រាជធានីភ្នំពេញ៖ ក្មេងប្រុសម្នាក់បានរងរបួសធ្ងន់ដោយសារមន្ត្រីយោធាម្នាក់ដែលមានឋានៈជានាយរងកងដឹកជញ្ជូនកងពលតូចលេខ៧០ផឹកស្រាស្រវឹង ហើយបានដកកាំភ្លើងខ្លីបាញ់ស្ដារកាណុងភ្ញុចដីបណ្ដាលឲ្យគ្រាប់ផ្លាតខ្ទាតទៅត្រូវដួលដេកនៅនឹងកន្លែង។
ក្រោយកើតហេតុក្មេងប្រុសរងគ្រោះត្រូវក្រុមគ្រួសារនាំទៅកាន់មន្ទីរពហុព្យាបាលឡាំប៊ុនថនដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ប៉ុន្តែពេលទៅដល់ក្រុមគ្រូពេទ្យនៅទីនោះមិនហ៊ានព្យាបាលក៍បានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកុមាជាតិវិញ ចំណែកនាយទាហានម្នាក់នោះបានព្យាយាមជិះម៉ូតូ១គ្រឿងរត់គេចខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងប្រជាកាពារនាំគ្នាដេញតាមចាប់ខ្លួនបានប្រគល់ទៅឲ្យប៉ូលិសចាត់ការតាមផ្លូវច្បាប់។
ហេតុការណ៌នោះបានកើតឡើងកាលពីវេលាម៉ោង៦ និង៤៥នាទីយប់ ថ្ងៃទី១៤ មីនា ២០១៥ នៅចំណុចភូមិត្រពាំងអញ្ចាញទី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នាយទាហានរូបនោះឈ្មោះ ប៉ុល ពន្លឺ អាយុ៤៣ឆ្នាំ មានឋានន្តរស័ក្ដិវរសេនីយ៍ត្រី នាយរងការិយាល័យកងដឹកជញ្ជូន កងពលតូចលេខ៧០ មានទីលំនៅក្នុងភូមិត្រពាំងអញ្ចាញទី៦ ង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ប្រើប្រាស់កាំភ្លើងខ្លីម៉ាករ៉ូឡូ១ដើម លេខ៥៨៣២។ ចំណែកក្មេងប្រុសរងគ្រោះឈ្មោះ តុល ចន្ថា អាយុ១២ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ រងរបួសភ្លៅខាងស្ដាំបៀមគ្រាប់ធ្ងន់ធ្ងរ ពេលនេះកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យកុមារជាតិ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ