ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​កោះ​ខ្សាច់​សេ​កុង​រង់ចាំ​ទទួល​អ្នកទេសចរ​ក្នុង​ឱកាស​បុណ្យ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី

9 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ វាល​ខ្សាច់​ពណ៌​មាស​លាតសន្ធឹង​ល្វឹងល្វើយ ទឹក​ហូរ​ថ្លាឈ្វេង​ត្រជាក់ចិត្ត នោះ​គឺ​កោះ​ខ្សាច់​សេ​កុង​ជាប់​នឹង​សម្រស់​ស្ពាន​សេ​កុង ជាទី​តាំង​ទាក់ទាញ​មួយ​សម្រាប់​លំហែកាយ​នៅ​

ខេត្តស្ទឹងត្រែង ៖ វាល​ខ្សាច់​ពណ៌​មាស​លាតសន្ធឹង​ល្វឹងល្វើយ ទឹក​ហូរ​ថ្លាឈ្វេង​ត្រជាក់ចិត្ត នោះ​គឺ​កោះ​ខ្សាច់​សេ​កុង​ជាប់​នឹង​សម្រស់​ស្ពាន​សេ​កុង ជាទី​តាំង​ទាក់ទាញ​មួយ​សម្រាប់​លំហែកាយ​នៅ​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារ និង​សមប្រកប​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។ តំបន់​វាល​ខ្សាច់​ទាក់ទាញ​នោះ ជា​រមណីយដ្ឋាន​តូច​មួយ​មានឈ្មោះ​បោះ​សំឡេង​មុនគេ​នៅ​ខេត្តស្ទឹងត្រែង ។ ស្ថិត​ក្នុងភូមិ​ដុ​ង​តា​ដាំ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង កាលពីដើម​ឡើយ កោះ​ខ្សាច់​នោះ​ត្រូវ​គេ​ចាត់​ទុក​ថា​ជាទី​តាំង​ជួប​គ្នា​ច្រៀង​រាំ​យ៉ា​ង​សប្បាយ​កុះករ តែ​ក្រោយមក​ត្រូវ​គេ​បោះបង់​ចោល ងាក​ទៅ​ជួបជុំ​គ្នា​នៅ​លើ​ផ្លូវអាកាស​យានដ្ឋាន ស្ថិត​ក្នុ​ង​សង្កាត់​ស្រះ​ឫស្សី​ដដែល​នោះ​វិញ ។

ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ គេ​ងាក​ទៅ​តំបន់​រមណីយដ្ឋាន​បុប្ផា​កោះ​ភ្លុក ក្នុងស្រុក​សេ​សាន​វិញ​ដែល​រមណីយដ្ឋាន​មួយ​នោះ​ទាក់ទាញ​អ្នកទេសចរ​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​រដូវ​ទឹកសម្រក ។ បន្ទាប់​មក​ថ្មី​ៗ​នេះ ដោយ​មានការ​រៀបចំ​ពី​មន្ទីរ​ទេសចរណ៍ និង​ដៃគូ​អភិវឌ្ឍន៍​បាន​រៀបចំ​សាងសង់​ជា​កូន​តូប តូច​ៗ​នៅ​លើ​ខ្សាច់​ក្បែរ​ទឹកទន្លេ​រាក់​ល្មម​ដែល​ធ្វើ​ឱ្យ​កោះ​ខ្សាច់​ទទួល​បានការ​ទាក់ទាញ​ជា​លើក​ទី​២​ឡើង​វិញ​ដោយ​តំបន់​នោះ​គេ​ដាក់​ឈ្មោះ​ថា «​កោះ​ខ្សាច់​សេ​កុង​» ។

ដៃគូ​អភិវឌ្ឍន៍​កោះ​ខ្សាច់​សេ​កុង​រួម​ជាមួយ​មន្ទីរ​ទេសចរណ៍​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​នេះ​ថា​រមណីយដ្ឋាន​នេះ​មាន​ផលប្រយោជន៍​ល្អ​សម្រាប់​អ្នក​កម្សាន្ត ព្រោះ​ទីតាំង​នោះ​ស្ថិត​នៅ​ក្បែរ​ស្ពាន​សេ​កុង​ដែល​អាច​អង្គុយ​ជួបជុំ​គ្នា​ហូប​ចុក លេង​ទឹក គយគន់​ថ្ងៃ​លិច​ជាមួយ​សម្រស់​ស្ពាន​ថ្មី​ឆ្លងទន្លេ​ប្រវែង​ជាង​១.៥០០​ម៉ែត្រ ។ ទី​២ ទីតាំង​នោះ​ជិត​ទីរួមខេត្ត​គឺ​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ងាយស្រួល​ដល់​អ្នកទេសចរ ។ ទី​៣ វា​អាច​ចៀស​ផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ។
ទន្ទឹម​ការ​អភិវឌ្ឍ​តំបន់​រមណីយដ្ឋាន​កោះ​ខ្សាច់​សេ​កុង​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​អ្នកទេសចរ រមណីយដ្ឋាន​នោះ​កំពុង​ប្រឈម​នឹង​បញ្ហា​បូម​ខ្សាច់​យក​ទៅ​ធ្វើ​អាជីវកម្ម ដែល​អាច​ឱ្យ​ផល​អាក្រក់​កើតឡើង និង​មិន​អាច​បង្កើត​រមណីយដ្ឋាន​សម្រាប់​អ្នកទេសចរ​បាន​បន្ត​នា​ពេល​ខាង​មុខ​ឡើយ ។

មន្ត្រី​មន្ទីរ​ទេសចរណ៍ និង​ដៃគូ​អភិវឌ្ឍន៍​ឱ្យ​ដឹង​ថា នៅ​ក្នុងឆ្នាំនេះ​ដោយសារ​កៀក​នឹង​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ តំបន់​រមណីយដ្ឋាន​កោះ​ខ្សាច់​សេ​កុង​រៀបចំ​មិន​ទាន់​បាន​ល្អ​ប្រសើរ​ទេ តែ​នៅ​ឆ្នាំ​ក្រោយ​នោះ​នឹង​រៀបចំ​ឱ្យ​មានការ​លេងល្បែង​ប្រជាប្រិយ​លើ​កោះ​ខ្សាច់ ការ​ប្រគំ​តន្ត្រី​នា​ពេល​រាត្រី និង​ការ​លេង​បាល់ទាត់ និង​បាល់ទះ ៕