រាជធានីភ្នំពេញ ៖ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់កោះសន្តិភាព នៅថ្ងៃទី៥ ឧសភា នេះថា ក្នុង១ថ្ងៃមិនក្រោមពី១០នាក់ទេ ដែលនគរបាល និងកងរាជអាវុធហត្ថចាប់
បញ្ជួនជនជាប់សង្ស័យពាក់ព័ន្ធគ្រឿងញៀន ។
មន្ត្រីសាលាដំបូងបន្តថា ក្រៅពីបទល្មើសគ្រឿងញៀន មានបទល្មើសក្រុមបងតូចបងធំវាយកាប់ចាក់គ្នា ជាបទបង្ករបួស បន្ទាប់ពីបទបង្ករបួសស្នាម បទល្មើសប្លន់ ឆក់ លួច និងបទល្មើសចរាចរ ក៏ច្រើននាក់ដែរ ប៉ុន្តែកត់សំគាល់ច្រើនជាងគេ គឺគ្រឿងញៀន ។
មិនខុសពីមន្ត្រីពន្ធនាគារព្រៃសបានឲ្យដឹងដែរថា គ្រាន់តែមណ្ឌលអប់រំកែប្រែម១ សព្វថ្ងៃមានជនជាប់ចោទ និងជនត្រូវចោទជាង៣.០០០នាក់ ដែលខ្លះកាត់ទោស ហើយខ្លះមិនទាន់កាត់ទោស ៦០ទៅ៧០ភាគរយជាប់ពាក់ព័ន្ធគ្រឿងញៀន ។
ជាក់ស្តែងកំលាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាប និងឃាត់ខ្លួនច្រើនជាងគេក្នុងឆ្នាំ២០១៤ និង២០១៥ នេះ ពោលគឺចាប់តាំងពីលោកឧត្តមសេនីយ៍ទោ រត្ន័ ស្រ៊ាង មកកាន់ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
មន្ត្រីអាវុធហត្ថក៏បានអះអាងដែរថា សំបុកក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀនធំជាងគេ និងបង្ក្រាបមិនចេះរីងស្ងួត គឺស្ថិតនៅភូមិត្រពាំងឈូក មុខមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឍ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។
ការបង្ក្រាបនៅចំណុចខាងលើនេះ មិនមែនធ្វើឡើងតែកំលាំងអាវុធហត្ថនោះទេ កំលាំងនគរបាលមូលដ្នានក៏ចុះបង្ក្រាបញឹកញាប់ដែរ តែដូចវែកចក ។ យោងតាមរបាយការណ៍របស់សមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោយចូលឆ្នាំប្រពៃណីខ្មែរកន្លងមកនេះ កំលាំងអាវុធហត្ថបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនប្រមាណជាង៤០នាក់ ខ្លះត្រូវបានសាលាដំបូងឃុំខ្លួនរួចហើយ និងនៅចំនួន១៤នាក់ មានប្រុស មានស្រីរយីងរយោងកំពុងបញ្ជួនទៅឲ្យតំណាងអយ្យការធ្វើការសាកសួរ មិនទាន់ដឹងជោគវាសនាពួកគេត្រូវបញ្ជួនទៅទីណាទៀតនោះទេ ។
សរុបឲ្យខ្លីមកវិញ សំណុំរឿងពាក់ព័ន្ធបទល្មើសគ្រឿងញៀនឈានមុខគេក្នុងចំណោមបទល្មើសជាច្រើនទៀតដែលមន្ត្រីសាលាដំបូងរាជធានីភ្នំពេញទទួលស្គាល់ថា ក្នុង១ថ្ងៃគិតជាមធ្យមមិនក្រោមពី១០នាក់ ដែលសមត្ថកិច្ចចាប់បញ្ជួនមកឲ្យតុលាការឃុំខ្លួន៕
ចែករំលែកព័តមាននេះ