ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកលី ធុជ និងសមាជិកសភាជប៉ុន ឯកភាពបន្ត​ភាពជាដៃគូយូរអង្វែង និងជំរុញឱ្យនិស្សិតខ្មែរមកបន្តការសិក្សានៅជប៉ុនកាន់តែច្រើន

8 ម៉ោង មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ យោងប្រភពអាជ្ញាធរមីន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្តិត លី ធុជ ទេសរដ្ឋមន្ត្រី…

​រាជធានីភ្នំពេញ ៖ យោងប្រភពអាជ្ញាធរមីន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្តិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១​ អាជ្ញាធរមីន បានជួបសម្តែងការគួរសម និង​ពិភាក្សាការងារជាមួយ ឯកឧត្តម AISAWA Ichiro សមាជិកសភានៃប្រទេសជប៉ុន នៅអគាររដ្ឋសភាជប៉ុន (The National Diet Building)។

ក្នុងជំនួបនោះ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែឈរនៅជាមួយកម្ពុជា និងបានចូលរួមយ៉ាងសំខាន់នៅក្នុងដំណើរកសាងសន្ថិភាព និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ដែលក្នុងនោះផងដែរ វិនិយោគរបស់ជប៉ុនបានផ្តល់ការងារជាច្រើនដល់ប្រជាជនខ្មែរ ។ លើសពីនេះ និស្សិតខ្មែរជាច្រើនបានមកបន្តការសិក្សានៅប្រទេសជប៉ុន ដែលធ្វើឱ្យធនធានមនុស្សនៅកម្ពុជា កាន់តែរីកចម្រើន និងចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញ ឯកឧត្តម AISAWA Ichiro រួមជាមួយសភាពាណិជ្ជកម្មរបស់​ទីក្រុង Okayama ធ្វើទស្សនកិច្ចមកកាន់កម្ពុជា ដើម្បីស្វែងយល់ច្បាស់អំពីឱកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានលើកឡើងអំពីការចូលរួមចំណែករបស់ជប៉ុន នៅក្នុងភាពជោគជ័យនៃសកម្មភាពមីនកម្ពុជា និងស្នើឱ្យជប៉ុនបន្តគាំទ្រកម្ពុជាក្នុងសកម្មភាពមីនមនុស្សធម៌ ដើម្បីបន្តផ្តល់ក្តីសង្ឃឹមដល់ប្រជាជនកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម AISAWA Ichiro បានកោតសរសើរចំពោះភាពរីកចម្រើនជាទីកត់សម្គាល់របស់កម្ពុជា និងបានបង្ហាញជំហរបន្តភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានផ្តល់ទំនុកចិត្ត និងបានបញ្ជូននិស្សិតឆ្នើមជាច្រើន មកបន្តការសិក្សានៅប្រទេសជប៉ុន ហើយឯកឧត្តមស្នើឱ្យកម្ពុជា បន្តបញ្ជូននិស្សិតមកសិក្សាឱ្យកាន់តែច្រើន ជាពិសេសមន្ត្រីរាជរដ្ឋាភិបាលរបស់កម្ពុជា។ ឯកឧត្តម សន្យាថានឹងមកធ្វើទស្សនកិច្ចនៅកម្ពុជានៅពេលខាងមុខ រួមជាមួយសភាពាណិជ្ជកម្មរបស់ទីក្រុង Okayama ដើម្បីស្វែងរកឧកាសវិនិយោគនៅកម្ពុជា។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ