ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីហិង្សាដោយចេតនាមួយកើតឡើងនៅម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ដែលបង្កដោយបុរសម្នាក់ផឹកស្រាស្រវឹង ក៏ដើរចូលទៅក្នុងវត្តទូងស្គរ បណ្តាលមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃដេញចាប់ទាំងយប់តែម្តង។ ហើយជនសង្ស័យរូបនោះក៏បានប្រើស្នាតេះបាញ់ព្រួញត្រូវចំដើមទ្រូងភិក្ខុសង្ឃមួយអង្គ បណ្តាលរងរបួសធ្ងន់ធ្ងរ រួចត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យមង្គលបូរី ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើឈ្មោះ ភឹម វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ចំណែកព្រះសង្ឃដែលរងគ្រោះព្រះនាម ចំរើន ជន្មាយុ៣៩ព្រះវស្សា គង់នៅវត្តពន្លាជ័យ ភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនសង្ស័យខាងលើបានផឹកស្រាស្រវឹងតាំងពីថ្ងៃ នៅក្នុងភូមិជាប់របងវត្ត ដែលមានស្នាតេះមួយដើមបាញ់គ្រាប់ព្រួញ និងមានកាំបិតខ្វែវដងវែងមួយដាក់ក្បែរខ្លួន ខណៈនៅពេលកំពុងផឹកស៊ីផងដែរ ។ លុះរហូតដល់យប់បន្តិចក៏បានដើរចូលទៅក្នុងវត្តពន្លាជ័យ ហើយឡើងលើកុដ្ឋិធំចាប់យកដំបងវាយទូងស្គរហាក់ដូចជា ប្រកាសអាសន្នថាមានរឿងអ្វីមួយកើតឡើងអ៊ីចឹង ជាហេតុធ្វើឲ្យផ្អើលអស់ព្រះសង្ឃដែលកំពុងតែសឹង ។
ប្រភពដដែលបន្តថា ដោយឃើញដូច្នោះ ព្រះសង្ឃក្នុងវត្តក៏បានដេញចាប់ជនសង្ស័យរូបនេះ ទើបធ្វើឱ្យជនសង្ស័យលើកស្នាតេះបាញ់ត្រូវព្រះសង្ឃមួយអង្គចំដើមទ្រូង១ព្រួញ រួចហើយក៏គេចខ្លួនទៅសំងំនៅលើកុដ្ឋិមួយ ដោយមិនឲ្យអ្នកណាចូលជិតឡើយ ។
ក្រោយពេលទទួលបានព័ត៌មាននោះភ្លាម កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានស្រុកភ្នំស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលពន្លៃ បានចុះទៅបង្ក្រាប និងធ្វើការហ៊ុមព័ទ្ធកន្លែងកើតហេតុ រហូតដល់ម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២៤ កញ្ញា ទើបចាប់ខ្លួនបុរសខាងលើនេះបាន និងនាំទៅសាកសួរតាមនីតិវិធី ។ ក្រោយពីសាកសួររួច ជនសង្ស័យបានរងនូវការចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនាទៅលើព្រះសង្ឃមួយអង្គ ព្រមទាំងប្រឈមនឹងការនាំខ្លួនទៅតុលាការផងដែរ ៕
ចែករំលែកព័តមាននេះ