រាជធានីភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានមានប្រសាសន៍ក្នុងន័យព្រមានថា លោកនឹងជម្រុះចោលឱ្យអស់ចំពោះមន្ត្រីណាដែលមិនធ្វើការងារ មានភាពអសកម្ម ហើយលោកក៏កំពុងតែត្រៀមទទួលយកសមាជិកថ្មី ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកីឡាមួយនេះឱ្យមានការរីកចម្រើនផងដែរ ។
លោកមានប្រសាសន៍បែបនេះនៅក្នុងឱកាសធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី២ឈានចូលអាណត្តិទី៣ឆ្នាំ២០២០-២០២៤ នៅទីស្នាក់ការគណៈកម្មធិការជាតិអូឡាំពិកកម្ពុជា កាលពីល្ងាចថ្ងៃទី១៦ តុលា។
លោកនាយឧត្តមសេនីយ៍ប្រធានសហព័ន្ធមានប្រសាសន៍សង្កត់ធ្ងន់ថា ការចូលរួមនៅក្នុងវិស័យកីឡាយានយន្តនេះគឺជាការស្រឡាញ់ចូលចិត្តទាំងអស់គ្នា ហើយក៏មិនរំពឹងថាទទួលបានផលប្រយោជន៍អ្វីនោះដែរ ។ ម្យ៉ាងវិញទៀតប្រភេទកីឡាយានយន្តនេះមិនទាន់បានដាក់បញ្ចូលទៅក្នុងប្រភេទកីឡាអូឡាំពិកនោះទេ វាគ្រាន់តែជាប្រភេទកីឡាកម្សាន្តប៉ុណ្ណោះ ប៉ុន្តែវាក៏ជាកីឡាដែលបានបញ្ជាក់ពីការគោរពច្បាប់ចរាចរណ៍ផងដែរ ។
លោកបន្តថា ពីមុនមកឱ្យតែឮកីឡាប្រណាំងម៉ូតូ ប្រណាំងរថយន្តគឺគេស្អប់គ្រប់គ្នា ព្រោ អីវាបានរោទ៍សំឡេងលាន់ទ្រហឹង ។ គេបានបន្ទោសទៀតថា វាបានបង្កបញ្ហាជាច្រើន ដោយសារតែកាលណោះក្មេងៗបានជិះកាត់វិមានឯករាជ្យ កាត់មហាវិថីធំៗធ្វើឱ្យអ្នកធ្វើដំណើរតាមដងផ្លូវមិនសប្បាយចិត្តរហូតដល់ថ្នាក់ដឹកនាំមួយចំនួនថា ការបើកឱ្យមានសហព័ន្ធកីឡាយានយន្តនេះ នាំឱ្យក្មេងខូចថែមទៀតផង ។
បញ្ហាទាំងអស់នេះលោកបានលើកឡើងថា ចំពោះអ្នកដែលប្រណាំងតាមផ្លូវសុទ្ធតែជាអ្នកអត់ចេះច្បាប់ទម្លាប់។ រីឯក្រុមប្រណាំងមូ៉តូរបស់លោកគឺមានទីលានត្រឹមត្រូវមានជំនាញច្បាស់លាស់ ហើយត្រូវចេះច្បាប់ចរាចរណ៍ទៀតផងទើបអនុញ្ញាតឱ្យមកចូលរួមបាន ។ ដូច្នេះដោយសារតែយើងអនុវត្តបាននិងគោរពច្បាប់ត្រឹមត្រូវបែបនេះហើយ ទើបរហូតមកទល់ពេលនេះ សហព័ន្ធកីឡាយានយន្តកម្ពុជា បានក្លាយជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាយានយន្តអន្តរជាតិរួចទៅហើយ។
ជាមួយគ្នានេះ លោកក៏បានណែនាំនិងជំរុញទៅដល់មន្ត្រីគណៈកម្មការសហព័ន្ធទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងទាំងអស់គ្នាដើម្បីធ្វើឱ្យវិស័យកីឡាមួយនេះមានការរីកចម្រើន ។ សូម្បីតែរូបលោកក៏សន្យាថានឹងចុះចេញពីតំណែងដែរបើសិនជាមានគេដឹងនាំល្អជាង រីកចម្រើនជាង។
លោកប្រធានសហព័ន្ធដែលទើបតែបន្តតំណែងអាណត្តិថ្មីរូបនេះបានបញ្ជាក់ជាចុងក្រោយថា លោកមិនចង់ធ្វើការជាមួយមនុស្សប៉ុន្មាននាក់ហ្នឹងទេ គឺលោកចង់បានការចូលរួមច្រើន ផ្ដល់មតិយោបល់ច្រើនទើបប្រសើរ មានគំនិតថ្មីៗប្រសើរជាងគ្នាតិចមានគំនិតតិច។ ចំពោះសមាជិគណៈកម្មការប្រតិបត្តិអាណត្តិថ្មីបច្ចុប្បន្នមានចំនួន១៩រូប សមាជិកអាណត្តិចាស់៥រូបបានលាលែង និងបានដាក់បញ្ចូលបន្ថែមសមាជិកថ្មីចំនួន៧រូប ៕
ចែករំលែកព័តមាននេះ