ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​រមាំង​ចំនួន​៤​ក្បាល ដែល​គេ​ថត​បានជា​លើក​ដំបូង​ក្នុងអំឡុងពេល​ប្រាំ​ឆ្នាំ

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ក្រសួងបរិស្ថាន​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លា​ង​ចំពោះ​ការ​រក​ឃើញ​វត្តមាន​សត្វ​រមាំង (Rucervus eldii) ចំនួន​៤​ក្បាល ដែល​គេ​ថត​បានជា​លើក​ដំបូង​ក្នុងអំឡុងពេល​ប្រាំ​ឆ្នាំ តាម​រយៈ​ការ​ប្រើ​ម៉ាស៊ីន​ថត​ស្វ័​យ​ប្រ​វិត្ត នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​សំបូរ ដែល​ជា​តំបន់ការពារធម្មជាតិ​មួយ​ស្ថិត​ក្រោម​ការ​គាំទ្រ​ដោយ​អង្គការ…

ខេត្តក្រចេះ ៖ ក្រសួងបរិស្ថាន​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លា​ង​ចំពោះ​ការ​រក​ឃើញ​វត្តមាន​សត្វ​រមាំង (Rucervus eldii) ចំនួន​៤​ក្បាល ដែល​គេ​ថត​បានជា​លើក​ដំបូង​ក្នុងអំឡុងពេល​ប្រាំ​ឆ្នាំ តាម​រយៈ​ការ​ប្រើ​ម៉ាស៊ីន​ថត​ស្វ័​យ​ប្រ​វិត្ត នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​សំបូរ ដែល​ជា​តំបន់ការពារធម្មជាតិ​មួយ​ស្ថិត​ក្រោម​ការ​គាំទ្រ​ដោយ​អង្គការ WWF មាន​ទីតាំង​ស្ថិត​ក្នុង​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ​នៃ​ខេត្តក្រចេះ​។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​មាន​ប្រសាសន៍​ថា សត្វ​រមាំង​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ ទាំង​នៅ​ក្នុង​ច្បាប់​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា និង​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN​។

ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងបរិស្ថាន​សូម​ថ្លែងអំណរគុណ​ចំពោះ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ សត្វព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ វត្តមាន​នៃ​សត្វ​រមាំង​ដែល​ជា ប្រភេទ​សត្វ​កម្រ​នៅ​លើ​ពិភពលោក​នេះ​ក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា បាន​បញ្ជាក់​ថា ពី​ប្រសិទ្ធភាព​នៃ​ការ ការពារ និង​អភិរក្ស និង​ការ​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ​ជា​ពិសេស​ការ​បទល្មើស​នៃ​ការ​បរបាញ់​សត្វ និង​ការ​ដាក់​អន្ទាក់​សត្វព្រៃ​។


លោក​ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​ដោយ​សហការ​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ​រួម​នឹង​អង្គការ​ដៃគូ​បាន​ខិតខំ​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ជំរុញ​ឱ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ចូលរួម ក្នុង​កិច្ច​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​សត្វព្រៃ​ឱ្យ​បាន​គង់វង្ស​។ ក្រសួងបរិស្ថាន​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ការពារ និង​អភិរក្ស​សត្វ​រមាំង​ទាំងនេះ​ដែល​កំពុង​តែ​រស់នៅ​ក្នុង​តំបន់ការពារធម្មជាតិ របស់​ប្រទេស​កម្ពុជា​ឱ្យ​បាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​តទៅ​មុខ​ទៀត​។ ក្រសួងបរិស្ថាន​រួម​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តែ​បន្ត​អនុវត្ត​វិធាន​ការពារ និង​អភិរក្ស​តំបន់ការពារធម្មជាតិ​ដែល​ខ្លួន​គ្រប់គ្រង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ចាត់វិធានការ​លើ​រាល់​បទល្មើស​ធនធានធម្មជាតិ​ដែល​បាន​កើតឡើង​។

នៅ​ក្នុង​រយៈពេល ៦​ខែ ឆ្នាំ​២០២០ ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​បាន​ចុះ​ល្បាត​ចំនួន ១៣ ៨០៤ លើក និង​បាន​បង្ក្រាប​បទល្មើស​បាន ៣ ៦៨៩ ហើយ​ក្នុង​នោះ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​បាន​ចំនួន ៣២៩ ករណី រឹបអូស​រណា​យន្ត​បាន​ចំនួន ២៥៧៨ គ្រឿង ព្រមទាំង​ធ្វើការ​ផាកពិន័យ​អន្តរកាល​ចំនួន ៤៣៣ ករណី​។ ក្រសួងបរិស្ថាន​ទទួលស្គាល់​ថា ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ទាំង​យប់​ថ្ងៃ ប៉ុន្តែ​បទល្មើស​ធនធានធម្មជាតិ​ទ្រុងទ្រាយ​តូច​ៗ​នៅ​តែ​កើត​មាន​ដែល សមត្ដិ​កិច្ច​ក្រសួងបរិស្ថាន​នឹង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​បង្ក្រាប និង​ទប់ស្កាត់​បន្ត​ទៀត​។ ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​ជីវៈចម្រុះ និង​មាន​ប្រភេទ​រុក្ខជាតិ សត្វ ជិត​ពូជ ឬ​មាន​ដោយ​កម្រ​នៅ​ក្នុង​ពិភពលោក​។

ស​ន្ទ​ស្សន៍​ជីវៈចម្រុះ (Biodiversity Index) ក្នុង​ប្រទេស​កម្ពុជា គឺ​ទទួល​បាន​ពិន្ទុ​៧.៥ (MacKinnon, ១៩៩៧) ទោះបីជា​យ៉ាងណា​ក៏​ដោយ ពិន្ទុ​អាច​បាន​ខ្ពស់​ជាង​នេះ អាស្រ័យ​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​។ ប្រទេស​កម្ពុជា ជា​ប្រទេស​សម្បូរ​ទៅ​ដោយ​ជីវៈចម្រុះ​ដែល​បាន​បង្ហាញ​វត្តមាន​ប្រភេទ​ថនិកសត្វ​១២៣​ប្រភេទ សត្វ​ស្លាប​៥៤៥​ប្រភេទ ឧរង្គសត្វ​៨៨​ប្រភេទ រុក្ខជាតិ​តូច​ៗ (vascular plants) ២៣០៨​ប្រភេទ ត្រី​៨៧៤​ប្រភេទ ផ្កាថ្ម​រឹង​២៤​ប្រភេទ ផ្កាថ្ម​ទន់​១៤​ប្រភេទ ស្មៅ​សមុទ្រ​១០​ប្រភេទ និង​ថលជលិក​៦៣​ប្រភេទ​។ នៅ​មាន​វត្តមាន​ប្រភេទ​រុក្ខជាតិ និង​សត្វ​មួយ​ចំនួន​ទៀត​ដែល​មិន​ទាន់​សិក្សា​ស្រាវជ្រាវ និង​កំណត់​អត្តសញ្ញាណ​នៅ​ទ្បើ​យ​។ មាន​ប្រភេទ​រុក្ខជាតិ និង​សត្វ​ដែល​បាន​កំណត់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​ការ​អភិរក្ស​ធម្មជាតិ (IUCN) ក្នុង​តារាង​១ ដូច​ជា​៖ ថនិកសត្វ​៣៩​ប្រភេទ សត្វ​ស្លាប​៣៦​ប្រភេទ ឧរង្គសត្វ​១៣​ប្រភេទ រុក្ខជាតិ​តូច​ៗ (vascular plants) ៣៨​ប្រភេទ និង ថលជលិក​១២​ប្រភេទ ។

លោក សេង ទៀក នាយក អង្គការ WWF-កម្ពុជា បានមានប្រ សាសន៍ថា៖ ‌រូបភាពដ៏កម្រនៃសត្វរមាំងទាំង នេះជាភស្តុតាងបញ្ជាក់អំពីប្រសិទ្ធភាព និងផលនៃកិច្ចការគ្រប់គ្រងតំបន់ការពារ និងការងារអភិរក្សរបស់យើង ហើយដែលនាំមកនូវក្តីសង្ឃឹមក្នុងការការ ពារ ប្រភេទសត្វនេះទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់‍‍» ។ ក្រៅពីសត្វ រមាំង ម៉ាស៊ីនថតស្វ័យប្រវិត្ត ក៏ ផ្តិតបាននូវរូបភាពសត្វឈ្លូស ជ្រូកព្រៃ សំពោចវល្លិ៍ សំពោចក្រអូប ព្រមទាំងប្រភេទសត្វបក្សីមាឌធំសំខាន់ៗមួយចំនួនទៀត ដូចជាសត្វក្ងោកបៃតង និងត្រដក់តូចជាដើម។

របាយការណ៍ស្តីពីប្រភេទសត្វទទួលរងការគំរាមកំហែងដែលបានចេញផ្សាយដោយអង្គការ IUCN ក្នុងឆ្នាំ២០១៥ បានបង្ហាញថាចំនួនសត្វរមាំងមាននៅរាយប៉ាយក្នុងសកលលោក ហើយគេបាន ប៉ាន់ប្រមាណថា សត្វនេះមានចំនួនតិចជាង ៧០០ ក្បាល ហើយក្នុងនោះ ចំនួនសត្វរមាំងមាននៅសេសសល់តិចតួចប៉ុណ្ណោះ កំពុងរស់នៅក្នុងតំបន់ព្រៃការពារនានាក្នុងប្រទេសកម្ពុជា។ អង្គការ WWF បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាគ្រប់ជាន់ថ្នាក់ ដើម្បីគាំទ្រការគ្រប់គ្រងដែនជម្រកសត្វព្រៃសំបូរ ដែលនៅទីនោះការបាត់បង់ទី ជម្រក និងការបរបាញ់សត្វព្រៃសម្រាប់យកសាច់ និងសម្រាប់ការជួញដូរសុទ្ធសឹងជាកត្តាគំរាមកំហែងចំបងៗ ទៅលើធនធានធម្មជាតិ និងការរស់រានរបស់សត្វព្រៃ៕ ដោយ ៖ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ