រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់ជម្រើសជើងឯកថ្នាក់ជាតិពានរង្វាន់លីគលំដាប់ទី២កម្ពុជា-Cambodian Second Leagueរដូវកាល២០២០បានបើកដំណើរការជាផ្លូវការហើយកាលពីថ្ងៃទី៣ តុលា ដោយមាន១០ក្រុមចូលរួមប្រកួត។
ការប្រកួតដណ្ដើមពានរង្វាន់លីគលំដាប់ទី២ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមួយនេះតាមកម្មវិធីដែលអ្នកយកព័ត៌មានទទួលបាននឹងត្រូវចំណាយពេលប្រកួត៩សប្ដាហ៍
ស្មើនឹង៤៥ប្រកួត មុននឹងបន្តទៅវគ្គប្រជែងជើងឯកសម្រាប់ក្រុមខ្លាំងទាំង៤ (Top 4) ហើយគ្រោងបញ្ចប់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ខណៈកម្មវិធីប្រកួតក៏ត្រូវបានបង្ហាញទាំងស្រុងផងដែរ សម្រាប់ជាព័ត៌មានក្នុងការតាមដានជាប្រចាំសប្ដាហ៍។
សមាសភាពក្រុមចំនួន១០ដែលចូលរួមប្រកួតដណ្ដើមពានខាងលើរួមមាន ក្រុមកោះកុងអែហ្វស៊ី, សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង, ក្រុមអាយអេសអាយ ដង្កោសែនជ័យ, ក្រុមសៀមរាប អែហ្វស៊ី, ក្រុមឬទ្ធីសែន, ក្រុមខេត្តស្វាយរៀង, ក្រុមខេត្តកំពង់ស្ពឺ, ក្រុមខេត្តត្បូងឃ្មុំ, ក្រុមយុវជនអាយុក្រោម២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និងក្រុមយុវជនសមាគមកីឡាកងយោធពលខេមរភូមិន្ទ អាយុក្រោម២១ឆ្នាំ។
ក្នុងការប្រកួតបើកឆាកដំបូងមានការស៊ុតបញ្ចូលទីគ្រប់គូដោយក្រុសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង រកបានច្រើនគ្រាប់ជាងគេ ដោយយកឈ្នះក្រុមឬទី្ធសែន ១១ ទល់ ២ នាកីឡដ្ឋានខេត្តព្រៃវែង ។ ក្រៅពីគូនេះក៏មានការប្រកួតគូផ្សេងៗទៀតផងដែរដូចជាក្រុមកោះកុងអែហ្វស៊ីឈ្នះក្រុមខេត្តកំពង់ស្ពឺ១-0 ។ ក្រុមខេត្តត្បូងឃ្មុំចាញ់ក្រុមយុវជនអាយុក្រោម២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន០-៤ ។ ក្រុមអាយអេសអាយ ដង្កោសែនជ័យ ឈ្នះក្រុមសៀមរាប អែហ្វស៊ី ១-០ និងក្រុមខេត្តស្វាយរៀង ចាញ់ក្រុមយុវជនសមាគមកីឡាកងយោធពលខេមរភូមិន្ទ ៥-៦។
គួររំលឹកថា ការប្រកួតដណ្ដើមពានរង្វាន់លីគលំដាប់ទី២ កម្ពុជា បានចាប់ផ្ដើមជាលើកដំបូងកាលពីឆ្នាំ២០១៦ ដោយកាលនោះមាន៩ក្រុមចូលរួមប្រកួត ហើយពានជើងឯកបានទៅក្រុមគីរីវង់សុខសែនជ័យ ។ នៅរដូវកាលទី២ឆ្នាំ២០១៧ មាន៧ក្រុមចូលរួមប្រកួត ហើយពានជើងឯកគឺបានទៅលើក្រុមវិសាខា ។ ដោយឡែកនៅរដូវកាល២០១៨, ២០១៩ ខកខានមិនអាចរៀបចំដំណើរការទៅបានដោយមិនដឹងមូលហេតុ ៕
ចែករំលែកព័តមាននេះ