ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​គោ​ទុក​ឱ្យ​អញ !

9 ឆ្នាំ មុន

ព្រះរាជអាជ្ញា​រង​នៅ​ខេត្ត​ពង​ពឺ​ប្រាប់​គេ​ថា ពួក​រង​ៗ​ទាំងឡាយ​ ចង់​អត់បាយ​ហើយ ព្រោះ​មេ​យក​អស់ហើយ​សាច់​គោ​… ​ស៊ី​គោ​ទាំង​ភ្លៅ​ៗ… ​អត់​មើល​កូនចៅ​ស៊ី​បាយ​ក្រហម​ទេ​… ​។ បើ​និយាយ​ឱ្យ​ចំ​គោលដៅ សំបុក​អ្នក​ច្បាប់​តាម​ខេត្ត​ខ្លះ​នោះ​គេច​មិន​ផុត​ពី​ពុក​រលេះរលួយ​ឡើយ

ប៉ុន្មាន​ថ្ងៃនេះ​អា​ឡេវ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​មួយ​ចំនួន ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ពី​រាជធានី​ភ្នំពេញ ។ បាន​ទៅ​ដល់​ខេត្ត​ពង​ពឺ​…​ខេត្ត​ពង​ណាំង និង​ខេត្ត​ពង​ធំ​…
បាន​ជួប​អភិបាលរង​ស្រុក​ច្រើន​នាក់​ហើយ​…​ ពួក​គេ​ច្រើន​តែ​និយាយ​ថា សាច់​ការ​នៅ​លើ​ខ្ញុំ​…​ ឯ​សាច់​គោ​នៅ​លើ​មេ​…​ ។ ចុះ​ដល់​មូលដ្ឋាន​ភូមិ​-​ឃុំ​…​សាច់​គោនៅ​លើ​គេ​… ​ដល់​សាច់​ការ​គេ​រុញ​មក​ខ្ញុំ​… ​។​ល​។

ដោះស្រាយ​ម្តង​ៗ​ល្វីងមុខ​… បាន​ជួប​ជាមួយ​ព្រះរាជអាជ្ញា​រង​… ​ពួក​គេ​ត្អូញត្អែរ​ថា សាច់​គោ​មេ​ស៊ីដាច់​… ​ឯ​សាច់​ការ​ធ្លាក់​លើ​រង​ទាំងអស់​… ​។
ជួប​ជាមួយ​ព្រះរាជអាជ្ញា​រង​មួយ​ចង្កោម​ នៅ​ខេត្ត​ពង​ពឺ​… ​និយាយ​ដូច​គ្នា​ថា ៖
-ពួក​ខ្ញុំ​គ្រប់​គ្នា​ចង់​អត់បាយ​ហើយ​… ​សាច់​គោ​នៅ​លើ​ដៃ​មេ​…​ ឯ​សាច់​ការ​មេ​ទម្លាក់​មក​លាន់​ដូច​រន្ទះ​… ​បន់​ឱ្យ​តែ​គេ​ដូរ​មេ​ចេញ​ទេ​… ​បណ្តោយ​ឱ្យធ្វើ​យ៉ាងនេះ​ក្រសួងយុត្តិធម៌​…​ ដូច​អត់​យុត្តិធម៌​… ​។

អា​ឡេវ​គិត​ថា នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ មេ​ព្រះរាជអាជ្ញា​មាន​យុត្តិធម៌​ណាស់​…​ បញ្ជូន​ភ្លាម​ៗ​គ្រប់​រឿង​ឱ្យ​រង​ចាត់ការ​…​ អត់​គិត​ពី​រឿង​សាច់​គោ​អញ​…​ សាច់​ការ​ឯង​នោះ​ទេ ព្រោះ​ជា​សម័យ​រុងរឿង គួរ​សាលាដំបូង​តាម​ខេត្ត​នានា​មក​រៀនសូត្រ​តាម​ហើយ​… ​។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គួរ​កុំ​ចាំ​មាន​គេ​ប្តឹង ទើប​កោះហៅ​មក​សួរ​ចម្លើយ​…​ គួរ​ដើរ​មើល​ព្រះរាជអាជ្ញា​តាម​ខេត្ត តើ​មេ​ព្រះរាជអាជ្ញា​មួយ​ណា​សាច់​គោ​លើ​អញ​… ​សាច់​ការ​លើ​ឯង​… ​នោះ​ទើប​គេ​ហៅ​ថា មិនមែន​មន្ត្រី​ជើង​១០ ។

ព្រះរាជអាជ្ញា​រង​នៅ​ខេត្ត​ពង​ពឺ​ប្រាប់​គេ​ថា ពួក​រង​ៗ​ទាំងឡាយ​ ចង់​អត់បាយ​ហើយ ព្រោះ​មេ​យក​អស់ហើយ​សាច់​គោ​… ​ស៊ី​គោ​ទាំង​ភ្លៅ​ៗ… ​អត់​មើល​កូនចៅ​ស៊ី​បាយ​ក្រហម​ទេ​… ​។

បើ​និយាយ​ឱ្យ​ចំ​គោលដៅ សំបុក​អ្នក​ច្បាប់​តាម​ខេត្ត​ខ្លះ​នោះ​គេច​មិន​ផុត​ពី​ពុក​រលេះរលួយ​ឡើយ ៕ អា​ឡេវ