ខេត្តកណ្តាល ៖ ដោយអត់ទ្រាំនឹងសកម្មភាពក្រុមអ្នកល្បែងស៊ីសងតទៅទៀតលែងបាន ប្រជាពលរដ្ឋដាច់ចិត្តផ្ញើរសាររាយការណ៍ចូលហ្វេសប៊ុកផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាលដែលមានខ្លឹមសារថា «បងអើយឃើញមានបងប៉ូលីសទៅណែនាំដែរ តែឥឡូវលែងលេងនៅខាងមុខហើយ ប្ដូរទៅលេងនៅខាងក្រោយផ្ទះវិញ ផ្ទះខាងក្រោយមួយទៀត»។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើនេះភ្លាម និងដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត លោកអធិការនគរបាលស្រុកកោះធំ បានបញ្ជាឱ្យកម្លាំងនគរបាលប៉ុស្តិ៍សំពៅពូន ចុះស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបទីតាំងលេងល្បែងស៊ីសង(បៀរ) ខាងលើ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចរោងដាក់ចំបើងរបស់ឈ្មោះ នី ភ័ណ្ឌ ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ រួមមាន១-ឈ្មោះ ផន រ៉ា ភេទស្រី អាយុ៥៤ឆ្នាំ ២-ឈ្មោះ ជាប់ សៀកណៃ ភេទស្រី អាយុ៤៤ឆ្នាំ ៣-ឈ្មោះ ហុង គឹមលី ភេទស្រី អាយុ៥៩ឆ្នាំ ៤-ឈ្មោះ ចិត្រ សុខថា ភេទស្រី អាយុ៤៩ឆ្នាំ ។ ជនសង្ស័យទាំង៤នាក់នេះ ជាកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។

ដោយឡែកវត្ថុតាងចាប់យករួមមាន សន្លឹកបៀចំនួន២៤៤សន្លឹក, ស្បែកជើងចំនួន១២គូ, ធុងទឹកកកជ័រមានពណ៌លឿងចំនួន១, ប្រាក់ចំនួន៣ម៉ឺន៥ពាន់រៀល, ក្រណាត់កំរាលសម្រាប់ក្រាលលេងបៀចំនួន៣ផ្ទាំង, កន្ទេលចំនួន២ និងសៀវភៅកត់កន្ទុយលេខ មានលេខឆ្នោតចំនួន១ក្បាល។

បន្ទាប់មក កម្លាំងប៉ុស្តិ៍ពិនិត្យឃើញថា ទីតាំងខាងលើនេះ គឺកម្លាំងប៉ុស្តិ៍ធ្លាប់ចុះអប់រំ ណែនាំ និងធ្វើកិច្ចសន្យាម្តងរួចមកហើយ ប៉ុន្តែនៅតែមិនរៀងចាល ។ បច្ចុប្បន្ន សមត្ថកកិច្ចបានបញ្ជូនជនសង្ស័យទាំង៤នាក់ និងវត្ថុតាងទៅអធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីចាត់ការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ