ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដី​រវល់​រត់​តុ​ការគេ ​ប្រពន្ធ​នៅផ្ទះ​ត្រូវ​អ្នក​ជិតខាង​ធ្វើ​ទារុណកម្ម​ និង​ចាប់ធ្វើអីៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រវល់​តែ​ទៅ​រត់​តុ​ការ​នៅ​ឆ្ងាយ ទុក​ប្រពន្ធ​ឲ្យ​នៅផ្ទះ​ជាមួយ​កូនស្រី​តូច អាយុ​៤​ឆ្នាំ​ម្នាក់ ស្រាប់តែ​យប់​ឡើង​បុរស​ម្នាក់​ទៀត​ដែល​រស់នៅ​ផ្ទះ​ចម្ងាយ​ពី​គ្នា​ជាង​១០​ម៉ែត្រ​ឡើង​ទៅ​ធ្វើ​សកម្មភាព​ធ្វើ​ទារុណកម្ម​ដោយ​យក​ខ្សែភ្លើង​ឆក់ និង​ដាល់​ច្រើន​ដៃ រួច​ចាប់រំលោភ​សេពសន្ថវៈ​រហូត បាន​សម្រេច រួច​គេចខ្លួន​បាត់​ស្រមោល…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រវល់​តែ​ទៅ​រត់​តុ​ការ​នៅ​ឆ្ងាយ ទុក​ប្រពន្ធ​ឲ្យ​នៅផ្ទះ​ជាមួយ​កូនស្រី​តូច អាយុ​៤​ឆ្នាំ​ម្នាក់ ស្រាប់តែ​យប់​ឡើង​បុរស​ម្នាក់​ទៀត​ដែល​រស់នៅ​ផ្ទះ​ចម្ងាយ​ពី​គ្នា​ជាង​១០​ម៉ែត្រ​ឡើង​ទៅ​ធ្វើ​សកម្មភាព​ធ្វើ​ទារុណកម្ម​ដោយ​យក​ខ្សែភ្លើង​ឆក់ និង​ដាល់​ច្រើន​ដៃ រួច​ចាប់រំលោភ​សេពសន្ថវៈ​រហូត បាន​សម្រេច រួច​គេចខ្លួន​បាត់​ស្រមោល ។

បន្ទាប់​ពី​បែក​រឿង​នេះ បុរស​ជា​ប្ដី​បាន​នាំ​ប្រពន្ធ​ទៅ​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ហើយ​រយៈពេល​៥​ថ្ងៃក្រោយ​ទើប​ជនសង្ស័យ​ចូល​ទៅ​ផ្ទះ​ហើយ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ និង​ប៉ុស្តិ៍​ជើងឯក​ធ្វើការ​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។ ហេតុការណ៍​នេះ​បាន​កើតឡើង តាំងពី​វេលា​ម៉ោង​២​យប់ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ មក​ម្ល៉េះ​នៅ​ក្នុងផ្ទះ​គ្មាន​លេខ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវលំ ក្នុងភូមិ​ជើងឯក សង្កាត់​ជើងឯក រាជធានី​ភ្នំពេញ ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២០ ទើប​ចាប់ខ្លួន​ជនសង្ស័យ​បាន ។

បុរស​ដែល​ជា​ជនសង្ស័យ​ខាងលើ​ឈ្មោះ ស៊ឹ​ម ចាន់​រ៉ី អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​ផ្សារ​ដែក ទីលំនៅ​បច្ចុប្បន្ន សង្កាត់​ជើងឯក រាជធានី​ភ្នំពេញ ។ នគរបាល​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន កន្សែងពោះគោ​ពណ៌​ខៀវ​១ ដែល​ជនសង្ស័យ​ចងដៃ​នាងរង​គ្រោះ​ក្រោយ​រំលោភ​រួច , ក្រ​ម៉ា​ក្រឡា​ការ៉ូ ពណ៌​ប្រផេះ​លាយ​ស្លា​ទុំ​១ ដែល​ជនសង្ស័យ​ចង​មាត់​នាងរង​គ្រោះ និង​ខ្សែ​កង្ហារ​ពណ៌​ខ្មៅ ប្រវែង​៨៥​ស​ង្ទី​រ​ម៉ែត្រ​១​កំណាត់ ដែល​ជនសង្ស័យ​ឆក់​នាង​រួច​ទើប​រំលោភ​ជា​ក្រោយ ។ ចំណែក​ស្ត្រី​រង​គ្រោះ​អាយុ​៣០​ឆ្នាំ មាន​ប្ដី​អាយុ​៣១​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ក្នុង​សង្កាត់​ជើងឯក ។

លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ថា កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ខណៈ​ដែល​បុរស​ជា​ប្ដី​មិន​នៅផ្ទះ​ជាប់រវល់​ទៅ​រត់​តុ​ការ​នៅ​ឯ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​បាត់ ស្ត្រី​រង​គ្រោះ​បាន​ចូល​ដេក​នៅ​ក្នុងផ្ទះ​ជាមួយ​កូនស្រី​អាយុ​០៤​ឆ្នាំ​ម្នាក់ ប៉ុន្តែ​នាង​ពុំ​បាន​ចាក់សោ​ទ្វារ ឬ​ខ្ទាស់​គន្លឹះ​ផ្ទះ​ពី​ខាងក្នុង​នោះ​ទេ ដោយ​យក​ទូរទស្សន៍​១​គ្រឿង​ទប់​ទ្វារ​ពី​ខាងក្នុង​ប៉ុណ្ណោះ ព្រោះ​ទ្វារផ្ទះ​អត់​មាន​គន្លឹះ ។ លុះដល់​វេលា​ម៉ោង​២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ខណៈ​នាង​កំពុង​តែ​ដេក​លង់លក់ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ស៊ឹ​ម ចាន់​រ៉ី ដែល​មានផ្ទះ​ចំងាយ​ពី​គ្នា​ជាង​១០​ម៉ែត្រ ហើយ​ក៏​ជា​អ្នក​ស្គាល់​រាប់អាន​គ្នា​ផង​នោះ​បាន​លប​ឡើង​ទៅ​បើកទ្វារ​ចូល​ទៅ​ធ្វើ​សកម្មភាព​បើក​មុង រួច​ទាញ​ផ្តាច់​ខ្សែ​កង្ហារ​ដែល​មាន​ចរន្ត​ភ្លើង និង​យក​ទៅ​ឆក់​ស្ត្រី​រង​គ្រោះ​។

លោក​អធិការ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​នាង​បាន​ភ្ញាក់​ដឹងខ្លួន ហើយ​ជនសង្ស័យ​ក៏​បាន​ឡើង​ពោប​ពីលើ​ចាប់​ឱប​ថើប ហើយ​នាង​ក៏​បាន​រើបម្រះ និង​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ តែ​គ្មាន​អ្នក​ឮ​ទេ ចំណែក​ជនសង្ស័យ​ក៏​បាន​គំរាម​ថា​«​ស្រែក​ប្រយ័ត្ន​ងាប់​»​ទើប​នាង​លែង​ហ៊ាន​ស្រែក​តទៅ​ទៀត បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​ដាល់​ពោះ​នាង​១​ដៃ និង​ដើមទ្រូង​ចំនួន​០២​ដៃ រួច​ច្របាច់​.​ក​នាង​ថែម​ទៀត ។ នាង​បាន​ឈឺ​ចុកចាប់​ខ្លាំង​រើ​លែង​រួច ហើយ​ក៏​ត្រូវ​ជនសង្ស័យ ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច បន្ទាប់​មក​ជនសង្ស័យ​បាន​យក​កន្សែងពោះគោ​ពណ៌​ខៀវ ចងដៃ​នាងរង​គ្រោះ​ផ្អោប​ទៅ​ខាង​មុខ និង​យក​ក្រ​ម៉ា​ក្រឡា​ការ៉ូ ចង​មាត់​នាងរង​គ្រោះ​ជាប់​មិន​ឲ្យ​ស្រែក​រួច រួច​ដាក់​ឲ្យ​នាង​ដេក​ផ្ងារ​ទាំង​ខ្លួនប្រាណ​គ្មាន​សំលៀក​បំពាក់ ទើប​ជន​នេះ​ចុះពីលើផ្ទះ​រួច​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពេល​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​នាងរង​គ្រោះ​បាន​ព្យាយាម ស្រាយចំណង​ចេញ​វិញ​ដោយ​ខ្លួនឯង រួច​ស្លៀកពាក់​ខោអាវ ហើយ​ដេក​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ទើប​ប្ដី​នាង​ត្រឡប់​មក​ពី​រត់​តុ​ការ នៅ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​វិញ ហើយ​បានឃើញ​នាង​មាន​ស្នាម​របួស​នៅ​លើ ក ក៏​បាន​សួរនាំ​ហើយ​នាង​បាន​និយាយ​ប្រាប់​ទៅ​តាម​សាច់​រឿង​ដែល​បាន​កើតឡើង​ប្រាប់​ឲ្យ​ប្តី​បានដឹង ហើយ​ប្ដី​បាន​នាំ​នាង​ទៅ​ដាក់​ពាក្យបណ្តឹង ដើម្បី​ឲ្យ​ក​ម្លាំ​នគរបាល​ប៉ុស្តិ៍​ជើងឯក​ជួយ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​។

ហើយ​រហូត​ដល់​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក ទើប​ឃើញ​ជនសង្ស័យ​ខាងលើ​ចូល​ផ្ទះ​ក៏​ត្រូវ​បាន​កម្លាំង​របស់​លោក​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ ហើយ​ជនសង្ស័យ​មិន​បាន​ឆ្លើយ​សារភាព​ទេ ប៉ុន្តែ​ដោយ​ផ្អែក​ទៅ​លើ​ការ​ចង្អុលបង្ហាញ​ពី​ស្ត្រី​រង​គ្រោះ និង​ការ​ស្រាវជ្រាវ​ព្រមទាំង​វត្ថុ​តាង​ចាប់​យក​នៅ​កន្លែង​កើតហេតុ បាន​បញ្ជាក់​ថា ជនសង្ស័យ​ពិតជា​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ជន​រង​គ្រោះ​ប្រាកដ​មែន ហើយ​កម្លាំង​លោក​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ