រាជធានីភ្នំពេញ ៖ ក្មេងស្រីជំទង់រូបស្រស់ម្នាក់បានលួចម៉ូតូអ្នកភូមិជាមួយគ្នា១គ្រឿងរួចគេចខ្លួនបាត់រយៈពេល១៥ថ្ងៃ ទីបំផុតត្រូវបានម្ចាស់ប្រទះឃើញក៏ឃាត់ខ្លួនប្រគល់ជូននគរបាលសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់។
ការចាប់ខ្លួនក្មេងស្រីជំទង់ជាជនសង្ស័យខាងលើនោះបានធ្វើឡើងកាលពីវេលារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវចោមចៅ ហៅផ្លូវវ៉េងស្រេងស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្មេងស្រីជំទង់ជាជនសង្ស័យខាងលើនោះឈ្មោះ សេង គឹមលី អាយុ១៧ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃល្វា សង្កាត់ចោចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាកហុងដា (អាសង់ប៊ិច) ធុនសេ១១០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BG -4896 ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ង៉ាម ស្រស់ ភេទស្រី ស្នាក់នៅភូមិជាមួយយគ្នា។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងតាំងពីវេលាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅម្ល៉េះ ដោយម្ចាស់បានទុកម៉ូតូខាងលើនៅជិតបន្ទប់ជួលនៅក្នុងភូមិត្រពាំងល្វា ហើយក្មេងស្រីជំទង់រូបស្រស់ខាងលើបានចូលទៅធ្វើសកម្មភាពលួចជិះយកគេចខ្លួនទៅបាត់ស្រមោល ដោយគិតរហូតមកទល់នឹងពេលចាប់ខ្លួនមានរយៈពេល១៥ថ្ងៃហើយ។
បន្ទាប់មកម្ចាស់ម៉ូតូបានតាមរកគ្រប់ទីកន្លែងមិនបានជួបឡើយ លុះរហូតមកដល់វេលារសៀលថ្ងៃទី២៧ ខែកញ្ញា ទើបប្រទះឃើញក្មេងស្រីជំទង់រូបនេះកំពុងជិះម៉ូតូតាមបណ្តោយផ្លូវវេងស្រេង ក៏នាំឃាត់ខ្លួនប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅទី២សួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ