ខេត្តកណ្តាល ៖ ជនសង្ស័យ៣នាក់ត្រូវប្រជាពលរដ្ឋព័ទ្ធចាប់បានរួចវាយម្នាក់មួួយដៃមួយជើងឡើងទ្រមខ្លួន កុំតែបានសមត្ថកិច្ចមកចុះទាន់កុំអីត្រូវក្ស័យជីវិតបាត់ទៅហើយ បន្ទាប់ពីពួកគេមានបំណងធ្វើសកម្មភាពប្លន់ម៉ូតូ ខណៈហៅឌុបមកពីរាជធានីភ្នំពេញ ទៅផ្លូវស្ងាត់ តែត្រូវម្ចាស់ម៉ូតូដឹងខ្លួនទាន់ស្រែកឱ្យគេជួយ ។
ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧ និង៣០នាទីយប់ថ្ងៃទី៣០ មីនា ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុចទួលប្រាសាទព្រះអង្គតាលន់ ក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះម៉ាប់ វិច្ឆ័យ អាយុ១៧ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតស្រុកមេសាង ខេត្តព្រៃវែង ២-ឈ្មោះសៅ សូនី អាយុ១៦ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតនៅឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង និង៣-ឈ្មោះចាន់ សុផល អាយុ១៦ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតស្វាយជ្រុំ ខេត្តស្វាយរៀង ។ ចំណែកម្ចាស់ម៉ូតូរងគ្រោះឈ្មោះ ឆន សុផល អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិរកា សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជិះម៉ូតូសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1N-8330 ។
បើតាមសម្តីម្ចាស់ម៉ូតូរងគ្រោះឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់កំពុងអង្គុយលើម៉ូតូចាំដឹកម៉ូយនៅគល់ស្ពានព្រះមុនីវង្សច្បារអំពៅ ស្រាប់តែមានជនទាំង៣នាក់នោះមកជួលឱ្យគាត់ឌុបទៅវត្តចំប៉ា ក្នុងសង្កាត់ជ្រោយអំពិល ដោយឱ្យតម្លៃ១៨ម៉ឺនរៀល ។
គាត់បន្តថា រូបគាត់ក៏ព្រមឌុបទៅ តែគាត់មិនស្គាល់វត្តចំប៉ាទេ ពេលមកដល់ពាក់កណ្តាលផ្លូវ គាត់សួរទៅជនសង្ស័យនោះថា ដល់វត្តចំប៉ាប្ញនៅ? ហើយជនទាំងនោះឆ្លើយថា មិនទាន់ដល់ទេ លុះជិះមកដល់ខ្លោងទ្វារចូលប្រាសាទព្រះអង្គតាលន់ ជនសង្ស័យបានឱ្យគាត់បត់ចូលទៅក្នុងបរិវេណប្រាសាទដែលជាកន្លែងស្ងាត់ តែដោយរូបគាត់មានការសង្ស័យ គាត់ក៏បង្វែរជិះទៅកន្លែងមានប្រជាពលរដ្ឋច្រើនកំពុងអង្គុយនិយាយគ្នា និងមានប៉ូលិសកំពុងល្បាតផង ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោរលោតចុះពីម៉ូតូរត់ ខណៈនោះគាត់ស្រែកថា ចោរៗផ្អើលដល់អ្នកភូមិចេញមករាប់រយនាក់ដេញចាប់បានជាបន្តបន្ទាប់តែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ