ខេត្តក្រចេះ ៖ មន្ទីរទេសចរណ៍ខេត្តក្រចេះ និងអង្គការ WWF បានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយស្ដីពី ការបង្កើតសហគមន៍អេកូទេសចរណ៍ ជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក-ឃុំភូមិទាំង 7 ក្នុងគោលបំណងផ្សព្វផ្សាយការអនុវត្តគម្រោង សហគមន៍អេកូទេសចរណ៍ឃុំជ្រោយបន្ទាយ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការបង្កើតការងារពីវិស័យទេសចរណ៍ ចូលរួមអភិរក្សធនធានធម្មជាតិ ស្របតាមគោលនយោបាយ ជាតិអេកូទេសចរណ៍ឆ្នាំ 2019-2030 របស់រាជរដ្ឋាភិបាល ក្នុងការកែច្នៃតំបន់ការពារធម្មជាតិ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋានប្រកបដោយសមធម៌ សក្ដិសិទ្ធភាព និងកាត់បន្ថយការចំណាក់ស្រុកប្រកបដោយប្រសិទ្ធភាពផងដែរ ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការបង្កើតសហគមន៍អេកូទេសចរណ៍ ជ្រោយបន្ទាយ នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ថ្មីៗនេះ លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា ការផ្សព្វផ្សាយគម្រោងនេះ ដើម្បីបង្ហាញជូនប្រជាសហគមន៌អោយយល់ដឹងអំពី ៖

ទី១-សារៈសំខាន់ សាវតា និងគោលបំណងនៃការអនុវត្ត គម្រោងសហគមន៍អេកូទេសចរណ៍ចូលបន្ទាយ។
ទី២- បង្ហាញពីដំណាក់កាលជ្រើសរើស និងរៀបចំរចនាសម្ព័ន្ធគណៈកម្មការគ្រប់គ្រង ។
ទី៣- ដំណើរកាលជ្រើសរើស ក្រុមសេវាកម្ម និងបង្កើតផលិតផលទេសចរណ៍ និង
ទី៤- ទស្សនទាន នឹងដំណើរការទេសចរណ៍សហគមន៍ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ ស្ដីពីការអភិវឌ្ឍទេសចរណ៍តាមជនបទកាន់តែល្អប្រសើរស្របទៅនឹងស្ថានភាពបច្ចុប្បន្ន ។

លោកបញ្ជាក់ថា តាមរយៈគម្រោងនៃកិច្ចសហការនាពេលដ៏ខ្លីខាងមុខសង្ឃឹមថាខេត្តក្រចេះ នៅមានតំបន់សក្ដានុពលទេសចរណ៍មួយបន្ថែមទៀតដែលមានការទទួលខុសត្រូវច្បាស់លាស់ និងមានសេវាកម្មទេសចរណ៍អាចទទួលបម្រើជូនភ្ញៀវជាតិ និងអន្តរជាតិឲ្យមកទស្សនាបាន នោះគឺសហគមន៍អេកូទេសចរណ៍ជ្រោយបន្ទាយ និយាយដោយឡែក គឺតំបន់កោះព្រហ្មចារី ។
មន្ត្រីប្រតិបត្តិអង្គការ WWF ប្រចាំនៅខេត្តក្រចេះបានទទួលស្គាល់ថា ប្រជាពលរដ្ឋនៅក្នុងភូមិ-ឃុំទាំង7នេះ កន្លងមក ភាគច្រើនពិតជាបានពឹងផ្អែកទៅលើផលអនុផលព្រៃឈើ និងធនធានជីវចំរុះ តាមដងទន្លេ មេគង្គដូចជាការធ្វើនេសាទនិងការរកស៊ីកាប់ឈើលក់។

លោកអះអាងថា ៖ អង្គការ WWF នឹងបន្តសហការក្នុងការបង្កើតសហគមន៌អេកូទេសចរណ៍ ដើម្បីឲ្យពួកគេមានចំណេះដឹង ហើយពួកកាត់ផ្លាស់ប្ដូទម្លាប់មករកស៊ីតាមយរៈសេវាកម្មទេសចរណ៍ ដើម្បីការបង្កើនប្រាក់ចំណូលបន្ថែមសំរាប់សេវាកម្មក្នុងសហគមន៍របស់គាត់វិញ ។
សូមបញ្ជាក់ថា៖ តំបន់អេកូទេសចរណ៍ធម្មជាតិ ខេត្តក្រចេះមានចំនួន4 និងមានប្រជាពលរដ្ឋ ជិត 40% ក្នុងសហគមន៍កំពុងអាស្រ័យផលពីតំបន់ទាំងនោះ ។







ចែករំលែកព័តមាននេះ