ខេត្តរតនគិរី+មណ្ឌលគិរី ៖ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងរយៈពេល៣ថ្ងៃពីថ្ងៃទី១៤ដល់ទី១៦ មេសា ឆ្នាំ២០១៥ មានអ្នកទេសចរច្រើនទៅទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ។
បើយោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តរតនគិរីឱ្យដឹងថា អ្នកទេសចរសរុបក្នុងឱកាសបុណ្យចូលឆ្នាំថ្មីមានចំនួន៦៥.៧២០នាក់ ក្នុងនោះមានអ្នកទេសចរជាតិ ចំនួន៦៥.២៣៧នាក់ និងអ្នកទេសចរអន្តរជាតិ៤៨៣នាក់ ។ អ្នកទេសចរសរុបកើនឡើង៦,៩៩% បើប្រៀបធៀបនឹងឆ្នាំ២០១៤ ។
នៅតាមរមណីយដ្ឋាន និងក្រុងបានលុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមានរៀបចំលេងល្បែងប្រជាប្រិយ និងរាំវង់ រាំក្បាច់ ព្រមទាំងតាំងពិព័រណ៍វត្ថុអនុស្សាវរីយ៍ និងម្ហូបអាហារសម្រាប់លក់ដូរជូនអ្នកទេសចរជាតិ និងអន្តរជាតិ ។ ក្នុងបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បានដាក់តាំងភ្លើងចម្រុះពណ៌លម្អតាមដងផ្លូវជាតិលេខ៧៨ និងតាមដងផ្លូវ សំខាន់ៗ ក្នុងស្រុក ព្រមទាំងបានរៀបចំពិធីយ៉ាងអធិកអធម ទទួលអបអរសាទរឆ្នាំថ្មី ព្រមទាំងបាញ់កាំជ្រួចតូច ធំ ភ្លឺរន្ទោលចម្រុះពណ៌ពេញផ្ទៃវេហា ។
នៅតាមរមណីយដ្ឋានមានការសម្តែងរបាំគងរបស់ជនជាតិដើមភាគតិច ចាក់ធុងបាស់រាំកម្សាន្ត និងលេងល្បែងប្រជាប្រិយដូចជាវាយក្អម បោះអង្គញ់ជាដើម ។ ទាំងនេះសុទ្ធសឹងជាការផ្តើមឡើងពីលោកថង សាវុន អភិបាលខេត្ត ដើម្បីអបអរសាទរទទួលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង និងក៏ដូចជាទទួលអ្នកទេសចរជាតិ និងអន្តរជាតិក្នុងដំណើរកម្សាន្តនៅខេត្តរតនគិរី ។
នៅតាមរមណីយដ្ឋានមានការគ្រប់គ្រងបរិស្ថាន សណ្តាប់ធ្នាប់បានល្អប្រសើរដោយរៀបចំចំណតរថយន្ត និងម៉ូតូឱ្យមានរបៀបរៀបរយ ប៉ុន្តែការគ្រប់គ្រងកាកសំណល់នៅពុំទាន់បានល្អ១០០០%នៅឡើយ ។
តម្លៃដឹកជញ្ជូនអ្នកដំណើរការកើនឡើងបន្តិចបន្តួចក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី គឺកើនឡើងពី៥ម៉ឺនរៀលទៅ៦ម៉ឺនរៀល ។ ថ្លៃស្នាក់នៅសណ្ឋាគារ និងផ្ទះសំណាក់កើនឡើង៥ដុល្លារ លើសតម្លៃធម្មតា ។ ទោះជាយ៉ាងណាក្តី មានបន្ទប់គ្រប់គ្រាន់សម្រាប់ទទួលភ្ញៀវ ចំពោះតម្លៃម្ហូបអាហារនៅតាមរមណីយដ្ឋានមានការប្រែប្រួលបន្តិចបន្តួច ។
ដោយឡែកបញ្ហាសន្តិសុខ សុវត្ថិភាពវិញមានគ្រោះថ្នាក់ចរាចរ៤លើក បណ្តាលឱ្យមានអ្នកស្លាប់ចំនួន១០នាក់ របួសធ្ងន់៧នាក់ របួសស្រាល៨នាក់ ខូចខាតម៉ូតូ៤គ្រឿង រថយន្ត២គ្រឿង ។ គ្រោះថ្នាក់ចរាចរប្រៀបនឹងឆ្នាំមុនថយចុះ ។
នៅខេត្តមណ្ឌលគិរីវិញ អ្នកទេសចរនិយមចូលចិត្តគយគន់ទេសភាពធម្មជាតិ ស្រូបយកខ្យល់អាកាសបរិសុទ្ធលើកំពូលភ្នំ ក៏ដូចជាទស្សនា និងងូតទឹកជ្រោះដ៏ស្រស់ត្រកាល ដូច្នេះហើយពួកគាត់មិនជិនណាយពីខេត្តមណ្ឌលគិរីឡើយ ។ ក្រៅពីនោះ ខេត្តមណ្ឌលគិរីក៏ទាក់ទាញអ្នកទេសចរអន្តរជាតិផងដែរ ដោយការជិះដំរីកម្សាន្តក្នុងព្រៃ ទស្សនា និងឈ្វេងយល់ពីទំនៀមទម្លាប់វប្បធម៌ក៏ដូចជាការរស់នៅរបស់ជនជាតិដើមភាគតិច ។
រមណីយដ្ឋានទឹកជ្រោះប៊ូស្រានៅតែជាគោលដៅទី១ សម្រាប់អ្នកទេសចរកម្សាន្តក្នុងខេត្តមណ្ឌលគិរី ។ ក្រៅពីនេះនៅមានរមណីយដ្ឋានច្រើនកន្លែងទៀតរង់ចាំទទួលអ្នកទេសចរពីគ្រប់មជ្ឈដ្ឋាន ដូចជារមណីយដ្ឋានវប្បធម៌ភ្នំដោះក្រមុំ ជាកន្លែងសក្ការបូជាដ៏សក្តិសិទ្ធិ រមណីយដ្ឋានសមុទ្រឈើ រមណីយដ្ឋានទឹកជ្រោះដំណាក់ស្តេច ទឹកជ្រោះរមនា ទឹកជ្រោះជ្រៃធំ ទឹកជ្រោះក្បាលព្រះ ចម្ការកាហ្វេ ភ្នំណាំលៀជាដើម ។
ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីលោកងិន សុវិមាន ឲ្យដឹងថា ក្នុងរយៈពេលបីថ្ងៃនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានអ្នកទេសចរទៅខេត្តមណ្ឌលគិរីសរុបចំនួន១២.៩៨៤នាក់ ក្នុងនោះភ្ញៀវជាតិចំនួន១២.៦៨៩នាក់ និងភ្ញៀវអន្តរជាតិចំនួន២៩៥នាក់ ។ តួលេខនេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានការកើនឡើង៩,៥៦% ក្នុងនោះភ្ញៀវជាតិកើនឡើង៩,៤៥% ភ្ញៀវអន្តរជាតិកើនឡើង១៤,៧៨% ។
លោកប្រធានមន្ទីរទេសចរណ៍ឲ្យដឹងថា ចំពោះសន្តិសុខ និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់អ្នកទេសចរក្នុងខេត្តមណ្ឌលគិរី មិនមានជួបប្រទះបញ្ហាអ្វីឡើយ ៕
ចែករំលែកព័តមាននេះ