រាជធានីភ្នំពេញ ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បានគូសបញ្ជាក់ប្រាប់ថ្នាក់ដឹកនាំកម្ពុជា យ៉ាងដូច្នេះថា ៖ ចាប់ពីពេលនេះតទៅ យើងអាចផ្តោតការយកចិត្តទុកដាក់ជាមួយគ្នា លើការកសាងវិបុលភាព សម្រាប់ ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំងពីរ” ។

យោងតាមលិខិតមួយច្បាប់របស់លោក ដូ ណាល់ត្រាំ ផ្ញើជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញផ្សាយនៅយប់ថ្ងៃទី២៧ សីហា ឆ្នាំ២០២៥ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump បានសរសេរថា ៖ ខ្ញុំសូមអរគុណ ចំពោះលិខិតដ៏កក់ក្តៅរបស់ឯកឧត្តម និងជាពិសេស ការស្នើរូបខ្ញុំ សម្រាប់ពានរង្វាន់ ណូបែលសន្តិភាព។
ខ្ញុំមានកិត្តិយសក្រៃលែង ដែលបានសន្ទនាជាមួយឯកឧត្តម ដើម្បីរួមចំណែកបញ្ចប់ជម្លោះប្រដាប់អាវុធ ជាមួយប្រទេសថៃ។ ប្រទេសកម្ពុជា មានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង និងសម្បូណ៌បែប។ ខ្ញុំជឿជាក់ថា ឯកឧត្តមជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់ សន្តិភាព។
លិខិតបានបញ្ជាក់ថា ៖ “ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមជាផ្នែកមួយ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានបញ្ចប់នូវសោកនាដកម្ម នៃជម្លោះប្រដាប់អាវុធ និងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។ ចាប់ពីពេលនេះតទៅ យើងអាចផ្តោតការយកចិត្តទុកដាក់ជាមួយគ្នាលើការកសាងវិបុលភាព សម្រាប់ ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំងពីរ” ៕

ចែករំលែកព័តមាននេះ