ខេត្តកំពង់ស្ពឺ ៖ ក្រោយពីទឹកជំនន់បានស្រកជាបណ្ដើរៗវិលទៅរកសភាពដើមវិញនោះរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ បានឣនុញ្ញាតឱ្យម្ចាស់យានយន្តធុនធ្ងន់ និងរថយន្តដឹកទំនិញទាំងអស់អាចធ្វើចរាចរណ៍បានឡើងវិញ គិតត្រឹមម៉ោង១២អធ្រាត្រថ្ងៃទី២០ តុលា ។
តាមរយៈផេកផ្លូវការរបស់លោកអភិបាលខេត្តកំពង់ស្ពឺ បានសរសេរថា «សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដោយស្ថានភាពនៃជំនន់ទឹកភ្លៀងបានវិលទៅរកភាពប្រក្រតីវិញ រដ្ឋបាលខេត្តកំពង់ស្ពឺ អនុញ្ញាតឲ្យលោកលោកស្រីដែលមានមធ្យោបាយដឹកជញ្ជូនធុនធំទាំងអស់អាចប្រកបរបររកស៊ីទទួលទានឡើងវិញបាននៅលើផ្លូវជាតិទាំងអស់ក្នុងខេត្តកំពង់ស្ពឺជាធម្មតាចាប់ពីម៉ោង 00 ថ្ងៃទី២០ តុលា ឆ្នាំ២០២០ នេះតទៅ ជាពិសសេ លោកឣភិបាលក៏សូមឣោយចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ”។
សូមរំលឹកថា កាលពីថ្ងៃទី១៨ តុលា ២០២០ រដ្ឋបាលខេត្ដកំពង់ស្ពឺ បានសម្រេចផ្អាកចរាចរណ៍មួយរយៈដោយសុំឣោយម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនម្ចាស់ការដ្ឋាន មេត្ដាចូលរួមសហការអនុវត្តអោយមានប្រសិទ្ធភាព ដើម្បីរក្សាស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ក្នុងខេត្ត អោយមានភាពល្អប្រសើរវិញ បន្ទាប់ពីរងការជន់ទឹកលេច ។
ក្នុងនោះ គេសង្កេតឃើញ ក្រោយការជូនដំណឹងរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ ស្ដីពីការផ្អាកជាបណ្ដោះអាសន្ននូវការធ្វើចរាចរណ៍រថយន្តធុនធ្ងន់ឆ្លងកាត់តាមផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ ៤១ និងផ្លូវមួយចំនួនក្នុងខេត្ដ មានផ្លូវលេខ១៤១ , ៤៤ មានរថយន្ដដឹកជញ្ជូនទំនិញផ្ទាល់ខ្លួននិងរថយន្តធុនធ្ងន់ ដឹកទំនិញឆ្លងកាត់មកពីខេត្ដព្រះសីហនុ និងរថយន្ដដឹកថ្ម ខ្សាច់ ចេញពីការដ្ឋាន មួយចំនួននៅតែបន្ដធ្វើសកម្មភាព ដដែលនិងមិនបានចូលរួមជួយថែក្សាប្រព័ន្ធផ្លូវថ្នល់ ស្ដាប់តាមការជូនដំណឹងរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ ដោយហេតុផលនេះ សមត្ថកិច្ចនគរបាលចរាចរណ៍បានធ្វើចំណាត់ការ វិធានការរដ្ឋបាល ដោយឃាត់ទុករថយន្ដនៅនិងកន្លែងនិងផាកពិន័យក្នុងករណីនៅតែប្រព្រឹត្ដល្មើសនឹងសេចក្ដីជូនដំណឹងដែលនាំឱ្យមាន ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ។
ការបើកឲ្យដំណើរការឡើងវិញ នាពេលនេះគឺដោយសារតែមើលឃើញពិស្ថានភាពទឹកនាពេលនេះគឺមានភាពល្ឣប្រសើរឡើងវិញ។ ឣ្វីដែលជាការកត់សំគាល់ គឺទឹកដែលជន់លិចបានស្រកជាបណ្ដើរៗអស់ ហើយនិងពុំមានការជន់ជាថ្មីទៀតនោះទើប រដ្ឋបាលសាលាខេត្តអនុញ្ញាតឲ្យមានការចរាចរណ៍ចំពោះរថយន្តធុនធ្ងន់និងដឹកទំនិញផ្សេងបាននាពេលនេះ ។
ចែករំលែកព័តមាននេះ