ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​របាំ​ប្រជាប្រិយ​ខ្មែរ​រាំវង់ រាំក្បាច់

9 ឆ្នាំ មុន

យោង​តាម​សៀវភៅ «​ទស្សនីយភាព​ខ្មែរ​» លើក​ឡើង​ថា មិន​ខុស​អ្វី​ពី​ល្បែង​ប្រជាប្រិយ​ចោល​ឈូង លាក់កន្សែង ចាប់កូនខ្លែង បោះអង្គញ់ ស្តេចចង់ ឬ​ល្បែង​ឯទៀត​ដែល​ខ្មែរ​និយម​នាំ​គ្នា​លេង​កម្សាន្ត

យោង​តាម​សៀវភៅ «​ទស្សនីយភាព​ខ្មែរ​» លើក​ឡើង​ថា មិន​ខុស​អ្វី​ពី​ល្បែង​ប្រជាប្រិយ​ចោល​ឈូង លាក់កន្សែង ចាប់កូនខ្លែង បោះអង្គញ់ ស្តេចចង់ ឬ​ល្បែង​ឯទៀត​ដែល​ខ្មែរ​និយម​នាំ​គ្នា​លេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ​នានា ពិសេស​គឺ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​នោះ​ឡើយ របាំ​ប្រជាប្រិយ​រាំវង់ រាំក្បាច់ គឺជា​ប្រភេទ​របាំ​ដែល​មានការ​និយម​ជា​ទូទៅ​នៅ​ក្នុង​ទូ​ទាំង​ប្រទេស ទោះ​នៅ​ទីក្រុង ក៏​ដូច​ជា​ជនបទ នៅ​តំបន់​ភ្នំ ក៏​ដូច​នៅ​វាលទំនាប ឬ​ក៏​តំបន់​មាត់សមុទ្រ ។ របាំ​ប្រជាប្រិយ​ខ្មែរ​នេះ ជា​ប្រភេទ​របាំ​ដែល​ងាយ​ចាំ ងាយ​ចេះ ហើយ​ងាយ​រៀបចំ​សម្តែង​ទៀត​ផង ។ អាស្រ័យ​ហេតុនេះ​ទើប​គេ​សង្កេត​ឃើញ​ប្រជាជន​ខ្មែរ តាំងពី​ព្រះរាជា នាម៉ឺន​សព្វ​មុខមន្ត្រី​រហូត​ដល់​ប្រជារាស្ត្រ ទាំង​ក្មេង ទាំង​ចាស់ ប្រុស​ស្រី​ចេះ​រាំ​របាំ​នេះ គ្រប់​ៗ​គ្នា ។

ឯ​ពាក្យ​ថា «​រាំវង់​» គឺជា​លក្ខណៈ​ពិសេស​សម្រាប់​សម្គាល់​រូបភាព​នៃ​របាំ​នេះ ពោល​គឺ​ពេល​រាំ​គេ​នាំ​គ្នា​រាំ​បន្ត​គ្នា​ជា​រង្វង់​មូល ហើយ​ជា​របាំ​សម្រាប់​រាំ​លេង​កម្សាន្ត ឬ​ក៏​រាំ​ដើម្បី​បំបាត់​ការ​នឿយហត់ ក្រោយ​ពី​ការ​បំពេញ​ពលកម្ម​នានា​រួច ។

ចំពោះ​ប្រវត្តិ​កំណើត​នៃ «​របាំ​រាំវង់​» នេះ​វិញ បើ​ពឹងផ្អែក​លើ​ឯកសារ​សរសេរ​ដែល​មាន​បន្តិចបន្តួច និង​ផ្អែក​លើ​ភាព​ជាក់ស្តែង​ក្នុង​ជីវិត​ដែល​បាន​ប្រព្រឹត្ត​ដល់​យើង​សព្វ​ថ្ងៃនេះ ជឿ​ថា សិល្បៈ​រាំវង់​មាន​អាយុ​ច្រើន​សតវត្សរ៍​ណាស់​មក​ហើយ​នៅ​លើ​ទឹកដី​នៃ​មាតុភូមិ​កម្ពុជា ។ ព្រោះ​តាំងពី​បុព្វេ​ដ៏​យូរលង់ ទាំង​ជនជាតិ​ខ្មែរ និង​ជនជាតិ​ឯទៀត ដែល​ស្ថិត​ក្នុង​អំបូរ​ជាមួយ​គ្នា​ដូច​ជា ព្នង គ្រឹ​ង ទំ​ពូន ព្រៅ​… មានការ​ទាក់ទង​នឹង​ការ​រាំវង់ ឬ​ជា​រង្វង់​មូល​នេះ​ជា​ច្រើន ។

-​បងប្អូន​ជនជាតិ​ខ្មែរលើ ភូមិភាគ​ឦសាន​នៃ​ប្រ​ទេ ឬ​តំបន់​ព្រៃ​ភ្នំ​នៃ​ភូមិភាគ​ដទៃ​ទៀត​និយម​រាំ​លេង​កម្សាន្ត​នៅ​ជុំវិញ​ភ្នក់ភ្លើង​នា​ពេល​រាត្រី ។ ទម្លាប់​រាំវង់​ជុំវិញ​ភ្នក់ភ្លើង​នេះ​មាន​អាយុ​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ ហើយ​ក៏​នៅ​មាន​សេសសល់​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

-​ក្នុង​ពិធី​លៀង​អារក្ខ ឬ​ឡើងអ្នកតា (​ជំនឿ​ខ្មែរ​ដើម​មាន​តាំងពី​យូរលង់ មុន​សម័យ​ដែល​ព្រា​ហ្ម​ញ្ញ​សាសនា និង​ព្រះពុទ្ធ​សាសនា​ហូរ​ចូល​មក​ក្នុង​តំបន់​ជ្រោយ​សុវណ្ណ​ភូមិ​, ពោល​គឺ​តាំងពី​មុន​៣០៩​ឆ្នាំ​មុន គ្រឹ​ស្ត​ស័ក​រាជ (​ព្រះ​តេជគុណ ប៉ា​ង ខាត់​…) ជនជាតិ​ខ្មែរ​តែង​នាំ​គ្នា​សង់រោង​តូច​មួយ​ដោយ​ធ្វើ​រាជ​វ័ត​ព័ទ្ធ​ជុំវិញ ហើយ​រូប​មេមត់ (​អ្នក​ចូល​រូប​) តែងតែ​រាំ​ជា​រង្វង់​មូល​ជុំវិញ​រោង​នោះ ក្នុង​ពេល​ប្រារព្ធ​ពិធី​លៀង​អារក្ខ​នេះ ។

-​ឯ​ពិធី​កាប់​ក្របី​ថ្វាយ​អ្នកតា​របស់​បងប្អូន​ជនជាតិ​ព្នង គ្រឹ​ង ទំ​ពូន មាន​អាយុ​ច្រើន​រាប់​ពាន់​ឆ្នាំ​មក​ហើយ ដែល​គេ​ឃើញ​មាន​រូបចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទបាយ័ន ដែល​កសាង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ (១១៨១-១២១៨) ហើយ​ដែល​បងប្អូន​យើង​ថែរក្សា​ឱ្យ​គង់វង្ស​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ផង​នោះ ក៏​មាន​ទម្លាប់​រាំ​ជា​វង់ ឬ​ជា​រង្វង់​មូល​ផង​ដែរ ។

លើស​ពី​នេះ​ទៅ​ទៀត បងប្អូន​ជនជាតិ ព្រៅ ព្នង គ្រឹ​ង ទំ​ពូន នៅ​ប្រកាន់ខ្ជាប់​ទំនៀម «​រាំវង់​ភូមិ​ថ្មី​» ដែល​ភាសា​ជនជាតិ​និយម​ថា «​រាំវង់​ស្រុ​៊​ក ហាន់​ទើ​ម​» ។ របាំ​រាំវង់​ភូមិ​ថ្មី​គេ​មាន​ទម្លាប់​ធ្វើ​នៅ​ក្នុង​ពេ​លេ​ប្តូរ​ភូមិ​ពី​ភូមិ​ចាស់​ទៅ​រស់នៅ​ភូមិ​ថ្មី ។ តាម​ធម្មតា​ក្នុង​រយៈពេល​ពី​បី​ទៅ​ប្រាំពីរ​ឆ្នាំ មុន​នឹង​ប្តូរ​ភូមិ ឬ​ចាក​ចេញពី​ភូមិ​ចាស់ មេកន្ទ្រាញ និង​ចាស់ទុំ​ក្នុងភូមិ តែង​នាំ​គ្នា​ធ្វើ​ពិធី​ផ្សង​ទៅ​តាម​ជំនឿ​របស់​ខ្លួន​ដើម្បី​រក​កន្លែង​ដី​ថ្មី ដែល​មាន​លក្ខណៈ​ភូមិសាស្ត្រ​ល្អ មានទឹក​គ្រប់គ្រាន់ និង​ជា​កន្លែង​ដែល​អាច​ការពារ​សន្តិសុខ​ជូន​ញាតិ​មិត្ត​ក្នុង​ស្រុកភូមិ​បាន​ល្អ ។ ពេល​ផ្សង​រើស​រក​ដី​ថ្មី​បាន​ហើយ ទើប​គេ​នាំ​គ្នា​ធ្វើ​ពិធី​កំណត់​ឆ្នាំ​សម្រាប់​រស់នៅ គឺ​ឱ្យ​ដឹង​ថា តើ​ពួក​គេ​អាច​រស់នៅ​បាន​ប៉ុន្មាន​ឆ្នាំ នៅ​នឹង​ភូមិ​ថ្មី​នោះ ? ពិធី​កំណត់​ឆ្នាំ​សម្រាប់​រស់នៅ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​មេកន្ទ្រាញ និង​ចាស់ទុំ​ភូមិ​ធ្វើ​ពិធី​ផ្សង​ដោយ​យក​ប្រទាល​មក​ចិត្ត​ទម្លាក់​លើ​ដី​ចំនួន​ប្រាំពីរ​ចំណិត ។ បើ​ប្រទាល​នោះ​ក្រឡាប់​ប៉ុន្មាន​ចំណិត​នោះ​គេ​ជឿ​ថា គេ​អាច​រស់នៅ​ក្នុងភូមិ​ថ្មី​នោះ​បាន​ប៉ុណ្ណឹង​ឆ្នាំ​ដែរ ពោល​គឺ​តាម​ចំនួន​ចំណិត​ប្រទាល​ដែល​ក្រឡាប់​នោះ ។ ដូច​ជា​បើ​ប្រទាល​ក្រឡាប់​បី ឬ​ប្រាំ​ចំណិត នោះ​គេ​អាច​រស់នៅ​ទីនោះ​បាន​បី ឬ​ប្រាំ​ឆ្នាំ​ដែរ ។ ជំនឿ​នេះ​មាន​រៀង​រហូត​តាំងពី​បុព្វេ យូរលង់​ណាស់​មក​ហើយ​រហូត​ដល់​សព្វ​ថ្ងៃនេះ ។ ពេល​ធ្វើ​ពិធី​ផ្សង​រក​ដី​ថ្មី​បាន​ហើយ​មេកន្ទ្រាញ​ក៏​ប្រកាស​ឱ្យ​អ្នកស្រុក អ្នក​ភូមិ​រុះរើ​ពី​ភូមិ​ចាស់​ទៅ​រៀបចំផ្ទះ​សម្បែង​នៅ​ភូមិ​ថ្មី ។ ពេល​នាំ​គ្នា​ចូល​ទៅ​ភូមិ​ថ្មី​ជាដំបូង គេ​នាំ​គ្នា​ប្រារព្ធ​ពិធី​សម្តែង​របាំ​រាំវង់​ភូមិ​ថ្មី​នេះ​មុនគេ​បង្អស់ ។ អ្នកស្រុក​អ្នក​ភូមិ​មាន​ស្រី មាន​ប្រុស​នាំ​គ្នា​រាំ​ជា​គូ (​តាម​ប្រពៃណី​ដូនតា​) ត​ៗ​គ្នា​រហូត​ដល់​បច្ចុប្បន្ន​នេះ ដែល​មាន​ជំនឿ​ថា នឹង​នាំ​ឱ្យ​គេ គ្រប់​ៗ​គ្នា​បាន​សេចក្តីសុខ​ចម្រើន ។

ការ​រៀបរាប់​ខាងលើ​នេះ​បញ្ជាក់​ថា របាំ​រាំវង់​នៅ​ប្រទេស​កម្ពុជា មាន​តាំងពី​យូរយារ​ណាស់​មក​ហើយ​ជា​របាំ​ដែល​ជាប់​នឹង​ពិធី​ប្រពៃណី តែ​លុះ​ចំណេរ​ក្រោយមក​ទើប​ក្លាយជា​របាំ​ប្រជាប្រិយ​ដែល​មានការ​និយម​ចូល​ចិត្ត​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សង្គម​ជាតិ​កម្ពុជា​ទាំងមូល ។ ក្រោយមក​ទៀត​ក្នុង​ពេល​ដែល​ប្រទេស​ជិតខាង​មាន សៀម និង​ឡាវ បាន​ចាប់កំណើត​ឡើង របាំ​រាំវង់​នេះ ក៏​ដូច​ជា​ទម្រង់​សិល្បៈ​ឯទៀត​ដែរ បាន​ហូរ​ចុះ​ហូរ​ឡើង ឬ​ក៏​ជះ​ឥទ្ធិពល​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ខ្មែរ និង​លាវ ខ្មែរ និង​សៀម ពិសេស​គ្រប់​តំបន់​ជាយ​ដែន និង​តំបន់​ដែល​មាន​ប្រជាជន​ខ្មែរ​-លា​វ ឬ​ខ្មែរ​-​សៀម​រស់នៅ​លាយឡំ​គ្នា​ច្រើន​នោះ ។

បើ​តាម​ឯកសារ ខ្លះ​ៗ​ដែល​នៅ​សល់ និង​តាម​ព័ត៌មាន​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​ទទួល​បាន​ពី​ចាស់ទុំ​ជា​ច្រើន​បាន​បញ្ជាក់​ថា នៅ​ប្រទេស​កម្ពុជា​របាំ​ប្រជាប្រិយ​រាំវង់ រាំក្បាច់ បាន​រីក​ចម្រើន​យា​៉​ង​ខ្លាំង​នៅ​សតវត្ស​ទី​២០ ។ ពិសេស​គឺ​តាំងពី​ពេល​ដែល​ចលនា​ខ្មែរឥស្សរៈ​កើត​មាននៅ​គ្រប់​តំបន់​ក្នុង​ប្រទេស និង​ជីវពល​នារីក្លាហាន​ក្រោក​ឡើង​បណ្តេញ​អាណានិគម​បារាំង ដើម្បី​ទាមទារ​ឯករាជ្យ​ជូន​ជាតិ​មាតុភូមិ​នោះ​មក ហើយ​ដែល​គេ​អាច​ឃើញ​មាន​សល់​នៅ​បទ​ចម្រៀង​រាំវង់​មួយ​ចំនួន​ដែល​អាច​ជា​តឹកតាង ឬ​ជា​អនុស្សាវរីយ៍​នៃ​សម័យ​កាលនោះ​ផង ។ ប្រហែល​នៅ​ក្នុង​ពេល​នោះ​ដែរ ដែល​ឥទ្ធិពល​នៃ​ពាក្យ​បរទេស​ដូច​ជា​ពាក្យ​ថា រាំ «​ឡាំ​ថូន​» ឬ​ឡក «​ឡាំ​ថូន​» ថូន​គឺ​ស្គរ ត្រូវ​ខ្មែរ​យក​មក​ប្រើ ព្រោះ​ពេល​នោះ​កងទ័ព​ខ្មែរឥស្សរៈ​ដែល​បោះទីតាំង​ក្នុង​ព្រៃ ជ្រៅ​ៗ តំបន់​ភ្នំ​ដងរែក តំបន់​ជ្រាវ​ឱរា​៉​ល់ ភ្នំក្រវាញ តំបន់​ភាគ​ឦសាន​នៃ​ប្រទេស (​ដែល​អាច​ចងសម្ព័ន្ធ​ជាមួយ​ឥស្សរៈ​ឡាវ​) ឬ​តំបន់​មាត់សមុទ្រ​ក្តី ច្រើន​នាំ​គ្នា​លេង​រាំវង់ ដោយ​ប្រើ​ស្គរ​ដៃ​មួយ​ប៉ុណ្ណោះ និង​ចម្រៀង​ដែល​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​កម្សាន្ត​ទៅ​តាម​កាលៈទេសៈ​នៃ​ការ​តស៊ូ និង​ការ​រស់នៅ​ដោយ​យក​ព្រៃ​ជ្រៅ​ជា​មូលដ្ឋាន​បង្អែក ។ សូម​បញ្ជាក់​ថា ស្គរ​ដៃ​នេះ​ជា​ស្គរ​នៃ​វង់ភ្លេង​អារក្ស ឬ​វង់ភ្លេង​ប្រពៃណី ភ្លេង​ការ​របស់​ជនជាតិ​ខ្មែរ​ដែល​មានកំណើត​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។

តាំងពី​ពេល​ស្រុក​ខ្មែរ​បាន​ឯករាជ្យ ពី​ពួក​អាណានិគម​បារាំង​នា​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣ មក ប្រទេស​ជាតិ និង​ប្រជារាស្ត្រ​មាន​សេរីភាព​គ្រប់គ្រាន់ ។ របាំ​ប្រជាប្រិយ​រាំវង់ រាំក្បាច់ ក៏​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំងក្លា ពោល​គឺ​នៅ​កន្លែង​ខ្លះ គេ​រាំ​ជាមួយ​ស្គរ​ដៃ ពេល​ខ្លះ​គេ​រាំ​ជាមួយ​វង់ភ្លេង​ខ្មែរ ដែល​មាន​ឧបករណ៍ ស្គរ ទ្រ រនាត និង​ឧបករណ៍​ច្រើន ផ្សេង​ៗ​ទៀត​រហូត​ដល់​វង់​តន្ត្រីសម័យ​យា​៉​ង​ទំនើប ដែល​យើង​ឃើញ​រហូត​ដល់​សព្វ​ថ្ងៃនេះ​ផង ។

របៀប​សម្តែង
ដូច​បាន​ពណ៌នា​រួច​មក​ហើយ​ថា រាំវង់ រាំក្បាច់ ជា​របាំ​ប្រជាប្រិយ​ខ្មែរ​មាន​លក្ខណៈ​ងាយស្រួល​ចាំ ងាយ​ចេះ ទាំង​ក្បាច់ក្បូរ ប្រើ​ដៃ ជើង ក ចង្កេះ ទៀត​សោត​ក៏​សាមញ្ញ​ណាស់​ដែរ​។ ចង្វាក់​វិញ​មិនយឺត​ពេក ក៏​មិន​ញាប់​ពេក​ដែរ គឺ​បើ​ស្តាប់​សំឡេង​ស្គរ​ដៃ​ឮ «​ប៉ាក់ ពើង ប៉ាក់ (ៗ)» ឬ​ក៏ «​តាក់ ទីង តាក់ (ៗ)» យា​៉​ង​នេះ ។ ក្នុង​ពេល​រាំ​ទាំងស្រី​ទាំងប្រុស ត្រូវ​បោះ​ជំហាន​ឆ្វេង​ស្តាំ​ទៅ​មុខ ដោយ​ស្រី​រាំ​នៅ​ខាង​មុខ ប្រុស​រាំ​ពីក្រោយ​បន្ត​គ្នា ឬ​ពេល​ខ្លះ​រាំ​កៀង​គ្នា ឬ​ជំរុញ​ឱ្យ​ប្តូរ​គូ​ក៏​មាន ។ ឯ​ដៃ​ត្រូវ «​ជីប​» ពីក្រោម ហើយ​លើក​ចំ​ពីមុខ​ទៅ «​លា​» ខាងលើ បញ្ច្រាស​គ្នា ឆ្វេង​ម្តង ស្តាំ​ម្តង ហើយ​លៃ​ដៃ និង​ជើង​នោះ​ក៏​ឱ្យ​បញ្ច្រាស់​គ្នា​ផង​ដែរ គឺ​បើ​ឈាន​ជើង​ស្តាំ​ទៅ​មុខ ត្រូវ​លើកដៃ​ឆ្វេង ហើយ​បើ​ឈាន​ជើង​ឆ្វេង​ទៅ​មុខ​វិញ ត្រូវ​លើកដៃ​ស្តាំ ។​ល​។ រួច​ជួនកាល​គេ​រាំ​ធ្វើ​ដំណើរ​ទៅ​មុខ​បី​ជំហាន រួច​គោះ​ជើង​មក​ខាងក្រោយ «​មួយ​» ក៏​មាន ហើយ​ចេះ​តែ​បន្ត​យ៉ាង​នេះ​ជា​រង្វង់​មូល​រហូត​ទៅ ។

ឯ​ចង្វាក់ភ្លេង​រាំវង់​វិញ ជា​ទូទៅ​ពេល​ចាប់ផ្តើម​ច្រើន​តែ​ស្ថិត​នៅ​ក្នុង​ចង្វាក់​នឹង ឬ​ស្មើ​ធម្មតា លុះ​ជិត​ចប់​បទ នីមួយ​ៗ ក្រុម​តន្ត្រី​ច្រើន​តែ​ប្រគំ​រន្ថើន​ឡើង​ៗ «​ញាប់​ឡើង​ៗ» រហូត​ដល់​ចប់ ។

ចំណែក​ខាង​រាំក្បាច់ ក៏​មាន​លំនាំ​ប្រហាក់ប្រហែល​គ្នា​នឹង​ក្បាច់​រាំវង់​ដែរ គឺ​ដៃ​ត្រូវ «​ជីប​» ពីក្រោម ហើយ​លើក​ខ្ពស់​ឡើង​លើ រួច​ទៅ «​លា​» នៅ​ខាងលើ​ខាងឆ្វេង​ម្តង ខាងស្តាំ​ម្តង ប្តូរ​វេន​គ្នា​ដោយ​លៃ​ឱ្យ​បញ្ច្រាស​គ្នា​នឹង​ជើង ដែល​បោះ​ខ្វែងគ្នា​ឈាន​ទៅ​មុខ​នោះ​ផង ។ ពោល​គឺ​បើ​បោះ​ជើង​ស្តាំ​ឈាន​ទៅ​មុខ ខ្វែង​ជើង​ឆ្វេង​ដែល​ទ្រ​ទម្ងន់​ដងខ្លួន ដៃ​ឆ្វេង​ដែល «​ជីប​» ពីក្រោម​ត្រូវ​វាស​លើក​ខ្ពស់ ឡើង​លើ​ត្រឹម​ចុង​ចិញ្ចឹម ហើយ «​លា​» នៅ​ខាងឆ្វេង ។ លុះដល់​ឈាន​ជើង​ឆ្វេង​ទៅ​មុខ ខ្វែង​នឹង​ជើង​ស្តាំ​ដែល​ទ្រ​ទម្ងន់​ដងខ្លួន​វិញ​នោះ ដៃស្តាំ​ដែល «​ជីប​» នៅ​ខាងក្រោម​ត្រូវ​លើក​ខ្ពស់​ឡើង រួច «​លា​» នៅ​ខាងស្តាំ​វិញ​ម្តង ។ ធ្វើ​ចលនា​យ៉ា​ង​នេះ​ក្នុង​ដំណើរ​រាំ​ឈាន​ទៅ​មុខជា​រង្វង់​មូល​ដូច​ជា​រាំវង់​ដែរ ខុស​តែ​ចង្វាក់​នោះ​យឺត​ជាង គឺ​បើ​ស្តាប់​ជើង​ស្គរ​ឃើញ «​តាក់ តាក់ ទីង ទីង (ៗ)» ឬ «​ប៉ា​ក់ ប៉ា​ក់ ពើង ពើង (ៗ) » យ៉ាង​នេះ ។

ឯការ​តុបតែង​លំអ​សម្រាប់​រាំ​វិញ​មាន​លក្ខណៈ​សាមញ្ញ​បំផុត គឺ​មាន​តែ​ទីលាន​ស្អាត និង​តុ​ដាក់​ផ្កា​មួយ​ថូ ឬ​មួយ​ផើង​ដែល​គេ​ចាត់ទុកជា​ស្នូល​កណ្តាល​ប៉ុណ្ណោះ ។ ប៉ុន្តែ​សម័យ​ថ្មី​នេះ​ឃើញ​គេ​មាន​តុបតែង​លំអ​ភ្លើង ឬអ្វី ផ្សេង​ៗ​ទៀត​ទៅ​តាម​ភាព​សម្បូរ​បែប​របស់​កន្លែង នីមួយ​ៗ​ទៀត​ផង ៕