រាជធានីភ្នំពេញ ៖ គណៈប្រតិភូវៀតណាមមួយក្រុមដឹកនាំដោយលោកឡេ វ៉ាន់អាញ់ ប្រធានសហព័ន្ធអង្គការមិត្តភាព បានមកដល់កម្ពុជាកាលពីពេលថ្មីៗនេះក្នុងគោលបំណងមកដកស្រង់បទពិសោធន៍ការងារបោសសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលកម្ពុជាទទួលបានស្នាដៃ និងការកោតសរសើរពីបណ្តាប្រទេសនានានៅ ទូទាំងពិភពលោក ។
លោកហេង រតនា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអគ្គនាយកស៊ីម៉ាក់ បានមានប្រសាសន៍ថា គណៈប្រតិភូវៀតណាមមួយក្រុមបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងមកដកស្រង់បទ ពិសោធន៍ការងារបោសសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលកម្ពុជាទទួលបានជោគជ័យក្នុងការងារនេះ ។ គណៈប្រតិភូនោះនឹងចុះទស្សនកិច្ចនៅតាមបណ្តាខេត្តមួយចំនួនផងដែរ ដើម្បីស្វែងយល់អំពីសកម្មភាពជាក់ស្តែងបន្ថែមទៀត សំខាន់ការអប់រំលើការងារកាត់បន្ថយគ្រោះថ្នាក់ ពីយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ។
ទន្ទឹមនឹងការងារខាងលើ ភាគីកម្ពុជាក៏បានបង្ហាញផងដែរនូវផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះ រួមទាំងគោលនយោបាយរំដោះដីធ្លីឱ្យបានកាន់តែច្រើន រហូតចប់សព្វគ្រប់ ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរបទពិសោធន៍គ្នាលើការងារមួយចំនួនទៀតដែលពាក់ព័ន្ធនឹងការដោះគ្រាប់មិនទាន់ផ្ទុះ និងវិធានការអប់រំដល់ប្រជាពលរដ្ឋបញ្ចៀសផុតពីគ្រោះថ្នាក់ដោយសារគ្រាប់មីន ។
លោកហេង រតនា បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាម គឺជាការ ពង្រឹងបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សំដៅធានាភាពជោគជ័យលើកិច្ចការបោសសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ សំខាន់គ្រាប់មីននៅក្នុងប្រទេសកម្ពុជា និងវៀត
ណាម ។
លោកឡេ វ៉ាន់អាញ់ ប្រធានប្រតិភូភាគី វៀតណាមបានសំដែងនូវចំណាប់អារម្មណ៍ខ្ពស់ ចំពោះបទពិសោធន៍ដែលទទួលបានពីភាគីកម្ពុជា ហើយលោកគិតថា បទពិសោធន៍ទាំង នោះអាចនឹងជួយដល់ភាគីរបស់លោកក្នុងការអនុវត្តការងារបោសសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅប្រទេសវៀតណាម ។ លោកអាញ់ បានថ្លែងថា ស្ថានភាពទូទៅរវាងប្រទេសវៀតណាម និងកម្ពុជាមានភាពប្រហាក់ប្រហែលគ្នា ខណៈពេលដែលប្រទេសទាំងពីរបានឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃ និងបន្សល់ទុកនូវគ្រាប់មិនទាន់ផ្ទុះច្រើន ដែល កំពុងគំរាមកំហែងដល់ជីវិតប្រជាពលរដ្ឋ ។ ប៉ុន្តែអាស្រ័យដោយកម្ពុជាមានបទពិសោធន៍ច្រើន និងល្អជាងវៀតណាម ទើបភាគីវៀតណាមចាំបាច់ត្រូវមកស្រង់បទពិសោធន៍ទាំងនោះពីភាគីកម្ពុជា៕
ចែករំលែកព័តមាននេះ