ខេត្តព្រះវិហារ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការពង្រឹងច្បាប់ចរាចរណ៍ និងព្រមានដល់អ្នកបើកបរយានជំនិះគ្រប់ប្រភេទដែលល្មើសនឹងច្បាប់ ការប្រើប្រាស់យានជំនិះខុសបច្ចេកទេសនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស, សត្វ ជាយថាហេតុ ។
កាលពីរសៀលថ្ងៃទី២៦ មីនា ២០១៥ នៅអគាររដ្ឋបាលសាលាខេត្តព្រះវិហារ លោកចាន់ តារា អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងនឹងចាត់វិធានការយ៉ាងតឹងរឹងបំផុត និងចាត់វិធានការតាមផ្លូវច្បាប់ទៅលើអ្នកបើកបរយានជំនិះគ្រប់ប្រភេទប្រព្រឹត្តខុសច្បាប់ ដែលដឹកជញ្ជូនលើសទម្ងន់, ការប្រើប្រាស់យានជំនិះខុសបច្ចេកទេស និងការដឹកជញ្ជូនសំពីងសំពោងជាដើម ដែលកន្លងទៅ ផ្លូវជាតិ ផ្លូវក្រាលក្រួសក្រហមបានខូចខាតយ៉ាងដំណំ ដោយសារការដឹកជញ្ជូនលើសទម្ងន់ ដែលច្បាប់បានកំណត់ ។ ចំណែកការប្រើប្រាស់យានជំនិះខុសបច្ចេកទេស ជាពិសេសរថយន្តច្នៃ និងការដឹកសំពីងសំពោង តែងបង្កគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណីផងដែរក្នុងមួយឆ្នាំៗ ។
ក្នុងឱកាសនោះដែរ លោកស៊ុយ សេរិទ្ធិ អភិបាលរងខេត្តព្រះវិហារក៏បានមានប្រសាសន៍ដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះវិហារ ពី១ឆ្នាំ ទៅ១ឆ្នាំមានការថយចុះបន្តិចមែន ប៉ុន្តែអ្នកបើកបរទាំងអស់ ត្រូវតែប្រុងប្រយ័ត្ន និងបើកបរចេះអធ្យាស្រ័យគ្នា។
ចៀសវាងការបើកបរក្នុងស្ថានភាពស្រវឹង ព្រោះគ្រោះចរាចរណ៍កាចសាហាវខ្លាំងណាស់ វាអាចឆក់យកអាយុជីវិតមនុស្ស សត្វ តែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ដូច្នេះយើងទាំងអស់គ្នាត្រូវតែរួបរួមគ្នា គោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំង
អស់គ្នា ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ