទៃដី​ជាង​១​ហិ​កតា សម្រាប់​ដាំ​បន្លែ​គ្រប់មុខ ។ កន្លង​ទៅ គាត់​ធ្លាប់​ដាំ​ស្ពៃ ដាំ​ម្រះ ត្រឡាច និង​ននោង​ជាដើម ប៉ុន្តែ​បន្លែ​ទាំងនោះ​មាន​រដូវ​កាល​របស់​វា ។ បច្ចុប្បន្ន​គាត់​បាន​ងាក​មក​ដាំ ដើម​ស្នោ (​ពូជ​មក​ពី​ថៃ​) ដាំ​ដើម​ភ្លៅកង្កែប និង​ម្អម ដែល​ពេល​នេះ​កំពុង​ទទួលផល​ល្អ​ប្រសើរ ។ ជាមួយ​គ្នា​នេះ ក៏​មាន​ម៉ូយ​មក​ទទួល​ទិញ​ដល់​ចំការ​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ថា ផ្កាស្នោ​បេះ​ក្នុង​១​ថ្ងៃ​ពី​៨​ទៅ​១០​គីឡូក្រាម ដោយ​ក្នុង​១​គីឡូក្រាម​គាត់​លក់​បាន​៦ ៥០០​រៀល ចំណែក​ដើម​ភ្លៅកង្កែប គាត់​កាត់​ចង​ជា​ដុំ បាន​២០០​ដុំ ក្នុង​១​ដុំ​គាត់​លក់​២០០​រៀល ដោយឡែក​ម្អម គាត់​កាត់​បាន​៣០០​ដុំ ក្នុង​ដុំ​ថ្លៃ​៧០​រៀល បើ​គិត​ជា​មធ្យម​គាត់​អាច​រក​ចំណូល​បាន​៦​ទៅ​៧​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ហើយ​ក្នុង​១​ខែ​គាត់​អាច​រក​ចំណូល​បាន​ពី​ការ​ដាំ​បន្លែ​៣​មុខ​នេះ ប្រមាណ​១៨០​ម៉ឺន​រៀល​ដែរ​។

លោក​បន្ត​ថា ចំណូល​នេះ​អាច​ជួយ​ឧ​ប​ត្ថ​ម​គ្រួសារ និង​ស្រី​២​នាក់​កំពុង​រៀន​ផង​ដែរ​។ ចំពោះ​បន្លែ​ទាំងនេះ មាន​ម៉ូយ​មក​ទិញ​ដល់​ចំការ គឺ​នៅ​ម៉ោង​៤​ឬ​៥​ល្ងាច ម៉ូយ​មក​រាប់ និង​ថ្លឹង​យក​អស់​ហើយ។

ទោះបីជា​យ៉ាងនេះ លោក​បាន​បញ្ជាក់​ថា ផ្កាស្នោ​លំបាក​បេះ​បន្តិច ព្រោះ​ត្រូវ​ប្រើ​ពេល​យូរ តាំងពី​ព្រឹក​ដល់​ល្ងាច ទើប​បេះ​បាន​គ្រប់​ឱ្យ​ម៉ូយ មិន​ដូច​ដើម​ភ្លៅកង្កែប និង​ម្អម​នោះ​ទេ ។

សូម​បញ្ជាក់​ថា ក្រៅពី​បន្លែ​៣​មុខ​ខាងលើ​នេះ ក្នុង​ចំការ​លោក ម៉ក់ ថា ក៏​នៅ​មាន​ដំណាំ​មួយ​ចំនួន​ទៀត ដូច​ជា ខ្ទឹម ត្រ​កូន ននោង អំពៅ ដាំ​ដើម​ឬ​ស្សី (​យក​ទំពាំង​ផ្អែម​) ចិញ្ចឹម​មាន់ ទា និង​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ជាដើម ។ ម្ចាស់​ចំការ​ខាងលើ កំពុង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ ដើម្បី​រក​ចំណូល​បន្ថែម​ទៀត ពី​ការ​ដាំ​បន្លែ​គ្មាន​សារជាតិ​គីមី​នេះ​ដែរ​។

ដោយឡែក លោក សុខ រិ​ន ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​កំពង់លែង​វិញ​បាន​បញ្ជាក់​ថា លោក ម៉ក់ ថា ជា​កសិករ​ម្នាក់​ដែល​ឧស្សាហ៍​ព្យាយាម​ក្នុង​ការ​ដាំ​ដំណាំ​។ គាត់​ជា​បុរស​ពោះម៉ាយ និង​ខិតខំ​ប្រកប​របរ​ដាំ​ដំណាំ ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​កូន​២​នាក់​ដែល​កំពុង​រៀនសូត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ