ភ្នំពេញ៖ ទីបំផុតទៅ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបញ្ចេញអត្តសញ្ញាណអ្នកទើបឆ្លងកូវីដ១៩ ដោយមានទាំងការអំពាវនាវ ឲ្យអ្នកពាក់ព័ន្ធ ប្រញាប់ទៅធ្វើតេស្ត យកសំណាក រកមេរោគកូវីដ និងទៅធ្វើចត្តាឡីស័ក។
កាលពីរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហោះតារាងបញ្ជីឈ្មោះអ្នកឆ្លងកូវីដ១៩ ចំនួន ៣៣នាក់ ដែលទើបរកឃើញ កាលពីថ្ងៃទី២ ខែមេសា។ តារាងបញ្ជី ដែលសាលារាជធានីភ្នំពេញ បានផ្សព្វផ្សាយបង្ហោះតាមហ្វេសប៊ុកនោះ រួមមាន ឈ្មោះ ភេទ អាយុ និងអាសយដ្ឋានស្នាក់នៅរបស់អ្នកកើតជំងឺកូវីដ១៩ ទាំងនោះ។ ប៉ុន្តែមិនមានរូបថតទេ។
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ១៩ ទាំងអស់ ដែលបានបង្ហាញឈ្មោះនេះ ត្រូវរាយ ការណ៍ជូន អាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំង ដែលបានកំណត់ ក្នុងនោះ មាននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេបល ១៤ថ្ងៃ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសថា ក្នុងករណី ដែលបងប្អូន មានបញ្ហាសុខភាព ដូចជា៖ ក្អក ផ្តាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ១៩។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង ៣កុំ របស់សម្តេចតេជោ នាយរកដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
គេនៅចាំថា អំឡុងពេលឆ្លងកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២៨វិច្ឆិកា គឺបន្ទាប់ពីចាប់ផ្តើមឆ្លងតៗគ្នាតែប៉ុន្មានថ្ងៃប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យប្រកាស អត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ ទើបរកឃើញថ្មី ដោយមានទាំងដាក់រូបថតថែមទៀតផង។ ការធ្វើដូច្នោះ កាលណោះ ដើម្បីឲ្យអ្នកស្គាល់ និងអ្នកបានជួបមុខអ្នកជំងឺកូវីដ រួសរាន់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ និងធ្វើចត្តាឡីស័ក។ ទីបំផុត ការឆ្លងតគ្នានោះ មានអ្នកឆ្លងតែ ៤១នាក់ ហើយប្រើពេលមិនដល់ ១ខែផង ក៏ត្រូវបានកាត់ផ្តាច់ទាំងស្រុង។ ព្រឹត្តិការណ៍ ឆ្លងសហគមន៍ ២៨វិច្ឆិកា គឺឆ្លងតែខ្មែរ ទោះបីជាចាប់ផ្តើមពីមន្ត្រីជាន់ខ្ពស់ក៏ដោយ។
នៅលើកនេះ ក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ ចាប់ផ្តើមពីសហគមន៍ជនជាតិចិន ហើយអូសបន្លាយជិត ១ខែកន្លះហើយ នៅតែមិនទាន់អាចគ្រប់គ្រងបាននៅឡើយ និងបន្តឆ្លងទៅកាន់ច្រើនពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជានៅខេត្តព្រះសីហនុ បានបិទចរាចរណ៍ចេញចូល ចាប់តាំងពីថ្ងៃទី៤ ខែមីនាក៏ដោយ ក៏នៅតែមានអ្នកឆ្លងឡើងវិញ ក្នុងខេត្តជាប់មាត់សមុទ្រនេះនៅឡើយ។
បើនិយាយពីភ្នំពេញវិញ គឺឆ្លងច្រើនជាងគេ និងមិនលោះថ្ងៃឡើយ ចាប់តាំងពីកើតព្រឹត្តិការណ៍ ឆ្លងសហគមន៍ ថ្ងៃ២០កុម្ភៈ ដែលផ្ទុះការឆ្លងរាលដាលមុនគេ នៅភ្នំពេញនេះឯង។ ដូច្នេះពេលនេះ ការបង្ហាញអត្តសញ្ញាណរបស់អ្នកជំងឺកូវីដ១៩ ពិតថា ប៉ះពាល់ដល់ សិទ្ធិឯកជនរបស់បុគ្គលអ្នកជំងឺមែន តែក៏ដើម្បីជាមធ្យោបាយមួយ ក្នុងការទប់ស្កាត់ការឆ្លងរាល ដាលកាន់តែច្រើនថែមទៀត។
កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង ក៏បានសម្រេចផ្សព្វផ្សាយនអត្តសញ្ញាណអ្នកទើបឆ្លងកូវីដ ១៩ ដែលមានបញ្ជីឈ្មោះអ្នកឆ្លងកូវីដ១៩ ចំនួន ៧០នាក់ កាលពីថ្ងៃទី២-៣ ខែមេសា ឆ្នាំ២០២១ ដែលជាអ្នករស់នៅ និងធ្វើការក្នុងកាស៊ីណូ បាវិត-ម៉ុកបាយ ក្នុងក្រុងបាវិត ជាប់ព្រំដែនវៀតណាម។ ការផ្សព្វផ្សាយនេះ ដូចគ្នានឹងការផ្សព្វផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញ ផងដែរ។
មែនទែនទៅ អ្នកចម្រៀងហង្សមាស លោក ណុប ប៉ាយារិទ្ធ ពិតជាមានសេចក្តីក្លាហានមុនគេ ដែលហ៊ានប្រកាសដោយខ្លួនថា លោកឆ្លងកូវីដ១៩ ដែលនាំឲ្យអ្នកចម្រៀងផ្សេងទៀត យកគំរូតាម ហើយប្រកាសឲ្យអ្នកពាក់ព័ន្ធ ប្រញាប់ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក។ ទីបំផុតទៅ ប៉ុន្មានថ្ងៃក្រោយមក នៅផលិតកម្មហង្សមាស ក៏ដូចស្ថានីយទូរទស្សន៍ហង្សមាស ត្រូវបានកាត់ផ្តាច់ លែងមានអ្នកឆ្លងបន្តគ្នាទៅទៀត។ រីឯអ្នកឆ្លងមុនៗ ក៏បានជាសះស្បើយ ជាបន្តបន្ទាប់។
ដូច្នេះដំណាក់កាលនេះ ដូចជាគ្មានអ្វីត្រូវលាក់លៀមអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ទៀតឡើយ។ សិទ្ធិបុគ្គលជារឿងមួយហើយ តែសុខភាពសាធារណៈ ពេលនេះ ធំជាងសិទ្ធិបុគ្គល។ បើសិនជាយើងនៅតែគិតពីសិទ្ធិបុគ្គល នោះយើងប្រហែលជានៅតែបន្តអូសបន្លាយ ហើយការប្រើប្រាស់វិធានការរដ្ឋបាល អាចនឹងមានច្រើនជាងការដាក់បម្រាមគោចរ នៅពេលយប់ ក្នុងរាជធានីភ្នំពេញ ឬក៏អាចអនុវត្តនៅកន្លែងផ្សេងទៀត ក្រៅតែពីភ្នំពេញ និងខេត្តកំពង់ស្ពឺ នាពេលនេះ នូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់កូវីដ១៩។
យ៉ាងណាក៏ដោយ ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ក៏គ្រាន់តែផ្នែកមួយ ចូលរួមក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដើម្បីឲ្យអ្នកស្គាល់អ្នកជំងឺ បានទៅធ្វើតេស្ត រកកូវីដ និងធ្វើចត្តាឡីស័ក ប្រយ័ត្នខ្លួន តែអ្វីដែលសំខាន់ មិនអាចខ្វះបានក្នុងការទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងសហគមន៍ គឺការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប មិនថាចាស់ក្មេង ប្រុសស្រី ឬក៏ព្រះសង្ឃនោះឡើយ។ វិធានការការពារខ្លួនសាមញ្ញៗ នៅតែជាការចាំបាច់ គឺ ៣កុំ និង៣ការពារ។ នោះគឺពាក់ម៉ាស លាងសម្អាតដៃញឹកញាប់ រក្សាគម្លាតពីម្នាក់ ទៅម្នាក់យ៉ាងហោចណាស់ ១ម៉ែត្រកន្លះ។ កុំជួបជុំមនុស្សច្រើន កុំចូលកន្លែងបិទ ជិតប្រើម៉ាស៊ីន ត្រជាក់ និងកុំប៉ះពាល់ កុំចាប់ដៃគ្នា ជាដើម។
អំឡុងពេលចូលឆ្នាំនេះ ក៏សូមបងប្អូនជនរួមជាតិ កុំចេញក្រៅផ្ទះ បើមិនចាំបាច់ ហើយកុំធ្វើដំណើរចល័ត ទៅខេត្ត ឬទៅកន្លែងណាមួយឲ្យសោះ។ យើងម្នាក់ៗ គួរតែចូលឆ្នាំ នៅផ្ទះរៀងៗខ្លួន ដោយទទួលទេវតាឆ្នាំថ្មី នៅផ្ទះរៀងៗខ្លួន។ ចាំចប់កូវីដ ចាំជួបជុំគ្នា។ ចាំចប់កូវីដ ចាំទៅកាហ្វេជួបគ្នា។ ចាំចប់កូវីដ ចាំទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារនៅខេត្ត ក៏មិនទាន់ហួសពេលឡើយ។ ផ្ទុយទៅវិញ បើអំឡុងពេលនេះ អ្នកមិនអាចអត់ធ្មត់បាន នោះបើសិនជាឆ្លងកូវីដ គឺមិនមែនតែរូបអ្នកម្នាក់ឯងទេ គឺក្រុមគ្រួសារទាំងមូល សាច់ញត្តិ អ្នកស្រុកអ្នកភូមិ ក៏ត្រូវលំបាក ដោយសារអ្នក។ កូវីដពេលនេះ កាចសាហាវខ្លាំង អាចសម្លាប់អ្នកជំងឺជារៀងរាល់ថ្ងៃ នៅប្រទេសកម្ពុជាយើង។
សូមកុំភ្លេចថា ចាប់ពីថ្ងៃទី១១មីនា មកដល់ថ្ងៃទី១មេសា មានអ្នកជំងឺកូវីដ១៩ ស្លាប់ ១៩នាក់ហើយ។ ក្នុងនោះ ខ្មែរ ១៧នាក់ និងចិនម្នាក់ កូរ៉េម្នាក់។ រីឯអ្នកឆ្លងវិញ កើនឡើងដល់ ២៦៤៥នាក់។ ក្នុងនោះ អ្នកឆ្លងកូវីដ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានចំនួន ២១១៦នាក់។ រីឯអ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១៥៨៥នាក់។ អ្នកឆ្លងសហគមន៍២០កុម្ភៈ ជាសះស្បើយ មានចំនួន ១០៦៩នាក់។ អ្នកកំពុងសម្រាកព្យាបាល មានចំនួន ១០៣៦នាក់។ នេះបើគិតត្រឹមថ្ងៃទី៣មេសា៕
ចែករំលែកព័តមាននេះ