ខេត្តកំពត ៖ ក្រោយពីមានរឿងវិវាទដីធ្លីរវាងក្រុមហ៊ុនសូ ងួន ជាមួយក្រុមពលរដ្ឋ២២៦គ្រួសារ អស់រយៈពេលច្រើនថ្ងៃមកនោះ ពេលនេះ បានឈានដល់ចំណុចឯកភាពគ្នាប្រកបដោយផ្លែផ្កាហើយ បន្ទាប់ពីភាគីទាំង២បានជួបប្រជុំពិភាក្សាទល់មុខគ្នា អស់ពេលច្រើនម៉ោង នាព្រឹកថ្ងៃទី១៣ តុលា ឆ្នាំ២០២០ នៅស្នាក់ការក្រុមហ៊ុន សូ ងួន ក្នុងតំបន់ភ្នំថ្លាន់១០០ ភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំទល់មុខគ្នានោះ បានរកដំណោះស្រាយក្នុងរឿងវិវាទទំនាស់ដីធ្លី ដោយមានការចូលរួមគឺភាគីក្រុមហ៊ុន គឺមានលោកឧកញ៉ា សូ ងួន ជាម្ចាស់ដី ៦៣០០ហិកតា ដែលជួលពីក្រសួងកសិកម្មដើម្បីអភិវឌ្ឍនៅតំបន់នោះ ចំណែកភាគីប្រជាពលរដ្ឋ មានតំណាងប្រជាពលរដ្ឋ និងលោកស្រី ងួន មករា មេធាវីការពារក្តីឲ្យប្រជាពលរដ្ឋ២២៦គ្រួសារ ដែលមានផ្ទៃដីរបស់ប្រជាពលរដ្ឋចំនួន១០៥០ហិកតា ក្រុម ហ៊ុនទទួលស្គាល់ ។ ហើយក៏ដោយមានការចូលរួមពីគណៈកម្មការចម្រុះខេត្តកំពត មានមន្ត្រីខាងមន្ទីកសិកម្ម មន្ត្រីសូរិយាដី និងភូមិបាលខេត្ត រួមនិងមន្ត្រីស្ថាប័នពាក់ព័ន្ធច្រើនទៀតផងដែរ ។
ក្នុងឱកាសជួបប្រជុំគ្រប់គ្នានោះ ភាគីទាំងអស់បានទាញយកឯកសារមកបង្ហាញ
លើតុរៀងៗ ខ្លួន ដោយជជែកគ្នាជាច្រើនម៉ោង រហូតឈានដល់ចំណុចឯកភាពគ្នាទាំងស្រុង ពោលគឺឯកភាពដោយសន្តិវិធី បោះបង្គោលព្រំដីឱ្យបានជាក់លាក់ទៅតាមយាមការដែលមាន ដោយមានមន្ត្រីជំនាញចូលរួមនាថ្ងៃបន្តបន្ទាប់ ហើយបើរកឃើញថា ភាគគឺណារំលោភចូលយកដីខាងភាគីណា នោះត្រូវដកខ្លួនចេញដោយសន្តិវិធី ដើម្បីបញ្ចប់វិវាទនោះ និងពុំមានការរំលោភបំពានទៀតទេ ។ ដោយឡែក លោកឧកញ៉ា សូ
ងួន បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន ពាក់ព័ន្ធហេតុការណ៍ខាងលើនេះថា ក្រុម ហ៊ុនបានជួលដីសម្បទានសេដ្ឋកិច្ចពីក្រសួងកសិកម្មរយៈពេល៥០ឆ្នាំ ដីមានប្លង់រឹងទំហំ ៦៣០០ហិចតា នៅភូមិខាងលើនេះ ដើម្បីដាំចេកលឿងនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រីផងដែរ ។
លោកឧកញ៉ាបញ្ជាក់ថា ភាគីលោកឧកញ៉ា និងភាគីលោកឧកញ៉ា ប៉ែន នួន ដែលមានលោក ងួន វីរៈ និងលោកជំទាវ ច្រឹង ប៊ុនធឿន ជាតំណាង និងលោកស្រីមេធាវី ងួន
មករា បានឯកគ្នាដោយសន្តិវិធីហើយ ហើយយល់ព្រមឱ្យបង្កើតគណៈកម្មការចម្រុះប្រជុំដោះស្រាយ ដើម្បីចុះវាស់ព្រំដីជាថ្មី និងព្រមទទួលយកតាមយាមការដែលមាន ព្រោះកន្លងមកក្នុងដី វិវាទនេះមិនទាន់បានបោះព្រំជាក់លាក់ បង្កឱ្យមានវិវាទកើតឡើងប៉ុន្មានថ្ងៃកន្លងមកនេះ ។
លោកឧកញ៉ា សូ ងួន បញ្ជាក់ទៀតថា ក្រុមហ៊ុនត្រូវចំណាយប្រាក់រាប់រយលានដុល្លារអាមេរិកដើម្បីរៀបចំសាងសង់រោងចក្រ ជីកស្រះ និងត្រូវការកម្មករច្រើនពាន់នាក់ ដោយមានផ្ទះស្នាក់នៅដែលក្រុមហ៊ុនធ្វើឱ្យ និងផ្តល់ប្រាក់ខែ ២០០ ទៅ៣០០ដុល្លារអាមេរិកក្នុង១ខែទៀតផង ។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ២២៦គ្រួសារ មានការត្រេកអរយ៉ាងខ្លាំង រហូតខ្លះហូរទឹកភ្នែកមិនដឹងខ្លួន ព្រោះសប្បាយចិត្តក្នុងដំណោះស្រាយនេះ និងបានលើកដៃអរគុណដល់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ៕
ចែករំលែកព័តមាននេះ