ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក លី ច័ន្ទ​តុលា ក្លាយ​ជា​ប្រធាន​​គណៈមេធាវី​អាណត្តិទី​១៣ ជាមួយ​សំឡេងគាំទ្រ​លើសលប់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាសន្និបាត​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៣ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០ នៅ សណ្ឋាគារ​រ៉េ​ស៊ី​ដង់​សុខា​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​លោក សួន…

រាជធានី​ភ្នំពេញ ៖ មហាសន្និបាត​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៣ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០ នៅ សណ្ឋាគារ​រ៉េ​ស៊ី​ដង់​សុខា​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​លោក សួន វិសាល ប្រធាន​គណៈមេធាវី​ផុត​អាណត្តិ លោក អ៊ុ​ក សា​វុ​ធ អគ្គ​ព្រះរាជអាជ្ញា នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ រួម​ទាំង​បេក្ខជន សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី និង​មេធាវី​សហ​ភាតា​ជាង ១០០០ នាក់ ។

មហាសន្និបាត​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៣ នេះ មាន​បេក្ខជន​៥ រូប ៖
១-លោក​មេធាវី លី ច័ន្ទ​តុលា មក​ពី​ក្រុមហ៊ុន​មេធាវី អេស វី ភី
២-​លោក​មេធាវី កែ​ត ឃី មក​ពី​ក្រុម​មេធាវី​ពន្លឺយុត្តិធម៌
៣-​លោក​មេធាវី សំ សុខ​គង់ មក​ពី​ក្រុម​មេធាវី ប៊ី​ប៊ី​ស៊ី
៤-លោក​មេធាវី សូ សូ​វាន
៥-លោក​មេធាវី សេក សោ​ភ័​ណ្ឌ មក​ពី​ការិយាល័យ​មេធាវី រ៉ៃ & ប៊ី​ស៊ី​នី​ស ។

លទ្ធផល​គឺ​លោក​មេធាវី លី ច័ន្ទ​តុលា អត្តលេខ​៥៨១ សមាជិក​គណៈ​មេធា វី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ជានា​យក​នៃ​ក្រុមហ៊ុន​មេធាវី អេស​.​វី​.​ភី ត្រូវ បាន​ជាប់​ជា​(​ប្រធាន​)​គណៈមេធាវី​អាណត្តិ​ទី​១៣ ដែល​មាន​សំឡេង​គាំទ្រ​ច្រើ ន​លើសលប់ រហូត​ដល់​១.៤៤៤ សំឡេង​ស្មើ នឹង​៧៨.៦៥ ភាគរយ នឹង​ត្រូវ​ជាប់​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៣ នេះ ។

បន្ទាប់​មក​លោក​មេធាវី កែ​ត ឃី ក្រុម​មេធាវី​ពន្លឺយុត្តិធម៌ ទទួល​បាន​សំឡេង ១៣០ ស្មើនឹង ៧.០៩ ភាគរយ ។​.​លោក​មេធាវី សំ សុខ​គង់ មក​ពី​ក្រុម​មេធាវី ប៊ី​ប៊ី​ស៊ី ទទួល​បាន​សំឡេង ៥៦ ស្មើនឹង ៣.០៥​ភាគរយ ។​.​លោក​មេធាវី សូ សូ​វាន ទទួល​បាន ៤១​សម្លេង ស្មើនឹង​២.២ ភាគរយ ។

និង លោក​មេធាវី សេក សោ​ភ័​ណ្ឌ មក​ពី​ការិយាល័យ​មេធាវី រ៉ៃ & ប៊ី​ស៊ី​នី​ស ទទួល​បាន​សំឡេង​គាំទ្រ ២៦ ស្មើនឹង ១.៤២ ភាគរយ ។

បន្ទាប់​ពី​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​លោក លី ច័ន្ទ​តុលា បាន​ឡើង​ប្តេជ្ញា​ចិត្ត​តាម​គោល​ការ​៨​ចំណុច ដូចដែល​លោក​ធ្លាប់​បាន​ប្រកាស​ជា​ឧឡា​ឬក កន្លង​មក ៖
១-រឹត​បន្តឹង​ការ​សុំ​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​តាម​បទ​ពិសោធន៍ (​មាត្រា​៣២) និង ការ​ប្រឡង​ចូល​ជា​មេធាវី (​មាត្រា​៣១) ដោយ​យកគុណ​ភាព​និង​សមត្ថភាព​ជា​គោល ។

២-​ពង្រឹង​និង​លើកកម្ពស់​សមត្ថភាព​មេធាវី តាម​រយៈ​ការ​បង្កើន​វគ្គ​បណ្តុះបណ្តាល សិក្ខាសាលា ការ​ដកស្រង់ និង ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ទស្សនកិច្ច​សិក្សា ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស​។

៣-​ពង្រឹង​កិច្ចសហការ ការ​ផ្តល់​តម្លៃ និង ការ​យោគយល់​គ្នា​ជាមួយ​ស្ថាប័ន​ជាតិ និង អន្តរជាតិ ជា​ពិសេស​ជាមួយ​ស្ថាប័ន​នគរបាល​យុត្តិធម៌ ពន្ធនាគារ និង ស្ថាប័ន​តុលាការ ។

៤-​បង្កើន​ការ​ផ្សព្វផ្សាយ​អោយ​បាន​កាន់តែ​ទូលំទូលាយ​អំពី​តួនាទី​របស់​មេធាវី និង កិច្ចការ​ទាំងឡាយ​ដែល​មេធាវី​អាច​ផ្តល់​អោយ​អតិថិជន ។

៥-ពង្រីក​ទំហំ​ការងារ​ដែល​មេធាវី​អាច​ផ្តល់​អោយ​អតិថិជន អោយ​បាន​កាន់តែ​ច្រើន និង ប្រឆាំង​នឹង​ការ​ប្រកួតប្រជែង​ខុសច្បាប់​ពី​សំណាក់​បុគ្គល​ដែល​មិន​មាន​សិទ្ធិ​ជា​មេធាវី ។
៦-បង្កើន​យន្តការ​ផ្តល់​តម្លៃ និង កិត្តិយស​ដល់​មេធាវី​ដែល​មាន​ស្នាដៃ​លេចធ្លោ​នៅ​ក្នុង​ការ​ជួយ​ដល់​គណៈមេធាវី វិជ្ជាជីវៈ​មេធាវី និង កិច្ចការ​យុត្តិធម៌​នៅ​ក្នុង​សង្គម ។

៧-​បន្ត​អនុវត្ត​និង​ពង្រឹង​យន្តការ​សុ​ខុ​មា​ភាព​មេធាវី​ទាំងអស់ ជា​ពិសេស​យន្តការ​ទាក់ទង​នឹង​មូលនិធិ​សម្រាប់​ជួយ​ដល់​មេធាវី​ដែល​មាន​វ័យចាស់ និង មាន​ជំងឺ​ធ្ងន់ធ្ងរ ។
៨-​បង្កើន​អន្តរ​កម្ម​រវាង​គណៈមេធាវី​និង​មេធាវី​ទាំងអស់ និង ការ​ផ្តល់​សេវា​ឲ្យ​បាន​កាន់តែ​ច្រើន​ជូន​ដល់​មេធាវី​ទាំងអស់ ។

ខាងក្រោម​នេះ​ជា​ប្រវត្តិ​ខ្លះ​ៗ របស់​លោក​មេធាវី លី ច័ន្ទ​តុលា ៖
លោក​មេធាវី លី ច័ន្ទ​តុលា កើត​នៅ​ក្នុង​ឆ្នាំ​១៩៧៨ ជា​កូនពៅ​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​មធ្យម មាន​ឪពុក​ជា​អតីត​មេឃុំ ម្តាយ​ជា​អ្នកចំការ និង​មាន​បងប្អូន​ប្រុស​ស្រី​បង្កើត​ចំនួន​១០​នាក់ ។ លោក​បាន​រៀន​ចប់​វិទ្យាល័យ​ច្បារ អំពៅ​នៅ​ក្នុង​ឆ្នាំ​១៩៩៥ និង​បាន​បញ្ចប់​បរិញ្ញាប័ត្រ​ច្បាប់ឯកជន នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ​១៩៩៩ ។

លោក​ជា​និស្សិត​ឆ្នើម​ម្នាក់​នៅ​ចុងឆ្នាំ​១៩៩៩ លោក និង មិត្ត​ភ័ក្ត្រ​បី​នាក់​ផ្សេង​ទៀត ដែល​ក្នុង​នោះ​បច្ចុប្បន្ន​ម្នាក់​ជា​ភរិយា​របស់​លោក និង ម្នាក់​ទៀត​ជា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ​លោក​ កើត រិ​ទ្ធិ បាន​ទទួល​អាហារូបករណ៍​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​បារាំង ដើម្បី​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង និង​បាន​ទទួល បរិញ្ញាប័ត្រ​ច្បាប់ឯកជន នៅ​សាកលវិទ្យាល័យ LUMIERE LYON 2 នៅ​ក្នុង​ឆ្នាំ​២០០០ ជាមួយ​និទ្ទេស​ល្អ និង បាន​ទទួល​សញ្ញាប័ត្រ​អនុ​បណ្ឌិត​ច្បាប់ឯកជន​ពី​សកល​វិទ្យាល័យ JEAN MOULIN LYON 3 ក្នុង​ឆ្នាំ​២០០ ២ ។

លោក និង​មិត្ត​របស់​លោក ២​នាក់​បាន​សម្រេចចិត្ត វិល​ត្រលប់​មក​មា​តុ ប្រទេស​វិញ​នៅ​ដើមឆ្នាំ​២០០៣​។ លោក លី​ច័ន្ទ​តុលា ចេះ​និយាយ​ភាសា​បរ ទេស ២​ភាសា​គឺ ភាសា​បារាំង​និង​អង់គ្លេស និង​តាំងពី​ពេល​នោះ​មក លោក​បាន​ធ្វើ​ជា​សាស្ត្រាចារ្យ​ច្បាប់​តាម​សកល​វិទ្យាល័យ​នានា ដូច​ជា​សកលវិទ្យា ល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច សកល​វិទ្យាល័យ​បៀ​ល ប្រាយ និង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មេធាវី រហូត​មក​ដល់​បច្ចុប្បន្ន ដោ យ​ការ​បង្រៀន​មាន​ទាំង​បង្រៀន​ជា​ភាសាជាតិ និង​ជា​ភាសាបរទេស ។

លោក លី ច័ន្ទ​តុលា បាន​បម្រើ​ការងារ​ជា​ក្រឡាបញ្ជី​នៃ​សហ​ចៅក្រម​ស៊ើប អង្កេត​អន្តរជាតិ​នៅ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​សាលាក្តី​ខ្មែរក្រហម​)​ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១៣ ។ លោក​បាន​ក្លាយជា​មេធាវី​នៅ ក្នុង​ឆ្នាំ​២០០៨ និង​បាន​បង្កើត​ក្រុមហ៊ុន​មេធាវី អេស​.​វី​.​ភី ពី​ឆ្នាំ​២០១៥ មក ដល់​បច្ចុប្បន្ន ។ លោក​ក៏​បាន​ទទួល​ការ​តែង​តាំងពី​ព្រះមហាក្សត្រ​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ក្នុង​ឆ្នាំ ២០០៩ និង​បន្ទាប់​មក​ត្រូវ​បាន​តម្លើង​ឋានៈ​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ពី​ឆ្នាំ​២០១៨ មក ។

ដោយសារ​សមត្ថភាព​ការងារ​របស់​លោក សីលធម៌​ល្អ ទំនាក់ទំនង​ល្អ របស់​លោក​ក៏​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹ ក្សា​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​៧ ពី​ឆ្នាំ​២០១២ ដល់ ឆ្នាំ ២០១៥ ។

ចុង​ក្រោយ​នេះ លោក​បាន​ទទួល​ការ​តែង​តាំងពី​ព្រះ​មហា​ក្ស ត្រ​ជា​មេធាវី​រាជរដ្ឋាភិបាល នៅ​ខែមីនា ឆ្នាំ​២០១៩ ។ នៅ​ក្នុង​រយៈពេល​ធ្វើការ ងារ​ពី​ឆ្នាំ ២០០៣ មក​ដល់​បច្ចុប្បន្ន ជា​ញឹកញាប់​និង​ជា​បន្តបន្ទាប់ លោក លី ច័ន្ទ​តុលា បាន​ក្លាយជា​អ្នក​រៀបរៀង​សេចក្តីព្រាងច្បាប់ អ្នក​ប្រឹក្សា​ច្បាប់ និង​ជា​វាគ្មិន​កិត្តិយស​តាម​រយៈ​វេទិការ​នានា តាម​បណ្តា​គម្រោង​ជាតិ និង​អន្តរជាតិ​ធំ​ៗ និង​តាម​ក្រសួង​ស្ថាប័ន​ផ្សេង​ៗ ដូច​ជា​ក្រសួងពាណិជ្ជកម្ម ក្រសួង​ការ ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល ក្រសួង វប្បធម៌ និង​វិចិត្រសិល្បៈ អង្គការ​អ្នក​ប្រើប្រាស់​អន្តរជាតិ (Consumer International) អង្គការ​ពលកម្ម​អន្តរជាតិ (ILO) សន្និសីទ​អង្គការ​សហ​ប្រ ជា​ជាតិ​ស្តី​ពី​ជំនួញ និង​ការ​អភិវឌ្ឍន៍ (UNCTAD) ។ ល​។

លោក លី ច័ន្ទ​តុលា បាន​រៀប​ការ​នៅ​ក្នុង​ឆ្នាំ ២០០១ និង​មានកូន​ប្រុស​ស្រី​ជំទង់​៣​នាក់ ភរិយា​របស់​លោក​ក៏​ជា​មេធាវី​កំពុង​ប្រកប​វិជ្ជាជីវៈ​នេះ​ដែរ ។

បាន​សង្កេត​ឃើញ​ថា លោក លី ច័ន្ទ​តុលា មិន​ត្រឹមតែ​បាន​ធ្វើ​កិច្ចការ​នៅ​គ្រប់​ទីកន្លែង​នោះ​ទេ លោក​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ការពារ​និង​ប្រកប​វិជ្ជាជីវៈ​មេធាវី ។ ជា​ញឹកញាប់​តែងតែ​ឃើញ​លោក​មេធាវី លី ច័ន្ទ​តុលា ពាក់អាវ​ផាវ​របស់​មេធាវី ឡើង​ការពារ​ក្តី​នៅ​តុលាការ​ដែរ ។ ហេតុ​ដូច្នេះ ប្រាកដ​ណាស់​ដែល​ថា លោក​មេធាវី លី ច័ន្ទ​តុលា បានដឹង​យ៉ាង​ច្បាស់​អំពី​ចំណុច ខ្លាំង ចំណុចខ្សោយ ទុក្ខ​លំបាក​និង​បញ្ហា​ប្រឈម​របស់​មេធាវី​នានា ដូចដែល​គាត់​បាន​លើក​ឡើង​នេះ ។

តាម​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​មេធាវី​ផ្សេង​ៗ ស្តី​អំពី​លោក​មេធាវី លី ច័ន្ទ​តុលា បាន​ឲ្យ​ដឹង​ថា អ្វី​ដែល​ពួក​គាត់​ពេញចិត្ត​លោក​មេធាវី លី ច័ន្ទ​តុលា លក្ខណៈ​ពិសេស​ដាច់​គេ​របស់​លោក​ទាំង​ការ​រៀន សូត្រ ទាំង​បទ​ពិសោធ​ន៌​ការងារ និង​មានចំណេះ​ខ្ពង់ខ្ពស់​នៅ​ក្នុង​វិស័យ​ច្បាប់​គ្រប់​វិស័យ​ទាំង​ការ​អនុវត្ត​ច្បាប់​និង​ការ​ចូលរួម​តាក់តែង​ច្បាប់ ។ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពេញចិត្ត​កាន់តែ​ខ្លាំង​នោះ គឺ​លោក លី ច័ន្ទ​តុលា ជា​បុគ្គល​ដែល​មាន​សីលធម៌​ខ្ពស់​នៅ​ក្នុង​វិជ្ជាជីវៈ មាន​ទំនាក់ទំនង​ល្អជា​មួយ​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន និង គ្រប់​ជាន់ថ្នាក់ និង មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ នៅ​ក្នុង​ការងារ​របស់​លោក ។

មេធាវី​ជា​ច្រើន​នាក់​បាន​លើក​ឡើង​ថា ពួក​គាត់​ជឿជាក់​លើ សមត្ថ ភាព និង គុណសម្បត្តិ​ផ្សេង​ៗ​របស់​លោក​មេធាវី លី ច័ន្ទ​តុលា និង​បន្ថែម ថា​លោក​មេធាវី លី ច័ន្ទ​តុលា នឹង​ដឹកនាំ​គណៈ​មេ​មេធាវី​ឆ្ពោះទៅ​រក​ឧត្តមភាព​និង កិត្យានុភាព​នៃ​វិជ្ជាជីវៈ​មេធាវី​របស់​ពួក​គាត់​ទាំងអស់​គ្នា​បាន ។

តាម​ការ​ផ្តល់​បទ​សម្ភាស​ន៌​ជាមួយ​អ្នក​សារព័ត៌មាន លោក​មេធាវី លី ច័ន្ទ​តុលា បាន​មាន​ប្រសា​ស​ន៌​ថា «​ខ្ញុំ​នឹង​ដឹកនាំ​គណៈមេធាវី ឆ្ពោះទៅ​រក​ឧត្តមភាព​និង​កិត្យានុភាព​នៃ​វិជ្ជាជីវៈ ដោយ​សន្យា​ថា នឹង​បន្ត​និរន្តរភាព​នៃ​អ្វី​ដែល​កំពុង​តែ​បាន​ធ្វើ​ដោយ​ប្រសើរ​រួច​ហើយ​នា​ពេល​បច្ចុប្បន្ន និង អនុវត្ត​នូវ​អ្វី​ដែល​ជា​កិច្ចការ​ចាំបាច់ ដោយ​គោរព​តាម​គោល​ការ​ណ៌​ដឹកនាំ​ទាំង​៨​ចំណុច​របស់ខ្ញុំ​» ដូច​បាន​ប្តេជ្ញា​ចិត្ត​ខាងលើ​នេះ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ