រាជធានីភ្នំពេញ ៖ ក្រៅពីការពុះពារបង្កើនគុណភាពកីឡាករកីឡាការិនីគ្រប់ផ្នែកដើម្បីត្រៀមខ្លួននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ មន្ត្រីជាន់ខ្ពស់រ៉ាប់រងនៅក្នុងព្រឹត្តិការណ៍នេះ ក៏បានប្រកាសផងដែរថា យ៉ាងហោចត្រូវមានអ្នកនៅក្រៅវិស័យកីឡារហូតដល់ជាង១ម៉ឺននាក់ ជួយដល់ព្រឹត្តិការណ៍មួយនេះ ទើបអាចឱ្យស៊ីហ្គេមដំណើរការទៅបាន ។ អ្នកទាំងជាង១ម៉ឺននាក់នេះ មិនសំដៅលើផ្នែកជំនាញនោះទេ ពោលគឺគ្រាន់តែជាផ្នែកបន្ទាប់បន្សំប៉ុណ្ណោះ ប៉ុន្តែជាក្រុមបុគ្គលដែលមិនអាចខ្វះបាន ហើយត្រូវយកមកបំពាក់បំប៉នផងដែរ ដើម្បីជួយដល់ស៊ីហ្គេម។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា (CAMSOC) បានថ្លែងដដែលជាដដែលថា នៅក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនោះ កម្ពុជាមិនអាចគ្រាន់តែរៀបជើងព្រួលសម្រាប់អ្នកជ្រកនៅក្នុងវិស័យកីឡាតែម្យ៉ាងកើតទេ ពោលគឺត្រូវមានបម្រុងទុកជាច្រើនផ្សេងទៀត សម្រាប់ព្រឹត្តិការណ៍ទាំងមូល ។ លោកថា កម្ពុជា ត្រូវតែមានអ្នកស្ម័គ្រចិត្តយ៉ាងហោចជាង១ម៉ឺននាក់ចូលរួមបម្រើផ្ទាល់ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះជាដាច់ខាត ។
អ្នកស្ម័គ្រចិត្តទាំងនោះ គឺសម្រួលលើផ្នែកសំខាន់ៗដូចជា បិទផ្ទាំងផ្សព្វផ្សាយ និងជួយគ្រប់គ្រងទុកដាក់លើសំរាមជាដើម ដែលក្រុមការងារទាំងនេះ កម្ពុជាត្រូវបែងចែកជាផ្នែក ហើយក៏មានការបណ្ដុះបណ្ដាលផងដែរ ដើម្បីឱ្យអ្នកស្ម័គ្រចិត្តទាំងនោះ អាចជួយជាប្រយោជន៍ច្បាស់លាស់ដល់ស៊ីហ្គេមទាំងមូល។ អ្នកទាំងជាង១ម៉ឺននាក់នោះ ដាច់ខាតត្រូវតែមានឆន្ទៈនៅក្នុងវិស័យកីឡា ហើយបើទោះជាទទួលបានថវិកាឧបត្ថម្ភខ្លះៗពីគណៈកម្មការរៀបចំ តែក៏ត្រូវតែមានទឹកចិត្តចូលរួមដោយបេះដូងផងដែរ ទើបអាចបំពេញការងារនេះជួយដល់ព្រឹត្តិការណ៍បានដោយជោគជ័យ។
លោកអគ្គលេខាធិការ CAMSOC រូបនេះ បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋទាំងអស់ជាចលករ ដ៏សំខាន់ ជាពិសេសយុវជន ដោយត្រូវ ត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងការចូលរួមបម្រើផ្ទាល់នៅក្នុងព្រឹត្តិការណ៍នេះទាំងមូល។
អ្នកស្ម័គ្រចិត្តទាំងនោះ ត្រូវជួយបំពេញតួនាទីក្នុងនាមជាម្ចាស់ផ្ទះ ដោយការងារសំខាន់ គឺត្រូវរៀបចំទុកដាក់សម្អាតផ្ទះសំបែងឲ្យបានស្អាតនៅក្នុងនិងក្រៅបរិវេណទីលាន ត្រូវដាក់ឡូហ្គោស៊ី ហ្គេម ត្រូវដើរតួជាអ្នកផ្សព្វផ្សាយស៊ីហ្គេម ពោលគឺធ្វើយ៉ាងណាឲ្យមានភាពអស្ចារ្យ ឲ្យព្រឹត្តិការណ៍លើកដំបូងនេះមានលក្ខណៈផុលផុស និងមានសណ្ដាប់ធ្នាប់ ដើម្បីចារក្នុងប្រវត្តិសាស្ត្រ ឱ្យប្រជាជាតិជុំវិញពិភពលោកមិនអាចបំភ្លេច បាន ។
ក្នុងនោះអ្នកស្ម័គ្រចិត្តទាំងអស់ ក៏ត្រូវចូលរួមធ្វើជាអ្នកនាំផ្លូវ និងស្វាគមន៍រាល់ភ្ញៀវកិត្តិយសនៅក្នុងពិធីផងដែរ ជាពិសេសគឺឈរចង្អុលបង្ហាញទីតាំងនីមួយៗ និងអាចជាអ្នកជួយសម្រួលចរាចរណ៍ផងបន្ថែមពីលើកម្លាំងសមត្ថកិច្ច ដើម្បីជួយគ្នានៅក្នុងពិធី។ ដូច្នេះហើយ ទើបអ្នកស្ម័គ្រចិត្តទាំងនេះ ក៏ត្រូវចាំបាច់មានការបណ្ដុះបណ្ដាលផងដែរ ដើម្បីឱ្យផ្នែកនីមួយៗមានការទទួលខុសត្រូវការងារច្បាស់លាស់។
លោកនៅតែរំពឹងថា ការរៀបចំស៊ីហ្គេម ឬ កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តទៅរៀងរាល់២ឆ្នាំម្ដង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនាឆ្នាំ២០២៣ ធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នោះ នឹងទទួលជោគជ័យ ខណៈដែលស្តាតថ្មី គឺពហុកីឡដ្ឋានមរតកតេជោ ក៏ត្រូវដុតដៃដុតជើង យ៉ាងយកចិត្តទុកដាក់ក្នុងការសាងសង់ឱ្យបានរួចរាល់១០០ភាគរយ មុនកាលកំណត់ ដើម្បីបើកជាទីលានប្រកួតសាកល្បងផងដែរ នៅមុនព្រឹត្តិការណ៍ផ្លូវការកើតឡើង ។
អ្វីដែលលោកលើកឡើងនេះ នៅមិនទាន់រាប់បញ្ចូលលើផ្នែកជំនាញ ដូចជាអ្នករាំ និងអ្នកចូលរួមបើកព្រឹត្តិការណ៍ អ្នកផ្សាយបន្តផ្ទាល់ អ្នកថតរូប និងមន្ត្រីបដិសណ្ឋារកិច្ច ដែលតាមការប៉ាន់ស្មានគឺមានដល់ខ្ទង់ម៉ឺននាក់នោះផង។ លោក វ៉ាត់ ចំរើន អះអាងថា ជាង១ម៉ឺននាក់ដែលសំដៅនេះ គ្រាន់តែជាយុវជនស្ម័គ្រចិត្តនៅខាងក្រៅអ្នកជំនាញប៉ុណ្ណោះ ប៉ុន្តែបើឱ្យរាប់ទាំងអ្នកជំនាញដែលពាក់ព័ន្ធនឹងការប្រកួតនេះទាំងមូល គឺមានមិនតិចម៉ឺននាក់ឡើយ ទើបអាចដំណើរការស៊ីហ្គេមក្នុងឆ្នាំ២០២៣ បានដោយរលូន ។ នេះជាការលើកឡើងជារឿយៗរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ក្នុងកិច្ចប្រជុំ និងឱ្យអ្នកសារព័ត៌មានក្នុងស្រុកបានដឹង ។
ជាមួយគ្នានេះលោក វ៉ាត់ ចំរើន ក៏មានប្រសាសន៍ក្នុងន័យប្ដេជ្ញាថា កម្ពុជាត្រូវតែចេញពីចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម ១១ប្រទេស ដែលធ្លាប់តែទទួលបាន ដើម្បីឈរលេខរៀងទី៥ ឬល្អជាងនេះ សម្រាប់លទ្ធផលស៊ីហ្គេមក្នុងឆ្នាំ២០២៣ ។ លោកថា បណ្តាប្រទេសអាស៊ានទាំងអស់ ជាពិសេស គឺ ស៊ីហ្គេមពីរលើក ចុងក្រោយដែលបានធ្វើឡើងនៅម៉ាឡេស៊ីក្នុងឆ្នាំ២០១៧ និង ស៊ីហ្គេម នៅហ្វីលីពីន ឆ្នាំ២០១៩ គឺ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ៨ ដូចៗគ្នា។
ដូច្នេះសម្រាប់ឱកាសបានធ្វើជាម្ចាស់ផ្ទះលើកដំបូងនៅឆ្នាំ២០២៣ គឺកម្ពុជានឹងរុញប្រទេស៣ទៀត ដែលតែងតែនាំមុខកម្ពុជាឱ្យឈរនៅចំណាត់ថ្នាក់ក្រោមកម្ពុជាវិញម្ដង ដោយលោករំពឹងថា យុទ្ធសាស្ត្រដែលបានរៀបចំ ដ្បិតថាមិនទាន់ប្រាកដពីលទ្ធផល១០០ភាគរយ តែលោកសង្ឃឹមច្រើន៕
ចែករំលែកព័តមាននេះ