បង្កើនការរឹតបន្តឹង តាមពេទ្យ និងមណ្ឌលចត្តាឡីស័ក!
- ភ្នំពេញ
ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កងកម្លាំងប៉ូលិស ត្រូវបានបង្កើនការប្រុងប្រយ័ត្ន ការពារ និងយាមប្រចាំការ ដោយបន្ថែមកម្លាំងផង និងបន្ថែមឧបករណ៍ជាច្រើនផង ដូចជា ដំបងឆក់…
ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កងកម្លាំងប៉ូលិស ត្រូវបានបង្កើនការប្រុងប្រយ័ត្ន ការពារ និងយាមប្រចាំការ ដោយបន្ថែមកម្លាំងផង និងបន្ថែមឧបករណ៍ជាច្រើនផង ដូចជា ដំបងឆក់…
ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កងកម្លាំងប៉ូលិស ត្រូវបានបង្កើនការប្រុងប្រយ័ត្ន ការពារ និងយាមប្រចាំការ ដោយបន្ថែមកម្លាំងផង និងបន្ថែមឧបករណ៍ជាច្រើនផង ដូចជា ដំបងឆក់ ដំបងស្កែនជាតិផ្ទុះ ខ្នោះដៃ អាវការពារ និងស្រោមដៃ។ ឧបករណ៍សម្រាប់បង្ក្រាបជនល្មើសទាំងនេះ សម្រាប់ក្រុមប៉ូលិស ដែលកំពុងឈរជើង ប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង នៅតាមគោលដៅព្យាបាលអ្នកជំងឺកូវីដ១៩ និងមណ្ឌលចត្តាឡីស័កទាំងអស់ នៅក្នុងរាជធានីភ្នំពេញ។
កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ នៅស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីប្រជុំផ្សព្វផ្សាយ និងបែងចែកកម្លាំងប្រចាំការ តាមគោលដៅព្យាបាល និងគោលដៅ កំពុងធ្វើចត្តាឡីស័ក ជាពិសេសកងកម្លាំង ទាំងអស់ ត្រូវតែបំពេញតួនាទីភារកិច្ចឲ្យបានល្អ អនុវត្តឲ្យបានម៉ឹងម៉ាត់ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់តាមទីតាំងឲ្យបានល្អ នៅតាមគ្រប់ទីតាំងទាំងអស់។
ម្យ៉ាងវិញទៀត លោកស្នងការ ក៏បានណែនាំដល់កម្លាំងទាំងអស់ ដែលប្រចាំការតាម គោលដៅ ត្រូវតែចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។ បើក្នុងករណី មានអ្នកអុកឡុក ឬបង្កបញ្ហាមិនស្តាប់តាមការណែនាំរបស់គ្រូពេទ្យ សមត្ថកិច្ចនឹងចាត់ វិធានការតាមច្បាប់ ចំពោះជនបរទេស ដែលបង្កបញ្ហា នឹងចាប់បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយសុំគោលការណ៍ថ្នាក់ដឹកនាំ បណ្តេញចេញពីប្រទេសកម្ពុជា។
ដោយឡែក កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារអន្តរាគមន៍ពិសេស ដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរងនគរបាលរាជធានីភ្នំពេញ បាននាំយកដំបងឆក់ ដំបងស្កែនជាតិផ្ទុះ ខ្នោះដៃ អាវការពារ និងស្រោមដៃ ចែកជូនតាមបណ្តាគោលដៅចត្តាឡីស័ក ក្នុងគោលបំណងរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ តាមគ្រប់ទីតាំងចត្តាឡីស័ក។
រាជរដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានចេញលិខិត ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ជម្រាបជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជម្រាបជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ដែលជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងកម្មវត្ថុ ករណីស្នើសុំគោលការណ៍ អនុវត្តច្បាប់ចំពោះបុគ្គលមិនអនុវត្តតាមវិធានរបស់សុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក បុគ្គលគេចវេះ មិនព្រមចូលព្យាបាល ឬមិនសហការផ្តល់ការសម្ភាសន៍ និងទីតាំង ដែលមិន សហការផ្តល់ព័ត៌មានស្រាវជ្រាវ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែម លើអនុក្រឹត្យ លេខ២៧ ស្តីពី ការធ្វើចត្តាឡីស័ក។
ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងក្នុងលិខិត ដែលគេផ្សព្វផ្សាយនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ រាជរដ្ឋាភិបាល យល់ព្រមជាគោលការណ៍ឲ្យអនុវត្តនូវវិធានការច្បាប់ បន្ថែម ចំពោះបុគ្គល និងទីតាំង ដែលមិនសហការ នូវវិធានការមួយចំនួន ដូចខាងក្រោម៖ ១-ចំពោះជនបរទេស ត្រូវបណ្តេញចេញពីកម្ពុជា និងហាមចូលប្រទេសសាជាថ្មី។ ២-ចំពោះ ជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់។ ៣-ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។
វិធានការអនុវត្តផ្ទាល់របស់កងកម្លាំងប្រដាប់អាវុធ ប្រចាំការយាមល្បាត នៅទីតាំងព្យាបាលអ្នកជំងឺកូវីដ១៩ ក៏ដូចជា កន្លែងធ្វើចត្តាឡីស័ក ដោយប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង នៅពេលនេះ បានធ្វើឡើង ខណៈដែលអ្នកទៅធ្វើតេស្ត និងអ្នកធ្វើចត្តាឡីស័ក ដោយសារតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២០កុម្ភៈ សម្រុកទៅកាន់តែច្រើន ហើយអ្នកជំងឺកូវីដ ក៏បានរកឃើញកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។
មកដល់ថ្ងៃទី២៦កុម្ភៈ ចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ កើនឡើងដល់ចំនួន ២៣៤នាក់។ រីឯនៅទូទាំងប្រទេស មានអ្នកឆ្លងកូវិដ១៩ សរុប ៧៤១នាក់។ ក្នុងនោះ ជាសះស្បើយ ៤៧៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន ២៦២នាក់។ ដោយឡែក ព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២០កុម្ភៈ គិតមកដល់ថ្ងៃទី២៦កុម្ភៈនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ ២៣៤នាក់ហើយ។
មកដល់ថ្ងៃទី២៦កុម្ភៈ ក្រសួងសុខាភិបាល ក៏បានប្រកាសថា នៅមានអ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ ដែលក្រុមគ្រូពេទ្យ កំពុងតាមរក មិនទាន់ឃើញ ដើម្បីនាំមកសម្រាកព្យាបាល នៅមន្ទីរពេទ្យ។
វិធានការថ្មីខាងលើនេះ ក៏ដើម្បីធានាថា មិនមានអ្នករត់គេច ហើយក៏ជាវិធានការម៉ឹងម៉ាត់ ដើម្បីធានាថា មិនអនុញ្ញាតឲ្យនរណាម្នាក់ មិនថា អ្នកជំងឺកូវីដ ឬក៏អ្នកកំពុងធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ អាចរត់ចេញពីមន្ទីរពេទ្យ ឬកន្លែងធ្វើចត្តាឡីស័ក នៅតាមសណ្ឋាគារ មណ្ឌលចត្តាឡីស័ក ឬក៏សូម្បីការធ្វើចត្តាឡីស័កនៅនឹងកន្លែង ដូចជា នៅតាមផ្ទះ ភោជនីយដ្ឋាន ខារ៉ាអូខេ នោះឡើយ។
ក៏ដូចគ្នាដែរ រាជរដ្ឋាភិបាល ក៏បានសម្រេចឲ្យបណ្តេញចេញពីប្រទេសកម្ពុជា និងហាមឃាត់ឈប់ឲ្យចូលកម្ពុជា ចំពោះជនបរទេស ដែលគេចវេះ និងរត់គេច ហើយបើជាជនជាតិខ្មែរ ត្រូវចាប់ពិន័យ និងអនុវត្តច្បាប់ថែមទៀតផង។ ទាំងនេះ ជាវិធានការតឹងរឹងថ្មីមួយទៀត ដើម្បីកុំឲ្យមានអ្នកល្មើស ហើយក៏ដើម្បីបង្កើនប្រសិទ្ធភាព កុំឲ្យមានអ្នកគេចវេះ និងរត់គេចពីកន្លែងព្យាបាល ឬក៏កន្លែងធ្វើចត្តាឡីស័កណាក៏ដោយ។
ក្នុងអំឡុងកើតមានព្រឹត្តិការណ៍ឆ្លងសហគមន៍ថ្ងៃ២០កុម្ភៈនេះ ដំបូងឡើយ កាលពីថ្ងៃ ទី២២កុម្ភៈ មានអ្នកធ្វើតេស្តរកឃើញកូវីដ១៩ ជាជនជាតិចិនម្នាក់ និងខ្មែរម្នាក់ មិនព្រមទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ តែមួយថ្ងៃ ក្រោយមក ក្រសួងសុខាភិបាល ប្រកាសថា បានសម្របសម្រួល យកអ្នកទាំងពីរ ទៅដាក់នៅកន្លែងព្យាបាលហើយ។
ក្នុងពេលដំណាលគ្នានោះ គឺនៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកុម្ភៈ ក្រសួងសុខាភិបាល ក៏បានប្រកាសជាថ្មីទៀតថា មានអ្នកវិជ្ជមានកូវីដ១៩ ក្រោយធ្វើតេស្តរួច ៣នាក់ គេចវេះ ដោយក្រុមការងារពេទ្យយើង មិនអាចទាក់ទងបាន ដើម្បីនាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ប៉ុន្តែនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ ក្រសួងសុខាភិបាលថា រកឃើញម្នាក់ហើយ នៅសល់តែ ២នាក់ទៀតប៉ុណ្ណោះ។
ករណីអ្នកជំងឺកូវីដ១៩ គេចវេះនេះ ជាបញ្ហា ដែលអាចនាំឲ្យមានហានិភ័យកាន់តែធ្ងន់ធ្ងរក្នុងការចម្លងកូវីដ១៩ ពីម្នាក់ ទៅច្រើននាក់ ហើយបើនៅតែកើតមានអ្នករត់គេចដូច្នេះ នោះមិនដឹងពេលណា ទើបអាចទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងក្នុងសហគមន៍ឡើយ។
ការគេចវេះ ក្រោយការធ្វើតេស្តរកកូវីដ១៩នេះ អាចដោយសារតែការអនុញ្ញាតឲ្យអ្នកទៅធ្វើតេស្ត ធ្វើដំណើរដោយខ្លួនឯង ដោយសេរី ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅតាមផ្ទះ ឬកន្លែងស្នាក់រៀងៗខ្លួន ដែលមានហានិភ័យមួយហើយ ក្នុងការធ្វើដំណើរ។ តែដល់ពេលធ្វើតេស្តរួច ទោះជាបុគ្គលនោះ បន្តដំណើរដើរពាសណាពាសណី ក៏គ្មាននរណាហាមឃាត់ ហើយគាត់មិនវិលទៅផ្ទះ ឬកន្លែងគាត់ស្នាក់វិញ ក៏មិនមាននរណាដឹង។ នេះក៏ជាបញ្ហា ដាច់ដោយឡែកមួយទៀត។
ការដាក់ពង្រាយគ្រូពេទ្យ ចុះទៅធ្វើតេស្តដល់កន្លែងគាត់ស្នាក់នៅ ដូចករណីនៅកោះពេជ្រ គឺជាការអនុវត្តល្អ ដែលគួរបន្តអនុវត្តដូច្នេះ ព្រោះបានកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលកូវីដ ក្នុងពេលធ្វើដំណើរ ចេញពីកន្លែងស្នាក់ ចេញពីផ្ទះ ទៅធ្វើតេស្តបានផង ហើយក៏ដើម្បីធានាថា អ្នកទៅធ្វើតេស្ត ទាំងនោះ មិនគេចចេញទៅណា ក្នុងពេលដែលតំបន់ ដែលពួកគាត់រស់នៅ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ ក៏ត្រូវបានបិទជាបណ្តោះអាសន្ន លែងឲ្យមានការចេញចូល ហើយប៉ូលិសកងកម្លាំងប្រដាប់អាវុធ ក៏ដាក់ពង្រាយនៅយាមជាប្រចាំផង។
កងកម្លាំងសមត្ថកិច្ច បានប្រឹងប្រែងយាមប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោងហើយ នៅតាមកន្លែងព្យាបាល និងនៅតាមកន្លែងធ្វើចត្តាឡីស័ក រួមទាំងរាជរដ្ឋាភិបាល ក៏បានចេញវិធានការបន្ទាន់ម៉ឹងម៉ាត់ ចំពោះអ្នកគេចវេះ មិនសហការ ដោយមានទាំងការបណ្តេញចេញពីកម្ពុជាថែមទៀត។ ប៉ុន្តែបើសិនជាមិនមានវិធានការឲ្យប្រាកដថា បុគ្គលសង្ស័យនោះ ពិតជាវិលត្រឡប់ទៅផ្ទះ ឬទៅកន្លែងស្នាក់វិញ ក្រោយចេញពីកន្លែងធ្វើតេស្តរករោគកូវីដ នោះយើងនៅតែមានករណីចេញលទ្ធផលមកហើយ បែរជារកអ្នកជំងឺមិនឃើញ។ នេះនៅតែជាហានិភ័យខ្ពស់ ក្នុងការបន្តឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសយើង។
ដូច្នេះបើអាច គួរតែរៀបចំកន្លែងប្រមូលផ្តុំណាមួយធំ សម្រាប់ក្រុមអ្នកធ្វើតេស្តស្នាក់នៅ ធ្វើចត្តាឡីស័ក ក្នុងពេលរង់ចាំលទ្ធផល។ ឬក៏បង្កើតក្រុមការងារ ចុះធ្វើតេស្ត យកសំណាកដល់ផ្ទះ ដល់កន្លែងស្នាក់នៅ ដល់កន្លែងធ្វើចត្តាឡីស័ក។
បើគ្មានក្រុមការងារពេទ្យគ្រប់គ្រាន់ ដើម្បីចុះទៅធ្វើតេស្តដល់ទីកន្លែងធ្វើចត្តាឡីស័កទេ ក៏គួរតែមានឡានក្រុង ដឹកជញ្ជូនក្រុមអ្នកត្រូវធ្វើតេស្ត ពីកន្លែងស្នាក់ ពីសណ្ឋាគារ ឬពីផ្ទះ ទៅធ្វើតេស្ត ហើយជូនពួកគាត់ត្រឡប់មកវិញ ដូចករណីក្រសួងសុខាភិបាល រៀបចំឡានក្រុង សម្រាប់ដឹកជញ្ជូនអ្នកដំណើរតាមយន្តហោះ ពីព្រលានយន្តហោះ ទៅកន្លែងធ្វើចត្តាឡីស័ក ក្នុងពេលកន្លងមក។
ករណីអ្នកស្ម័គ្រចិត្ត ទៅធ្វើតេស្តរកកូវីដ នៅតាមមន្ទីរពេទ្យ និងតាមកន្លែងធ្វើតេស្តនានា ក៏គួរតែធ្វើតេស្តរួច ឲ្យអ្នកទាំងនោះ ស្នាក់នៅ ១កន្លែង ដើម្បីប្រាកដថា អ្នកនោះ មិនគេច រត់ទៅណា ក្រោយចេញលទ្ធផល។ លទ្ធផលធ្វើតេស្តរកកូវីដ ក៏គួរតែចេញឲ្យឆាប់ជាងសព្វថ្ងៃ។
រាជរដ្ឋាភិបាល ទើបចេញវិធានការថ្មី ថាបើជនបរទេស គេចវេះ ត្រូវបណ្តេញចេញពីកម្ពុជាក៏ដោយ តែបើរកអ្នករត់គេចនោះ មិនឃើញ ក៏មិនដឹងបណ្តេញនរណាចេញយ៉ាង ម៉េចកើត! ហើយបើអ្នករត់គេចនោះ កើតជំងឺកូវីដទៀត នោះទម្រាំតែរកឃើញ មិនដើរចម្លងគេឯងប៉ុន្មាននាក់រួចបាត់ទៅហើយ។
បើសិនជាអនុវត្តនូវវិធានការបន្ថែមទាំងប៉ុន្មានខាងលើបាន នោះយើងពិតជាអាចកាន់តែប្រាកដថា ចេញលទ្ធផលតេស្តមក រកឃើញមនុស្សតែម្តង ហើយបើសូម្បីតែលទ្ធផលអវិជ្ជមាន ក៏យើងមានមនុស្ស នៅធ្វើចត្តាឡីស័ក ឲ្យបានហ្មត់ចត់គ្រប់ ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ដែរ៕
ចែករំលែកព័តមាននេះ