រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលជំនាញការិយាល័យទី១០ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Fedex Express និងមានការសម្របសម្រួលពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានដំណើការចុះត្រួតពិនិត្យកញ្ចប់បញ្ញើរមិនប្រក្រតីមួយ ដែលបង្កប់ក្នុងសៀវភៅអាន១កេស បម្រុងនាំចេញពីកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី ។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់ដូចខាងក្រោម ៖

១-ឈ្មោះ CONTH ABDUL ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិ សេរ៉ាឡេអូន ។
២-ឈ្មោះ OGAN DIMMA LGWE LINUS ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិនីហ្សេរីយ៉ា។
៣-ឈ្មោះ ហាន លីស ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ។
ក្នុងនោះផងដែរសមត្ថកិច្ចបានរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ជិត១គីឡូក្រាម ។

ករណីបង្ក្រាបខាងលើនេះត្រូវបានលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយ កមន្ទីរប្រឆាំងគ្រឿងញៀនបញ្ជាក់ថា នេះជាកិច្ចសហការល្អមួយរវាងក្រុមហ៊ុនទទួលបញ្ញើ និងសមត្ថកិច្ចក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ។ ដូច្នេះសំខាន់ណាស់ការបង្ក្រាបបទល្មើសអ្វីក៏ដោយ តម្រូវឲ្យមានការចូលរួមពីសំណាក់មហាជន ទើបលទ្ធផលនឹងទទួលបានជោគជ័យ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ