ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ FTA រវាង​កម្ពុជា​-​ចិន​នឹង​ជួយ​កម្ពុជា​ក្លាយជា​គោលដៅ​សម្រាប់​ក្រុមហ៊ុន​អា​មេ​រិ​ក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា នេះ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន (Free…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា នេះ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន (Free Trade Agreement-FTA) ដែល​បាន​បញ្ចប់​រួចរាល់ និង​ត្រៀម​ចុះហត្ថលេខា​នា​ពេល​ខ្លី​ខាង​មុខ​នឹង​ដើរតួ​ជា​កត្តា​សំខាន់​មួយ​ជួយ​ឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​សម្រាប់​ក្រុមហ៊ុន​អា​មេ​រិ​ក ។

ថ្លែង​នា​ឱកាស​ជួប​ពិភាក្សា​ការងារ​ជាមួយនឹង​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន តាម​ប្រព័ន្ធ​វី​ដេ​អូ នៅ​វិមាន​សន្តិភាព សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​សង្ឃឹមថា ច្បាប់ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នឹង​ដើរតួ​ជា​កត្តា​ដ៏​សំខាន់​មួយ​ជួយ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​សម្រាប់​ក្រុមហ៊ុន​អាម៉េរិក ដែល​កំពុង​រក​ទីតាំង​ផលិតកម្ម​ថ្មី​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ។ បន្ថែម​លើ​នេះ​រាជរដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់​នូវ​វិធានការ កែទម្រង់​មុត​ស្រួច​នានា​សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់​ៗ ដែល​បណ្ដា​វិនិយោគិន និង​ធុរជន​កំពុង​ជួប​ប្រទះ​ក្នុង​គោលបំណង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា តាម​រយៈ​ការ​បង្ក​ភាព​ងាយស្រួល និង​ការ​បង្កើត បរិយាកាស​អំណោយផល​ដល់​ការ​ធ្វើ​អាជីវកម្ម និង​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​» ។

សម្តេច​តេ​ជោ​បាន​បន្ត​ថា «​ជា​ទិស​ដៅ​ទៅ​មុខ​កម្ពុជា​នឹង​ដាក់​ឱ្យ​អនុវត្ត​នូវ​វិធានការ​អន្តរាគមន៍​សម​ស្រប និង​ទាន់​ពេល គួប​ផ្សំ​នឹង​ការ​គិតគូរ​ជា​យុទ្ធសាស្ត្រ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​, គោលនយោបាយ​រូបិយ​វត្ថុ និង​វិធានការ​កែទម្រង់​រចនាសម្ព័ន្ធ សំដៅ​សម្រេច​ឱ្យ​បាន​នូវ​គោលបំណង​ជា​អាទិភាព​ចំនួន​២ រួម​មាន​៖ ការ​រក្សា​លំនឹង​សេដ្ឋកិច្ច និង​សង្គម និង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើង​វិញ​» ។ សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ធុរកិច្ច​អា​មេ​រិ​កមួយ​ចំនួន ដែល​មាន​វត្ត​មាននៅ​កម្ពុជា ក៏​បាន​ទទួល​នូវ​ផលប្រយោជន៍​ពី​វិធានការ​ទាំងនេះ​។

ទន្ទឹម​នេះ ទោះបីជា​មាន​បញ្ហា​ជំងឺ​កូ​វី​ដ​ក៏​ដោយ តែ​សម្តេច​មាន​មោទនភាព​ចំពោះ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ដែល​នៅ​ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២០​នេះ បាន​កើនឡើង​ប្រមាណ​ជិត​១៧​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​កន្លង​ទៅ ។

ជាក់ស្តែង​កន្លង​មក សម្តេច​បាន​បញ្ជាក់​ថា ដើម្បី​ទាក់ទាញ​វិនិយោគិន​បន្ថែម ជា​ពិសេស​នៅ​ពេល​ជំងឺ​កូ​វី​ដ​-១៩ មាន​ភាព​ធូរស្រាល​នោះ កម្ពុជា​កំពុង​រៀបចំ​កែ​លម្អ​ច្បាប់​វិនិយោគ និង​ប្រព័ន្ធ​លើកទឹកចិត្ត​ថ្មី ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង មាន​ភាព​ទាក់ទាញ​សម្រាប់​ឧស្សាហកម្ម​ប្រភេទ​អេ​ឡិច​ត្រូ​និក​, បង្គុំ​, ក​សិ​-​ឧស្សាហកម្ម​, គ្រឿងបន្លាស់​, ឧស្សាហកម្ម​គាំទ្រ និង ឧស្សាហកម្ម​ផ្សេង​ទៀត​។

សូម​រម្លឹក​ថា ក្រុមការងារ​កម្ពុជា​-​ចិន​បាន​បញ្ចប់​ការ​ចរចា​ពាណិជ្ជកម្ម​សេរី ហើយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​គ្រោង​នឹង​ចុះហត្ថលេខា​ឆាប់​ៗ​ខាង​មុខ​នេះ ។ ដូច្នេះ​ប្រសិនបើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន ចូល​ជា​ធរមាន នោះ​ទំនិញ​ជាង​៣០០​មុខ​របស់​កម្ពុជា​នឹង​ត្រូវ​នាំ​ទៅ​ចិន ដែល​ភាគច្រើន គឺជា​ផ​លិ​ផល​កសិកម្ម និង​ផលិតផល​សម្រេច​ចេញពី​ឧស្សាហកម្ម​កែ​ច្នៃ​។ ក្នុង​ចំណោម​មុខទំនិញ​ជាង​៣០០​មុខ​នេះ គឺ​ផលិតផល​កសិកម្ម​៩៥​ភាគរយ​ត្រូវ​បាន​រួច​ពន្ធ​សម្រាប់​ការ​នាំ​ចេញ​ទៅ​ចិន ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ