ខេត្ដក្រចេះ ៖ យុទ្ធនាការបង្ក្រាប និងទប់ស្កាត់បទល្មើសដឹកនិងកាប់ឈើខុសច្បាប់ ត្រូវបានអនុវត្ដយ៉ាងក្ដៅគគុកពីសំណាក់អាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានទូទាំងខេត្ដ ។ កន្លងមកសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ របស់ក្រុមឈ្មួញមួយចំនួនត្រូវបានទប់ស្កាត់ និងបង្ក្រាបទាំងស្រុងក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ តែទោះជាបែបណាក៏ដោយការឆក់កណ្ដៀតឆ្លៀតឱកាសរបស់ក្រុមជនខិលខូចមួយចំនួននៅតែធ្វើសកម្មភាពក្នុងការលួចដឹក និងកាប់ច្រៀកឈើតាមរូបភាពផ្សេងៗដដែល ។
តាមសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា សព្វថ្ងៃនេះការដឹកជញ្ជូនឈើអារខុសច្បាប់គ្រប់ប្រភេទរបស់ក្រុមឈ្មួញនៅស្រុកព្រែកប្រសព្វ គឺនៅតែកើតមានដដែល ដោយមិនមានការចុះបង្ក្រាបទេ តែផ្ទុយទៅវិញបើតាមប្រភពព័ត៌មានថា បែរជាសមត្ថកិច្ចមួយចំនួនរួមមានអ្នកកាសែតខ្លះ ប៉ូលិសសេដ្ឋកិច្ចខ្លះ និងមន្ដ្រីរដ្ឋបាលព្រៃឈើខ្លះទៅយកតែលាភសក្ការៈចែកគ្នាប៉ុណ្ណោះ ចំណែកឯប្រជាពលរដ្ឋដែលធ្វើអាជីវកម្មតិចតួចគ្រាន់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបែរជាក្រុមសមត្ថកិច្ចទាំងនោ មិនមានការអនុគ្រោះទៅវិញ ។
ជាក់ស្ដែង កាលពីយប់ថ្ងៃទី១៤ កក្កដា យ៉ាងហោចណាស់ក៏មានរទះដឹកឈើរបស់ក្រុមឈ្មួញ ចំនួនជាងដប់រទះបានធ្វើការដឹកឈើអារ ប្រភេទស្រឡៅចេញពីក្នុងព្រៃភ្នំជី ជាប់ព្រំប្រទល់ខេត្ដកំពង់ធំ ឆ្ពោះមកកាន់ឃុំជ្រោយ បន្ទាយ ស្រុកព្រែកប្រសព្វ សំដៅមកទម្លាក់ ក្នុងទូក រួចដឹកជញ្ជូនទៅលក់បន្ដនៅខេត្ដផ្នែកខាងក្រោម តែមិនមានសមត្ថកិច្ចណាចុះធ្វើការបង្ក្រាបទេ បែរជានាំគ្នាចាំស្ទាក់យកតែលុយប៉ុណ្ណោះ ។ ឈើដែលដឹកតាមរទះទាំងនោះត្រូវបានគេដឹងថា មានមនុស្សម្នាក់ ឈ្មោះឃួន ឃី បានអះអាងថា ខ្លួនជាអ្នកកាសែត និងជាអ្នកចេញមុខរត់ការ និងកាងយកឈើចេញពីព្រៃមកឱ្យឈ្មួញនៅក្នុងភូមិ ដើម្បីធ្វើការដឹកចេញបន្ដតាមរូបភាពផ្សេងៗ។
ចំណែកប្រភពព័ត៌មានពីស្រុកព្រែកប្រសព្វ ក៏បានឱ្យដឹងដូចគ្នានឹងព័ត៌មានខាង លើនេះដែរ ។ លោកអ៊ុយ ស្រី នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វបានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៥ កក្កដា ថាកន្លងមកលោកធ្លាប់បានចុះទៅតាមដានពីការដឹកជញ្ជូនឈើអារខុសច្បាប់នេះដែរ ប៉ុន្ដែបន្ទាប់ ពីធ្វើការស្រាវជ្រាវឃើញថា ពួកគាត់គឺប្រជាពលរដ្ឋក្នុងស្រុកដែលបានអារច្រៀកតិចតួច ដើម្បីផ្គត់ផ្គង់ជីវភាពតែប៉ុណ្ណោះ ។
ជាមួយគ្នានេះលោកក៏បានធ្វើការអប់រំណែនាំជាបន្ដបន្ទាប់ និងធ្លាប់បានចាប់រឹបអូស ខណៈពេល ដែលពួកគាត់មិនព្រមស្ដាប់ ។លោកបានបញ្ជាក់បន្ថែមទៀតថា លោកបានទទួលស្គាល់ថា ការដឹកជញ្ជូនឈើខុសច្បាប់នៅក្នុងតំបន់នោះនៅតែកើតមានមែន ហើយមិនទាន់មានសមត្ថកិច្ចពាក់ព័ន្ធជួយចុះបង្ក្រាបទេ ប៉ុន្ដែលោកនឹងខិតខំសហការជា បន្ដទៀតដើម្បីបង្ក្រាបឱ្យបានជោគជ័យ ៕
ចែករំលែកព័តមាននេះ