ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ខុស​រអៀសខ្លួន​! គ្រាន់តែ​សួរនាំ ជិះ​ម៉ូតូ​ចូល​ប្លង់​ចោល​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​​រួច​រត់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ស្កុប​ពី​មួយ​គ្រឿង ខណៈ​ម្ចាស់​ទុក​នៅ​ខាង​មុខ​ផ្ទះ រួច​រវល់​តែ​លក់ដូរ​ភ្លេចខ្លួន ក៏​ត្រូវ​ជនសង្ស័យ​លួច​ជិះ​យក​ទៅ​បាត់ ថែម​ទាំង​ជិះ​ចូល​ក្នុង​ការដ្ឋាន​កំពុង​តែ​សាងសង់​ប្រឡាយ​ទឹកស្ទឹង​មាន​ជ័យ តែ​ក៏​ត្រូវ​សន្តិសុខ​សួរនាំ​ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ និង​ជិះ​ម៉ូតូ​រត់គេច រួច​ក៏​ចូល​ទៅ​ប្លុង​ចោល​នៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ស្កុប​ពី​មួយ​គ្រឿង ខណៈ​ម្ចាស់​ទុក​នៅ​ខាង​មុខ​ផ្ទះ រួច​រវល់​តែ​លក់ដូរ​ភ្លេចខ្លួន ក៏​ត្រូវ​ជនសង្ស័យ​លួច​ជិះ​យក​ទៅ​បាត់ ថែម​ទាំង​ជិះ​ចូល​ក្នុង​ការដ្ឋាន​កំពុង​តែ​សាងសង់​ប្រឡាយ​ទឹកស្ទឹង​មាន​ជ័យ តែ​ក៏​ត្រូវ​សន្តិសុខ​សួរនាំ​ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ និង​ជិះ​ម៉ូតូ​រត់គេច រួច​ក៏​ចូល​ទៅ​ប្លុង​ចោល​នៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ រួច​រត់គេច​ខ្លួន​តាម​ប្រឡាយ​ទឹក​ស្អុយ​បាត់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​ម្ចាស់​ម៉ូតូ តាម​មក​រក​ឃើញ​វិញ​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ការដ្ឋាន​ធ្វើ​ប្រឡាយ​លូ​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ខាងលើ​ឈ្មោះ ជា ដា​លី​ន ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​លក់​គ្រឿង​ម្ជូរ ស្នាក់​នៅផ្ទះ​ជួល​ផ្លូវ​៣៧១ សឡា ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​លួច​យក​ទៅ​ប្លុង​ចោល​នោះ ម៉ាក​ស្កុប​ពី សេរី​ឆ្នាំ​២០២១ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1IJ 4481 ។

តាម​ប្រភព​ពី​សន្តិសុខ​ដែល​យាម​នៅ​ការដ្ឋាន​ខាងលើ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្នុង​ការដ្ឋាន​កំពុង​តែ​មាន​រថយន្ត​ស្ទូច​សម្ភារៈ​ទុក​សាងសង់​ប្រឡាយ​ទឹក ហើយ​គាប់​ជួន​ពេល​នោះ​ដែរ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ជា​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​ក្នុង​ការដ្ឋាន​នោះ ដើម្បី​ចេញ​ទៅ​ច្រក​ម្ខាង​ទៀត​។

សន្តិសុខ​ខាងលើ​បន្ត​ថា ប៉ុន្តែ​ពេល​ជិះ​ទៅ​ដល់​ច្រក​ម្ខាង​ទៀត ក៏​ជួបនឹង​សន្តិសុខ រួច​ក៏​សួរនាំ​មិន​ឱ្យ​ចេញ​-​ចូល​នោះ​ទេ ទាល់តែ​មាន​បទបញ្ជា​ពី​មេ ក៏​ស្រាប់តែ​បុរស​ជា​ជនសង្ស័យ​រូប​នោះ ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​ក្រោយ​វិញ​ទាំង​ស្ថានភាព​ភ័យ​ស្លន់ស្លោ ។ ខណៈ​ពេល​នោះ​សន្តិសុខ ក៏​ហៅ​ឃាត់​សួរនាំ ស្រាប់តែ​បុរស​ជា​ជនសង្ស័យ ក៏​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ រួច​ទុក​ម៉ូតូ​ចោល​ក្នុង​ទឹក​ស្អុយ​តែ​ម្តង រីឯ​ជនសង្ស័យ​បែរជា​រត់គេច​ខ្លួន​តាម​ប្រឡាយ​ទឹក​ស្អុយ​នោះ​បាត់​ស្រមោល​ភ្លាម​ៗ​ផង​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ឃើញ​ម៉ូតូ​ប្លុង​ចោល​ក្នុង​ទឹក​ស្អុយ​ហើយ ពួក​គាត់​ក៏​បាន​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​ទៅ​មើល ពេល​នោះ​នាយ​រង​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​១ បាន​ចុះ​ទៅ​មើលឃើញ​ភិនភាគ​ម៉ូតូ ដូច​ជា​របស់​ជន​រង​គ្រោះ​ម្នាក់​ដែល​ទើបតែ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​១ មុន​នឹង​បន្តិច​ថា ម៉ូតូ​ម៉ាក​ស្កុប​ពី​មួយ​គ្រឿង​ត្រូវ​ចោរលួច ។ ហើយ​ពេល​នោះ​ដែរ សមត្ថកិច្ច​ក៏​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​រក​ជន​រង​គ្រោះ​ឱ្យមក​មើលឃើញ​ថា ពិតជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។

ដោយឡែក​ម្ចាស់​ម៉ូតូ​វិញ​បានឱ្យ​ដឹង​ថា នៅ​ម៉ោងជាង​៨​យប់ រូប​នាង​បាន​ទុក​ម៉ូតូ​ខាង​មុខ​ផ្ទះ ហើយ​រវល់​តែ​រៀបចំ​អីវ៉ាន់​ភ្លេចខ្លួន​បន្តិច លុះ​ក្រឡេក​ភ្នែក​ទៅ​មើល​ម៉ូតូ​ម្តងទៀត ក៏​ត្រូវ​ជនសង្ស័យ​លួច​យក​ទៅ​បាត់​តែ​ម្តង ។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ សមត្ថកិច្ច​បានឱ្យ​រថយន្ត​ក្នុង​ការដ្ឋាន​ជួយ​ស្ទូច​ម៉ូតូ​មក​លើគោក​វិញ រួច​ឱ្យ​ម្ចាស់​យក​កាត​គ្រី​មក​ផ្ទៀងផ្ទាត់​ជាមួយ​ស្លាក​លេខ​ម៉ូតូ​ថា ពិតជា​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ធ្វើ​កំណត់ហេតុ រួច​ក៏​ប្រគល់​ម៉ូតូ​ទៅ​ឱ្យ​ជន​រង​គ្រោះ​យក​ទៅ​ប្រើប្រាស់​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ