ខេត្តកំពង់ឆ្នាំង ៖ តាមប្រភពដែលគួរទុកចិត្តបានបានឱ្យដឹងថា៖ មកដល់ពេលនេះ គ្រឿងចក្រចំនួន៣គ្រឿង ដែលត្រូវបានសមត្ថកិច្ចចាប់ កាលពីពេលថ្មីៗ ខណៈកំពុងធ្វើសកម្មភាពឈូសឆាយរុករានទន្ទ្រានយកដីព្រៃឈើរបស់រដ្ឋនៅចំណុច ខ្លុងរលើង ស្ថិតក្នុងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង កំពុងមានគេរត់ការដោះលែងហើយ ដោយគេហ៊ានចំណាយខ្ទង់ម៉ឺនដុល្លាឯណោះ ។ ប៉ុន្តែករណីនេះ មន្ទីរជំនាញថា មិនអាចទៅរួចនោះទេ ។

លោកវរសេនីយ៍ត្រី គិត គន្ធា មេបញ្ជាការកងរាជអាវុធ ហត្ថ ស្រុកបរិបូណ៌ បានរំឮកថា៖ កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចសមត្ថកិច្ចចម្រុះមាន កងរាជអាវុធហត្ថស្រុកបរិបូរណ៍ កម្លាំងសឹករងស្រុក សង្កាត់រដ្ឋបាលព្រៃឈើ សហគមន៍ព្រៃឈើ និងប្រជាការពារ ដឹកនាំដោយលោក អ៊ឹម ផង់ ប្រធានរដ្ឋបាលស្រុក តំណាងឱ្យលោក យឹម សារិន អភិបាលស្រុកបរិបូណ៌ ។ ពេលចុះបង្ក្រាប និងចាប់បានអេស្កាវ៉ាទ័រ ៣គ្រឿង ក្នុងចំណោម៥គ្រឿង ដែលកំពុងធ្វើសកម្មភាព ឈូសឆាយដីព្រៃរបស់រដ្ឋ នៅចំណុចខ្លុងរលើង ឋិតក្នុងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ។ចំណែកអេស្កាវ៉ាទ័រ១គ្រឿង និងត្រាក់ទ័រកង់កៅស៊ូ១គ្រឿងទៀតរត់រួច ។

លោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងផងដែរថា គ្រឿងចក្រទាំង៣គ្រឿងដែលត្រូវបានសមត្ថកិច្ចចម្រុះចាប់ឃាត់បានខាងលើនេះ គឺបានធ្វើសកម្មភាពឈូសឆាយរុករានទន្ទ្រានយកដីគម្រ បព្រៃឈើរបស់រដ្ឋឆ្នាំ២០០២ ស្ថិតក្នុង ឃុំអញ្ចាញរូងស្រុកបរិបូណ៌ ដោយពួកគេបានឈូសឆាយក្រវាត់យកដីរបស់រដ្ឋអស់ជាង១០ហិកតា។គ្រឿងចក្រទាំង៣គ្រឿង បាននាំយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើបរិបូណ៌ ចំនួន២គ្រឿង និងសល់១គ្រឿងទៀត ខូចតាមផ្លូវ ដែលកំពុងតែធ្វើការជួសជុល។

បច្ចុប្បន្ន លោកកំពុងតែស្វែងរកម្ចាស់ដី និងម្ចាស់គ្រឿងចក្រ ដើម្បីនាំយកមកទទួលខុសត្រូវចំពោះមុខច្បាប់ ហើយករណីនេះ លោកក៏កំពុងតែកសាងសំណុំរឿងបញ្ជូនទៅស្ថាប័ន តុលាការ។ ករណីចាប់គ្រឿងចក្រទាំង៣គ្រឿងនេះដែរ មានលេចឮ ព័ត៌មានមកថាៈ ម្ចាស់គ្រឿងចក្រ កំពុងរត់ការ ដោះលែង យកគ្រឿងចក្រមកវិញ ដោយក្នុងគ្រឿងចក្រ១គ្រឿង គេហ៊ានឱ្យថ្លៃខ្ទង់ម៉ឺនដុល្លា ។

ករណីនេះកន្លងមកធ្លាប់មានរួចមកហើយ កាលពីជាង១ឆ្នាំមុន ពេលសមត្ថកិច្ចចម្រុះចុះចាប់គ្រឿងចក្របាន១គ្រឿងនៅឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខណៈលួចធ្វើសកម្មភាព ឈូសឆាយដីព្រៃរបស់រដ្ឋ ដូចគ្នានេះដែរ តែពេលយកមកតាមផ្លូវ ត្រូវមន្ត្រីខិលខូចលួចដោះលែងទៅវិញ មិនប្រាប់ថ្នាក់លើរបស់ខ្លួនទៀតផង ។

ឥឡូវ ម្ចាស់គ្រឿងចក្រដដែលនេះ ចង់ប្រើវិធីនេះដូចមុនទៀត មិនដឹងថាទៅរួចដែរឬទេ ។ ជុំវិញករណីនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បានប្រាប់តាមទូរសព្ទ័នៅព្រឹកថ្ងៃទី២២ ខែតុលានេះថា៖ មិនអាចទៅរួចទេ តែចាប់គឺចាប់ហើយ ម្ចាស់គ្រឿងចក្រ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ៕







ចែករំលែកព័តមាននេះ