ភ្នំពេញ៖ ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅកម្ពុជា នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ ចូលដល់ខ្ទង់រយ និងមានទាំងអ្នកស្លាប់ជាបន្តបន្ទាប់ ប៉ុន្តែរាជរដ្ឋាភិបាល អាចគ្រប់គ្រងបាន តាមរយៈការបើកឡើងវិញនូវការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ និងចុងក្រោយ រហូតដល់បើកការធ្វើដំណើរចេញចូលរាជធានីភ្នំពេញថែមទៀតផង។
ក្រសួងសុខាភិបាល បានប្រកាសពីករណីឆ្លងជំងឺកូវីដ១៩ថ្មី នៅទូទាំងប្រទេស មានចំនួន ៥២០នាក់ ជាសះស្បើយថ្មី ៣០១នាក់ និងស្លាប់ថ្មី ៦នាក់ កាលពីថ្ងៃទី៨ ខែឧសភា។ បើគិតជាសរុបករណីឆ្លងកូវីដ១៩ នៅកម្ពុជា មកដល់ថ្ងៃទី៩ឧសភា មានចំនួន ១៩២៣៧នាក់ ជាសះស្បើយ ៧៦៤១នាក់ និងស្លាប់សរុប ១២០នាក់។
ករណីជំងឺកូវីដ១៩ គឺនៅភ្នំពេញ ឆ្លងច្រើនជាងគេ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះខ្ទង់ ជាង ៤០០នាក់ និងជាង ៥០០នាក់ ក្នុង ១ថ្ងៃៗ។ ប៉ុន្តែនៅថ្ងៃទី៨ឧសភា នៅភ្នំពេញ បានធ្លាក់ចុះពាក់កណ្តាលបើធៀបថ្ងៃ៧ឧសភា មកនៅត្រឹមជាង ២០០នាក់។ រីឯនៅបណ្តាខេត្តផ្សេងទៀត ដូចជា នៅខេត្តព្រះសីហនុ នៅខេត្តកណ្តាល និងនៅខេត្តបន្ទាយមានជ័យ ជាដើម ក៏មានអ្នកឆ្លងមិនតិចនាក់ទេ ក្នុង ១ថ្ងៃៗ។ យើងមិនមានតួលេខច្បាស់តាមបណ្តារាជធានីខេត្ត នារយៈពេលចុងក្រោយនេះ ដោយសារតែក្រសួងសុខាភិបាល លែងចេញផ្សាយចំនួនអ្នកឆ្លងតាមខេត្តរាជធានី ដូចមុនៗទៀត គឺផ្សាយសរុបអ្នកឆ្លង អ្នកជា និងអ្នកស្លាប់យករួមតែម្តង។
យ៉ាងណាក៏ដោយចុះ មិនថា នៅភ្នំពេញ និងនៅខេត្តព្រះសីហនុ ក៏ដូចជានៅតាមបណ្តាខេត្តនានាឡើយ ទោះបីជារកឃើញអ្នកឆ្លងកូវីដ១៩ ជារៀងរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាល រួមទាំងអាជ្ញាធររាជធានីខេត្ត និងក្រសួងសុខាភិបាល ហាក់ដូចជាអាចបានគ្រប់គ្រងបានហើយ លើការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ដែលបានអូសបន្លាយចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ។ នោះគឺការកំណត់បាននូវមុខសញ្ញាអ្នកឆ្លងកូវីដ១៩ តាមរយៈការកំណត់តំបន់បិទខ្ទប់ មានតំបន់ក្រហម និងតំបន់លឿងទុំ រួមទាំងវិធានការតាមខេត្ត បិទខ្ទប់ភូមិ និងតំបន់ជាច្រើនទៀត ដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩។
និយាយតែនៅភ្នំពេញ ដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ច្រើនជាងគេ គឺរាជរដ្ឋាភិបាល ក៏ដូចជា អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបើកក្រុងឡើងវិញ កាលពីថ្ងៃទី៦ឧសភា បន្ទាប់ពីបិទខ្ទប់អស់រយៈពេល ៣សប្តាហ៍។ ការសម្រេចចិត្តឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើរចេញចូលរាជធានីភ្នំពេញវិញបានដោយសេរីនេះ ក៏ដោយសារតែរាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល បានកំណត់បែងចែករួចហើយនូវកន្លែង ដែលមានអ្នកឆ្លងរាលដាលជំងឺកូវីដ១៩ ធ្ងន់ធ្ងរ និងមធ្យម តាមរយៈការបែងចែកកំណត់ជា តំបន់ក្រហម និងតំបន់លឿងទុំ នេះឯង។
របាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីៗ ដែលទើបរកឃើញ គឺស្ទើរតែទាំងអស់ ជាអ្នករស់នៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំ នោះឯង។ ក្រៅពីនោះទៀត ក៏មានដែរ ករណីឆ្លងថ្មី លើប្រជាពលរដ្ឋ នៅក្រៅតំបន់ក្រហម ឬតំបន់លឿងទុំ នៅភ្នំពេញ តែមិនមានច្រើននាក់ ដូចកាលពីមុនទេ។
នៅខេត្តព្រះសីហនុ និងបណ្តាខេត្តដទៃទៀត ក៏មិនខុសគ្នានឹងភ្នំពេញប៉ុន្មានឡើយ។ ខេត្តព្រះសីហនុ បានកំណត់តំបន់ក្រហម ដែលត្រូវបិទខ្ទប់ មិនឲ្យធ្វើដំណើរចេញចូល ដោយសារតែតំបន់នោះ មានអ្នកឆ្លងជំងឺកូវីដ១៩។ ម្យ៉ាងទៀត បើទោះបីជានៅខេត្តព្រះសីហនុ បន្តរកឃើញអ្នកឆ្លងជាបន្តបន្ទាប់ រហូតដល់ឆ្លងចូលដល់ក្នុងពន្ធនាគារ តែក៏ស្ថិតនៅក្នុងតំបន់បិទខ្ទប់ និងតំបន់ហាមឃាត់ មិនឲ្យមានការធ្វើដំណើរចេញចូលនោះឡើយ។
ដោយឡែក នៅតាមបណ្តាខេត្តនានា អំឡុងពេលចុងក្រោយនេះ ពិសេសនៅពេលភ្នំពេញ បើកឡើងវិញ ក៏មានអត្រាអ្នកឆ្លងកូវីដ កើនឡើងតាមបណ្តាខេត្តមួយចំនួន ដូចជា នៅកំពង់ចាម កំពង់ធំ កំពង់ស្ពឺ សៀមរាប បន្ទាយមានជ័យ ជាដើម។ ប៉ុន្តែការឆ្លើយតបភ្លាមៗ ពីបណ្តាខេត្តទាំងនោះ ក៏ត្រូវបានធ្វើឡើង តាមរយៈការធ្វើតេស្តលើអ្នកពាក់ព័ន្ធ និងការធ្វើចត្តាឡីស័ក រួមទាំងការបិទខ្ទប់កន្លែងប៉ះពាល់ និងការបិទភូមិ ដែលរកឃើញអ្នកឆ្លងកូវីដ១៩ ផងដែរ។
ការបន្តបិទខ្ទប់តំបន់មួយចំនួន គឺប៉ះពាល់ច្រើនដល់ការរស់នៅ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ តែរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តរាជធានី មិនមានជម្រើសអ្វី ក្រៅតែពីអនុវត្តវិធានការនេះ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ១៩ តទៅទៀត។ ជាក់ស្តែង អំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ៣សប្តាហ៍កន្លងមក រាប់ចាប់តាំងពីថ្ងៃទី១៥មេសា គឺពិតជាបានកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចេញពីភ្នំពេញ ទៅតាមបណ្តាខេត្តនានា។
ក្រៅពីនោះទៀត នៅភ្នំពេញ ក៏បានរកឃើញតំបន់ឆ្លងរាលដាលកូវីដ១៩ ដែលកើតឡើង ភាគច្រើនលើកម្មករកាត់ដេរ និងអ្នកផ្សារ។ ពេលនេះទៀត តំបន់ឆ្លងរាលដាលទាំងនោះ ក៏ត្រូវបានបង្រួមកាត់តែតូចជាងមុន។
ការបន្តធ្វើតេស្តរកអ្នកឆ្លងកូវីដ១៩ នៅតំបន់ក្រហម ក៏ត្រូវបានធ្វើជារៀងរាល់ថ្ងៃ ទន្ទឹមនឹងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហម នៅភ្នំពេញ ក៏ត្រូវបានធ្វើឡើង។ រីឯអ្នករស់នៅភ្នំពេញ មិនថា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងទេ ក៏បានបន្តអនុវត្តវិធានសុខាភិបាល ៣ការពារ និង៣កុំ ជាប់និច្ច ពិសេសពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសុវត្ថិភាពពីម្នាក់ទៅម្នាក់យ៉ាងហោចណាស់ ១ម៉ែត្រកន្លះ ជាដើម។
ជាសរុបមក ពេលនេះ ទោះជាបើកភ្នំពេញឡើងវិញ និងការលក់ដូរមួយចំនួន បានដំណើរការឡើងវិញ ក៏ប្រជាពលរដ្ឋរស់នៅភ្នំពេញ និងនៅតាមបណ្តាខេត្តនានា គួរតែបន្តនៅផ្ទះ ហើយអនុវត្តវិធានសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារ កុំឲ្យឆ្លងជំងឺកូវីដ១៩។ ក្នុងនោះ ក៏គួរតែកុំទាន់ធ្វើដំណើរឆ្លងខេត្ត ឬក៏ចេញចូលរាជធានីភ្នំពេញ បើពុំចាំបាច់។ សូមរង់ចាំមួយសប្តាហ៍ទៀត ទម្រាំស្ថានភាពកូវីដ១៩ បានស្រាកស្រាន្តជាងនេះ ព្រោះថា គេខ្លាចបំផុត គឺការឆ្លងចូលក្នុងរោងចក្រកាត់ដេរ ឆ្លងតាមផ្សារ ឆ្លងចូលកាស៊ីណូ រួមទាំងការឆ្លងចូលពន្ធនាគារ ជាដើម។
ប៉ុន្តែក្តីបារម្ភពីការឆ្លងទាំងប៉ុន្មាននេះ គឺបានកើតឡើងអស់ហើយ។ កម្ពុជាយើង ក៏បានគ្រប់គ្រងស្ថានការណ៍ឆ្លងទាំងនេះបានទាន់ពេលវេលាដែរ។
បើសិនជាមិនមានការឆ្លងរាលដាលដល់កន្លែងថ្មីទេ វានឹងមានន័យថា ករណីឆ្លងជំងឺកូវីដ១៩ នឹងបន្តថយចុះ នៅពេលដែលកាត់ផ្តាច់ការឆ្លង តាមរយៈការខ្ទប់បិទតំបន់ ដែលមានការឆ្លងច្រើន។
ទោះបីជាយ៉ាងក៏ដោយចុះ ការរស់នៅ ត្រូវតែប្រកាន់ខ្ជាប់គោលការណ៍បីកុំ និងបីការពារ ហើយត្រួវតែចាក់វ៉ាក់សាំង អោយបានគ្រប់គ្នា បើសិនជាចង់ចៀសវាងការផ្ទុះជាថ្មីនៃការឆ្លងងរាលដាលកូវីដ១៩៕
ចែករំលែកព័តមាននេះ