ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ស្នើ​ម្ចាស់​បុរី និង​ខុន​ដូ​បំពាក់​កាមេរ៉ា​សុវត្ថិភាព និង​មាន​ប្រព័ន្ធ​សន្តិសុខ​សុវត្ថិភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ស្នើ​ម្ចាស់​បុរី​ទាំងអស់​ឱ្យ​ផ្តល់​ទិន្នន័យ​ពី​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ពង្រឹង​កិច្ចសហការ​ជាមួយ​គ្នា​ឱ្យ​បាន​ល្អ ក្នុង​ការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ អោយ​កាន់តែ​ប្រសើរ​។ ការ​ស្នើ​ឡើង​បែប​នេះ​បាន​ធ្វើ​ឡើង​កាល​រសៀល​ថ្ងៃ​ទី​៨…

រាជធានី​ភ្នំពេញ​ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ស្នើ​ម្ចាស់​បុរី​ទាំងអស់​ឱ្យ​ផ្តល់​ទិន្នន័យ​ពី​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ពង្រឹង​កិច្ចសហការ​ជាមួយ​គ្នា​ឱ្យ​បាន​ល្អ ក្នុង​ការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ អោយ​កាន់តែ​ប្រសើរ​។ ការ​ស្នើ​ឡើង​បែប​នេះ​បាន​ធ្វើ​ឡើង​កាល​រសៀល​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២០​នេះ នៅ​ក្នុង​កិច្ចប្រជុំ​ស្តី​ពី ការ​ពង្រឹង​ការងារ​សន្តិសុខ សុវត្ថិភាព នៅ​តាម​បុរី​និង​ខុន​ដូ នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ចាប់ពី​ពេល​នេះ​ទៅ​គ្រប់​បុរី និង​ខុន​ដូ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ត្រូវ​តែ​បំពាក់​កាមេរ៉ា​សុវត្ថិភាព និង​មាន​ប្រព័ន្ធ​សន្តិសុខ​សុវត្ថិភាព ដើម្បី​ធានា​ភាព​កក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់​នៅ​។ អភិបាល​រាជធានី​ភ្នំពេញ ចង់ឱ្យ​ម្ចាស់​បុរី​ទាំងអស់​ត្រូវ​ភ្ជាប់​ប្រព័ន្ធ​ផ្តល់​ទិន្នន័យ​ចេញពី​កាមេរ៉ា​សុវត្ថិភាព​នេះ ភ្ជាប់​ទៅ​មជ្ឈមណ្ឌល​កាមេរ៉ា​សុវត្ថិភាព​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ត្រួតពិនិត្យ​ជា​ប្រចាំ​ដោយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ងាយស្រួល​ក្នុង​ការ​ចុះ​អន្តរាគមន៍​នៅ​ពេល​មាន​បញ្ហា​មិន​ប្រក្រតី​ណាមួយ​កើតឡើង​។

លោក ឃួ​ង ស្រេង បាន​សន្យា​ថា រាល់​ទិន្នន័យ​ដែល​ភ្ជាប់​មក​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ នឹង​រក្សា​ការ​សម្ងាត់ នឹង​មិន​អនុញ្ញាត​ឱ្យ​យក​ទិន្នន័យ​ចេញពី​កាមេរ៉ា​សុវត្ថិភាព​នេះ ទៅ​ផ្សព្វផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត​ឡើយ​។ លោក​បន្ត​ថា ការ​ពង្រឹង​កិច្ចសហការ​រវាង​ម្ចាស់​បុរី និង​សមត្ថកិច្ច​នេះ គឺ​ដើម្បី​អាច​រាយការណ៍​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ពេល​មាន​ករណី​មិន​ប្រក្រតី​ណាមួយ​កើតឡើង ដែល​អោយ​សមត្ថកិច្ច​អាច​ធ្វើ​អន្តរាគមន៍​ជួយ​ដោះស្រាយ​បាន​ទាន់​ពេលវេលា​។

លោក ឃួ​ង ស្រេង មាន​ប្រសាសន៍​ទៀត​ថា បច្ចុប្បន្ន​នេះ​នៅ​រាជធានី​ភ្នំពេញ​មាន​សំណង់​បុរី​ជា​ច្រើន ហើយ​មាន​លក្ខណៈ​រស់នៅ​ដាច់​ដោយឡែក ហើយ​កន្លែង​ខ្លះ​មាន​ភាព​ស្មុគស្មាញ​ងាយ​កើតឡើង​នូវ​បទល្មើស​នានា​មួយ​ចំនួន​ដែល​ទាមទារ​ឲ្យ​ភាគី​ទាំង​២ មាន​កិច្ចសហការ​ជាមួយ​គ្នា​ទ្វេ​ដង ដើម្បី​បង្កើន​ភាព​កក់ក្តៅ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរី​។

ចំណែក​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​គាំទ្រ​ចំពោះ​យន្តការ​ទាំងនេះ​ដែល​ធានា​បាន​សន្តិសុខ​សុវត្ថិភាព​ជូន​អ្នក​ស្នាក់​នៅ​។ ក្រៅពី​នេះ លោក​ចង់ឱ្យ​ម្ចាស់​បុរី ខុន​ដូ ត្រូវ​មានការ​បំពាក់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​បន្ថែម​ទៀត ដូច​ជា​ត្រៀម​បង្ការ​ពន្លត់អគ្គីភ័យ ឬ​រថយន្ត​ពន្លត់អគ្គីភ័យ មាន​ប្រព័ន្ធ​ទូរ​សព្ទ​ទាន់​ហេតុ​ការណ៍​២៤​ម៉ោង​លើ​២៤​ម៉ោង មាន​ច្រក​ចេញចូល​ត្រឹមត្រូវ​ការ​គ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ ត្រូវ​មាន​សន្តិសុខ​យាមកាម​ជាដើម​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ​មាន​បុរី​ចំនួន​១៤៩​ទីតាំង និង​ខុន​ដូ​ចំនួន​១៣៧​ទីតាំង​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ