* ក្លិប Liverpool សម្តែងការរីករាយដែលកីឡាកររ៉ាហ៊ីម ស្ទ័រលីង ចូលលេងឱ្យក្លិបវិញ
ក្លិបហង្សក្រហម Liverpool បើមានឱកាសស្ថិតនៅលំដាប់ទី៤ ក្នុងក្របខ័ណ្ឌប្រឺមីញេលីកអង់គ្លេស នឹងបានទៅលេងនៅយូហ្វាឆេមពានលីកពេលទៅសួរសុខទុក្ខក្លិបកាំភ្លើងធំ Arsenal ក្នុងសប្តាហ៍នេះក្រោយពីកីឡាកររ៉ាហ៊ីម ស្ទ័រលីង ខ្សែបម្រើវ័យក្មេងជាសះពីរបួសអាចចូលលេងឱ្យក្លិបវិញ ។
លោករ៉យ ហតសុន គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសបង្ហើបឱ្យដឹងថា កីឡាកររ៉ាហ៊ីម ស្ទ័រលីង មានទម្រង់នៃការលេងល្អ អាចស៊ុតបាល់បញ្ចូលទីក្រុមជម្រើសជាតិលីទុយអានី ៤-០ ក្នុងការប្រកួតជម្រុះយូរ៉ូ ២០១៦ បានរងរបួសម្រាមជើងត្រូវសម្រាកព្យាបាល និងគ្មានឈ្មោះចូលប្រកួតលក្ខណៈមិត្តភាពជាមួយអីុតាលីនៅថ្ងៃទី៣១ មីនា ទេ ។
ប្រភពពីដេលីម៉េល ផ្សាយថា កីឡាករអាយុ២០ឆ្នាំរូបនេះត្រូវសម្រាកព្យាបាល ប៉ុន្តែក៏មានឱកាសច្រើននឹងវិលត្រឡប់ទៅជួយក្លិប Liverpool ជួបជាមួយ Arsenal នៅថ្ងៃទី៤ មេសាខាងមុខដើម្បីដណ្តើមតំណែងទៅលេងនៅយូហ្វាឆេមពានលីក ។
* Chelsea រីករាយដែល ចន ធឺរី ខ្សែការពារប្រធានក្រុមក្លិបបន្តកិច្ចសន្យារយៈពេល១ឆ្នាំ
ចន ធឺរី ខ្សែការពារក្លិប Chelsea អាយុ៣៤ឆ្នាំ សម្រេចចិត្តបន្តកិច្ចសន្យារយៈពេល១ឆ្នាំដោយប្រកាសថា នឹងសហការជាមួយមិត្តរួមក្លិបដណ្តើមជើងឯកឱ្យក្លិបឱ្យខាងតែបាន ។ កីឡាករចន ធឺរី ថ្លែងថា «ខ្ញុំមានអារម្មណ៍រីករាយយ៉ាងខ្លាំងដែលបានបន្តកុងត្រាជាមួយ Chelsea។ សង្ឃឹមថា ខ្ញុំនិងមិត្តភក្តិគ្រប់រូប រួមទាំងគ្រូបង្វឹក នឹងនាំយកលាភសំណាងដល់ក្លិបឱ្យខាងតែបានក្នុងរដូវកាលនេះ» ។
លោកចូសេ មូរីនញ៉ូ គ្រូបង្វឹកក្លិប Chelsea បង្ហើបឱ្យដឹងថា «កិច្ចសន្យាថ្មីនេះមិនមែនមានន័យថា ជាការអរគុណទេ ប៉ុន្តែដោយសារ ចន ធឺរី មានទម្រង់នៃការលេងល្អក្នុងឋានៈជាខ្សែការពារឆ្នើម ខ្ញុំត្រេកអរដែលគេបានទទួលកុងត្រាថ្មី» ។
* ក្លិប Buyern Munich នឹងចំណាយ៣៥លានផោនទិញកីឡាករ Kevin De Bruyne ពីក្លិប Wolfsburg
កាសែត Bild របស់អាល្លឺម៉ង់ផ្សាយថា ក្លិប Bayern Munich ចាប់អារម្មណ៍ទិញកីឡាករ Kevin De Bruyne ខ្សែបម្រើក្រុមជម្រើសជាតិបែលហ្ស៊ិករបស់ក្លិប Wolfsburg ។
ក្លិប Bayern Munich ត្រៀមចំណាយប្រាក់៣៥លានផោនសុំទិញកីឡាករ Kevin De Bruyne ក្រោយពីកីឡាករអាយុ២៣ឆ្នាំរូបនេះអាចស៊ុតបញ្ចូលទីបាន៩គ្រាប់ក្នុងការប្រកួតចំនួន២៦លើក ដឹកនាំក្លិប Wolfsburg ស្ថិតនៅលំដាប់ទី២ មាន៥៤ពិន្ទុតាមពីក្រោយក្លិប Bayern Munich ដែលនៅកំពូលតារាងចំនួន១០ពិន្ទុ។ Kevin De Bruyne អាចដឹកនាំក្រុមជម្រើសជាតិបែលហ្ស៊ិកចូលទៅដល់ជុំទី៨ ចុងក្រោយនៃការប្រកួតបាល់ទាត់ពិភពលោក២០១៤ ។ កីឡាកររូបនេះដោយសារគ្មានឱកាសបានលេងប្រាកដប្រជាជាមួយ Chelsea ក៏ផ្លាស់ទៅលេងឱ្យក្លិប Wolfsburg ជាមួយកិច្ចសន្យារហូតដល់ឆ្នាំ២០១៩។ ក្លិប Bayern Munich ចង់បានកីឡាកររូបនេះមកជំនួសអាយ៉េន រ៉ប់បេន និងហ្វ្រង់រីបេរី ដែលបច្ចុប្បន្នកំពុងចុះខ្សោយ ៕
ចែករំលែកព័តមាននេះ