ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហែម​ថុ​ន វិ​ទិ​នី ប្រាប់​មូលហេតុ​លា​ឈប់​​ពី​អាជីព​ហែល​ទឹក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​សម្រេចចិត្ត​លាឈប់​ពី​អាជីព​ហែល​ទឹក​របស់​កីឡាការិនី ហែម​ថុ​ន វិ​ទិ​នី បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មិន​តិច​ទេ បង្ហាញ​អារម្មណ៍​សោកស្ដាយ ស្រប​ពេល​នាង​ក៏​នៅ​ក្មេង​វ័យ​មាន​លទ្ធភាព​បន្ត​បម្រើ​វិស័យ​មួយ​នេះ​បាន​យូរអង្វែង​ទៅ​មុខ​ទៀត ដែល​មិន​គួរ​ចូល​និវត្តន៍​នា​ពេល​នេះ​សោះ ។…

រាជធានី​ភ្នំពេញ ៖ ការ​សម្រេចចិត្ត​លាឈប់​ពី​អាជីព​ហែល​ទឹក​របស់​កីឡាការិនី ហែម​ថុ​ន វិ​ទិ​នី បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មិន​តិច​ទេ បង្ហាញ​អារម្មណ៍​សោកស្ដាយ ស្រប​ពេល​នាង​ក៏​នៅ​ក្មេង​វ័យ​មាន​លទ្ធភាព​បន្ត​បម្រើ​វិស័យ​មួយ​នេះ​បាន​យូរអង្វែង​ទៅ​មុខ​ទៀត ដែល​មិន​គួរ​ចូល​និវត្តន៍​នា​ពេល​នេះ​សោះ ។ ភាព​នឿយណាយ និង​បញ្ហា​ជំងឺ​បាន​ធ្វើ​ឱ្យ​នាង​សម្រេចចិត្ត​លាឈប់​ដោយ​មិន​បក​​ក្រោយ​​ឡើយ ស្រប​ពេល​ដែល​នាង​ក៏​បាន​ប្រកាស​ថា ការ​បំពេញការងារ​ធ្វើ​ជា​កីឡាការិនី​ជម្រើស​ជាតិ តម្រូវ​ឱ្យ​នាង​ដាក់​សម្ពាធ​ខ្លួនឯង​លើ​របប​អាហារ និង​ការ​ហ្វឹកហាត់​ខ្លាំង​ណាស់ ទើប​នាង​លែង​​ចង់​តស៊ូ​។ ជាមួយនឹង​ការ​សម្រេចចិត្ត​បែប​នេះ​ធ្វើ​ឱ្យ​ម្នាក់​ៗ​សោកស្ដាយ ខណៈ​ដែល​នាង​ធ្លាប់​មាន​ស្នាដៃ​រាប់​មិន​អស់ ទោះបី​មិន​ធ្លាប់​ទទួល​បាន​មេដាយមាស​លើ​ឆាក​អន្តរជាតិ​ក្ដី​។

កញ្ញា ហែម​ថុ​ន វិ​ទិ​នី បាន​ថ្លែងប្រាប់​ពី​មូលហេតុ​នោះ​ថា កញ្ញា​បាន​លាលែង​ពី​ក្រុម​ជម្រើសជាតិ​ហែល​ទឹក តាំងពី​ដើមខែ​តុលា ឆ្នាំ ២០១៩ ម្ល៉េះ ពោល​គឺ​នៅ​ពេល​ដែល​មានការ​ប្រកាស​សមាស​ភាព​កីឡាការិនី​ហែល​ទឹក ដើម្បី​ទៅ​ចូលរួម​ស៊ី​ហ្គេ​ម នៅ​ហ្វី​លី​ពី​ន ។ ជុំវិញ​ការ​លាឈប់​ពី​ជម្រើស​ជាតិ​នេះ កញ្ញា​ប្រាប់​ថា សុខ​ភាព​គឺជា​បញ្ហា​តែ​មួយ​គត់​ដែល​ធ្វើ​ឱ្យ​នាង​ឈប់​បន្ត​។

កីឡាការិនី​ហែល​ទឹក ដែល​ធ្លាប់​ចូលរួម ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​តំណាង​កម្ពុជា ដល់​ទៅ​៣​លើក​រូប​នេះ​បញ្ជាក់​ថា នាង​មាន បញ្ហា​ដុះសាច់ច្រមុះ​ធ្ងន់ធ្ងរ ហើយ​អាច​ឈាន​ដល់​ប៉ះពាល់​ប្រព័ន្ធ​ប្រសាទ​ផង​ដោយ​ជំងឺ​មួយ​នេះ​ត្រូវ​ទទួល​ការ​ព្យាបាល​រយៈពេល​វែង ឬ​មួយ​ជីវិត​តែ​ម្តង ដែល​តម្រូវ​ឱ្យ​នាង​ត្រូវ​តែ​ឈប់​ធ្វើការ​ជាមួយ​ទឹក​ដើម្បី​កុំឱ្យ​មានការ​រលាក​បន្ត​ទៀត ។

នាង​បាន​ថ្លែង​ថា ជំងឺ​ដែល​កំពុង​កើតឡើង​នោះ គឺ​មាន​បញ្ហា​ដក់​ទឹក​ក្នុង​ច្រមុះ ដែល​ធ្វើ​ឲ្យ​នាង​មិន​អាច​ចុះ​ទឹកបាន​ទៀត ហើយ​បណ្ដាល​មក​ពី​ពេល​កន្លង​មក នាង​បង្ខំចិត្ត​ចុះ​ទឹក ទាំង​ការ​ហ្វឹកហាត់ និង​ទាំង​ក្នុង​ការ​ប្រកួត​នោះ​ហើយ ទើប​ធ្វើ​ឱ្យ​ជំងឺ​មួយ​នេះ​កាន់តែ​ធ្ងន់ធ្ងរ និង ព្យាបាល​មិនជា ។

នាង​លើក​ឡើង​ថា ក្រោយ​ពេល​ចុះ​ទឹក​ម្ដង​ៗ វា​នឹង​ធ្វើ​ឲ្យ​សាច់​ក្នុង​ច្រមុះ នាង​រីក ដែល​បណ្តាល​ឲ្យ​ពិបាក​ក្នុង​ការ​ដក​ដង្ហើម និង​ពិបាក​គេង ស្រប​ពេល​ដុំ​សាច់​នោះ មិន​អាច​ធ្វើការ​វះកាត់​បាន​ផង ទើប​បញ្ហា​ចុះ​ទឹក​គឺជា​បញ្ហា​ដ៏​លំបាក ។ កញ្ញា​បន្ត​ថា គ្រូពេទ្យ បាន​ប្រាប់​នាង​ថា ច្រមុះ​របស់​នាង​មាន​ជំងឺ​អា លែ​ក្ស៊ី ឬ​ប្រតិកម្ម​ជាមួយ​សារធាតុ​ក្ល​ដែល​ដាក់ ក្នុង​អាង​ទឹកតែ​ម្ដង ទើប​ឱ្យ​តែ​នាង​ចុះ​ទឹក​ជំងឺ​មួយ​នេះ​ធ្វើទុក្ខ ។ នាង​សម្ដែង​អារម្មណ៍​សោក​ស្ដាយ​ដែល​ត្រូវ​បោះបង់​អាជីព​ដែល​ធ្លាប់​តស៊ូ តែ​នាង​ក៏​មិន​អាច​ដើម្បី​កីឡា ហើយ​បំផ្លាញ​សុខភាព​របស់​ខ្លួន​បន្ត​ទៀត​នោះ​ដែរ ។

យ៉ាងណា​ក៏​ដោយ អតីត​កីឡាការិនី​មាន​ឈាមជ័រ​ក្នុង ត្រកូល​អ្នក​កីឡាហែលទឹក ដែល​ជា​ចៅ​បង្កើត​របស់​ព្រឹទ្ធាចារ្យ ហែម ថុ​ន នឹង​មិន​ទៅ​ណា​ឆ្ងាយ​ពី​វិស័យ​ដែល​ខ្លួន​ស្រឡាញ់​តាំងពី​តូច​នេះ​ឡើយ ដោយ​យក​គោលដៅ​ជីវិត​ក្នុង​កីឡាហែលទឹក របស់​ខ្លួន​នេះ ទៅ​កាន់​ក្មេង​ជំនាន់​ក្រោយ​តាម​រយៈ​ការ​បង្ហាត់បង្ហាញ​នូវ​តិច​និក​ខ្លះ តាមតែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួយ​ដល់​អ្នក​ជំនាន់​ក្រោយ​ដែល​ចង់​ក្លាយជា​កីឡាការិនី​ហែល​ទឹក​ជំនាញ​។ កញ្ញា​ថា បច្ចុប្បន្ន​នាង​គឺជា​គ្រូ​អប់រំ​កាយ និង កីឡា​​ផង ដូច្នេះ គឺ​ទោះជា​នាង​មិន​អាច​ហែល​ទឹក​ក្នុង​នាម​ជា​កីឡាការិនី​ដូច​មុន តែ​ក៏​អាច​ចូលរួម​បន្ត​ជួយ​វិស័យ​នេះ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ កីឡាការិនី ហែម​ថុ​ន វិ​ទិ​នី មុន​ពេល​លាឈប់​នាង​មាន​ស្នាដៃ​ជា​ច្រើន​បន្សល់​ទុក បើ​ទោះជា​នាង​មិនមែន​ជា​ម្ចាស់​មេដាយ​អន្តរជាតិ​បាន​ម្ដង នៅ​រាល់​ការ​ប្រកួត​នៅ​ក្រៅប្រទេស ។ នាង​បាន​ហ្វឹកហ្វឺន​ការ​ហែល​ទឹក​តាំងពី​ឆ្នាំ​១៩៩៩ ក្នុង​ពេល​ដែល​នាង​អាយុ​៥​ឆ្នាំ និង​បាន​ជាប់​ជម្រើសជាតិ​ក្នុង​ឆ្នាំ​២០០៣ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​សាកល្បង​សមត្ថភាព​ជា​ច្រើន​លើក ។ ក្នុង​ឆ្នាំ​២០០៥ នាង​បាន​បង្ហាញខ្លួន​ក្នុង​កម្មវិធី​ប្រកួត​កីឡាហែលទឹក​លើក​ដំបូង​នៅ​ថៃ​ដោយ​ទទួល​ត្រឹម​លទ្ធផល​បរាជ័យ ។

ឆ្នាំ​២០០៦​បាន​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​កា​តា ឆ្នាំ​២០០៧​ចេញ​ទៅ​ស៊ី​ហ្គេ​ម​នៅ​ថៃ និង​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន​នា​អំឡុង​ខុស​ខែ​គ្នា​ក្នុង​ឆ្នាំ​ដដែល​ដោយ​បាន​ត្រឹម​លទ្ធផល​ឈាន​ដល់​វគ្គ​ទី​ពីរ​។ ឆ្នាំ​២០០៨ បាន​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ចិន ឆ្នាំ​២០០៩​ចេញ​ទៅ​បី​ប្រទេស​ព្រម​គ្នា​គឺ​សិង្ហ​បុរី ឡាវ និង​អ៊ីតា​លី ឆ្នាំ​២០១០​ចេញ​ទៅ​ទីក្រុង ក្វា​ង​ចូ​វ ប្រទេស​ចិន​ក្នុង​កម្មវិធី​អាស៊ាន​ហ្គេ​ម​៤៥ ប្រទេស និង​ទៅ​ទីក្រុង​ឌូ​បៃ ដោយ​ទទួល​ត្រឹម​លទ្ធផល​មិន​ខុស​មុន ។ ក្នុង​ពេល​ដែល​ចេញ​ទៅ​ឡាវ​កាលពី​ឆ្នាំ​២០១២ ក៏​មិន​មាន​លទ្ធផល​ជោគជ័យ ។

ម្នាក់​ៗ និយាយ​ថា ហែម​ថុ​ន វិ​ទិ​នី មក​ពី​មានឱកាស​ចេញផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ និង​តាម​សារព័ត៌មាន​ច្រើន​ទើប​កេរ្តិ៍ ឈ្មោះ​របស់​នាង​ស្ទុះ​ឡើង​តែ​មួយប៉ប្រិចភ្នែក ខណៈ​ដែល​ការ​ចាប់​អារម្មណ៍​ចំពោះ​នាង​ត្រូវ​គេ​ផ្ដោត​រឿង​សម្រស់​របស់​នាង​ច្រើន​ជាង​ស្នាដៃ​ដែល​នាង​មិន​សម្រេច​បាន​នៅ​ក្រៅប្រទេស ។ អ៊ីចឹង​ហើយ​ទើប​សូ​ម្បី​តែ​ក្នុង​ស្ប៉ត​របស់​ស្រា​បៀរ​អង្គរ​បេះដូង​ខ្មែរ ក៏​គេ​ឃើញ​តារា​ហែល​ទឹក​ល្បី​រូប​នេះ​ត្រូវ​គេ​ជ្រើស​ជា​តួឯក​ម្នាក់​ក្នុង​ចំណោម​កីឡាករ​និង​កីឡាការិនី​ទាំងឡាយ​ដែល​សុទ្ធតែ​មាន​ស្នាដៃ​ដណ្ដើម​បាន​មេដាយ​នៅ​លើ​ឆាក​អន្តរជាតិ ។ ក្នុង​នោះ​នាង​ក៏​មាន​ស្នាដៃ​ទទួល​បាន​មេដាយ​ក្នុងស្រុក​រាប់​មិន​អស់ និង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​គឺជា​កីឡាការិនី​ឆ្នើម​ផ្នែក​ហែល​ទឹក​លំដាប់​ប្រទេស​មុន​ពេល​លាឈប់​ផង​ដែរ​។

ក្រៅពី​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ នាង​ក៏​ជា​កីឡាការិនី​ដែល​មាន​រូប​សម្រស់​ផូរផង​គួរ​ឱ្យ​សរសើរ​ផង​ដែរ ។ នៅ​លើ​បណ្ដាញសារព័ត៌មាន​មួយ​បាន​ទាំង​ប្រៀបធៀប​សម្រស់​នាង​ទៅ​នឹង សម្រស់​តារា​ល្បី​ៗ រាល់ពេល​នាង​លេងខ្លួន​ស្រស់​ស្អាត​ម្ដង​ៗ​នោះ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ