ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​ លើកទឹកចិត្ត​ដល់​សមាគម​កម្ពុជា​-​ជប៉ុន ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​រៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដាច់​ដោយឡែក នៅ​កម្ពុជា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​សមាគម​កម្ពុជា​-​ជប៉ុន ដាក់​ចេញ​ផែនការ​សកម្មភាព​បន្ថែម ​ដើ​ម្បី​ជំរុញ​ការ​វិនិយោគ​នៅ​កម្ពុជា ខណៈ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​ បាន​លើកទឹកចិត្ត​ដល់​សមាគម​…

រាជធានី​ភ្នំពេញ ​៖ ​សមាគម​កម្ពុជា​-​ជប៉ុន ដាក់​ចេញ​ផែនការ​សកម្មភាព​បន្ថែម ​ដើ​ម្បី​ជំរុញ​ការ​វិនិយោគ​នៅ​កម្ពុជា ខណៈ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​ បាន​លើកទឹកចិត្ត​ដល់​សមាគម​ ឱ្យ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​រៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស ​ដាច់​ដោយឡែក នៅ​កម្ពុជា​ ។

ការ​លើកទឹកចិត្ត​នេះ​ នៅ​ពេល​ដៃ​ល​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធាន​សមាគម​កម្ពុជា​-​ជប៉ុន (JCA) ចូល​ជួប​សម្ដែង​ការ​គួរសម ក្នុង​ឱកាស​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​ផ្លូវការ នៅ​ប្រទេស​ជប៉ុន​ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ​។

ក្នុង​ជំនួប​ឯកឧត្តម​ប្រធាន​សមាគម​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ចំពោះ​សម្ដេច​បវរ​ធិ​បតី ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​ឯកឧត្តម និងគណៈប្រតិភូ​សមាគម ចូល​ជួប​សម្តែង​ការ​គួរសម ​។

ឯកឧត្តម​ប្រធាន​សមាគម​បាន​គោរព​ជម្រាប​ជូន​សម្ដេច​បវរ​ធិ​បតី ​អំពី​សកម្មភាព និង​វឌ្ឍនភាព​របស់​សមាគម ​ដែល​បច្ចុប្បន្ន​នេះ ចំនួន​សមាជិកសមាគម​មានការ​កើន​ឡើងជា​បន្តបន្ទាប់ ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​ប្រសើរ​សម្រាប់​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ជប៉ុន សំដៅ​ពង្រីក​ការ​វិនិយោគ​នៅ​កម្ពុជា​ ។

ឯកឧត្តម​ប្រធាន​សមាគម​បាន​បន្ត​ទៀត​ថា ក្នុង​ឆ្នាំ​២០២៥នេះ សមាគម​នឹង​រៀបចំ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ជំរុញ​ការ​វិនិយោគ​បន្ថែម​ទៀត​។ ជាមួយ​គ្នា​នេះ​ ឯកឧត្តម​ប្រធាន​សមាគម​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ សម្របសម្រួល និងគាំទ្រ​សកម្មភាព​ការងារ​របស់​សមាគម​ ជា​ពិសេស​ការ​ជំរុញ និង​ពង្រឹង​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​សមាគម​ ដៃគូ និងភាគី​ពាក់ព័ន្ធ​នានា​នៅ​កម្ពុជា​ ។

ឯកឧត្តម​ ប្រធាន​សមាគម​ ក៏​បាន​គោរព​ជម្រាប​ជូន​អំពី​ផែនការ​សកម្មភាព​សំខាន់​ៗ ​ចំនួន៣ របស់​សមាគម រួម​មាន​ ៖ ១. ការ​ជំរុញ​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) និង​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ នៅ​កម្ពុជា ២. ការ​ជំរុញ​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​កែ​ច្នៃ​ផលិតផល​កសិកម្ម (Agro-Processing) និង ៣. ការ​ជំរុញ​ការ​វិនិយោគ​លើ​សួន​ឧស្សាហកម្ម​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី​បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ​ដែល​បាន​ជួប​ឯកឧត្តម​ប្រធាន​សមាគម​សា​ជា​ថ្មី និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព និង​សកម្មភាព​ការងារ​របស់​សមាគម​។ សម្ដេច​បវរ​ធិ​បតី​ក៏​បាន​គូសបញ្ជាក់​ជា​ថ្មី​អំពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​ប្រភេទ​ឧស្សាហកម្ម និង​តាម​ប្រទេស​ជាក់លាក់​, ជា​ពិសេស ការ​រៀបចំ​យន្តការ​តំបន់​សេដ្ឋកិច្ច​ពិសេស សម្រាប់​សហគ្រាស និង ប្រទេស​ជប៉ុន ​។

ចំពោះ​ការ​ជំរុញ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​, សម្ដេច​បវរ​ធិ​បតី​បាន​លើកទឹកចិត្ត​ដល់​សមាគម​ឱ្យ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​រៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដាច់​ដោយឡែក នៅ​កម្ពុជា (Exclusive Special Economic Zone – ESEZ) សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) របស់​ជប៉ុន ដោយ​សម្ដេច​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​ពី​ការ​គាំទ្រ​ចំពោះ​ការ​ដំណើរការ ESEZ នេះ ​។

មុន​នឹង​បញ្ចប់​សម្ដេច​បវរ​ធិ​បតី​បាន​លើកទឹកចិត្ត​ដល់​សមាគម​ឱ្យ​បន្ត​ពិភាក្សា​បន្ថែម​ទៀត​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា ដើម្បី​ជំរុញ​ការ​រៀបចំ ESEZ នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ