ជើងឯកប្រណាំងរថយន្តហ្វមមូឡាវ័នពិភពលោកឡេវីស ហាមីលតុន សង្ឃឹមនឹងចុះហត្ថលេខាលើកុងត្រាថ្មីមួយជាមួយក្រុម Mercedes ក្នុងសប្តាហ៍នេះ ។ ប្រភពមួយចំនួនបានបង្ហើបឱ្យដឹងថា តាមរយៈកុងត្រាថ្មីនោះ កីឡាករជាតិអង់គ្លេសរូបនេះអាចនឹងទទួលបានប្រាក់ច្រើនជាង៣៩លាន និង៩១ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ ។
ហាមីលតុន ដែលបានចូលចរចាដោយផ្ទាល់ជាមួយអ្នកចាត់ការក្រុម Mercedes បញ្ជាក់ថា អ្វីគ្រប់យ៉ាងបាននិយាយគ្នារួចរាល់ហើយ និងថា កុងត្រាថ្មីមួយនឹងលេចចេញជារូបរាងនៅពេលបណ្តាមេធាវីតំណាងភាគីទាំងពីរបញ្ចប់ការងារនៅសេសសល់ ។
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន BBC កីឡាករវ័យ៣០ឆ្នាំរូបនេះបញ្ជាក់ថា ៖ «វាគួរត្រូវបានបញ្ចប់ក្នុងសប្តាហ៍នេះ ។ គ្មានមូលហេតុណាមួយដែលថា វាមិនអាចកើតឡើងបាននោះទេ ។និយាយដោយស្មោះត្រង់ កុងត្រាថ្មីនេះ ៩៩ភាគរយ គឺប្រាកដជាចេញរួច ។ យើងបាននិយាយគ្នាចប់សព្វគ្រប់អស់ហើយ» ។
សូមបញ្ជាក់ថា ហាមីលតុន បានផ្លាស់មកបើកបរឱ្យក្រុម Mercedes ក្នុងឆ្នាំ២០១៣ ពោលគឺក្រោយពេលដែលរូបគេបានស្ថិតនៅជាមួយក្រុម McLaren អស់៦ឆ្នាំ ។
គួរកត់សម្គាល់ថា បច្ចុប្បន្ន កីឡាករប្រណាំងរថយន្តហ្វមមូឡាវ័នដែលមានតម្លៃខ្លួនខ្ពស់ៗ និងមានសមត្ថភាពប្រហាក់ប្រហែលហាមីលតុន រួមមាន ហ្វឺណាន់ដូ អាឡុនសូ ជាតិអេស្ប៉ាញ បើកបរឱ្យក្រុម McLaren និងកីឡាករអាល្លឺម៉ង់ សេបាស្ទៀន វេតទែល បើកបរឱ្យក្រុម Ferrari ៕
ចែករំលែកព័តមាននេះ