ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩ បង្ខំមនុស្ស អោយធ្វើការ​ពីចម្ងាយ ដោយភាពស្មោះត្រង់ និងទទួលខុសត្រូវ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ដោយសារតែ​ស្ថានភាពឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ នៅកម្ពុជា ពិសេសនៅភ្នំពេញ កាន់តែអាក្រក់ និងធ្ងន់ធ្ងរទៅៗ​ ទើបកាលពីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១…

ភ្នំពេញ៖ ដោយសារតែ​ស្ថានភាពឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ នៅកម្ពុជា ពិសេសនៅភ្នំពេញ កាន់តែអាក្រក់ និងធ្ងន់ធ្ងរទៅៗ​ ទើបកាលពីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវ បទ​បញ្ជា​ថ្មី ឲ្យ​​ក្រសួងស្ថាប័នរដ្ឋ កាត់បន្ថយ​បុគ្គលិកធ្វើការដោយផ្ទាល់​​។ ក្នុងនោះ យ៉ាងហោចណាស់ ៩០% ត្រូវធ្វើការពីផ្ទះ តាមអនឡាញ។ រីឯ​ក្រុមហ៊ុនឯកជន ក៏ត្រូវ​កាត់បន្ថយ​ចំនួនអ្នកធ្វើការផ្ទាល់ដូចគ្នាដែរ​។

ក៏ប៉ុន្តែបទបញ្ជារបស់សម្តេច ក្នុងការកាត់បន្ថយចំនួនអ្នកមកធ្វើការដោយផ្ទាល់នេះ គឺ​មិនសំដៅ លើ​កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រូពេទ្យទេ​។ ក្នុងនោះ សម្តេច ក៏មិន ប្រកាសបិទទីផ្សារ និងរោងចក្រ​ដែរ​។

ឆ្លើយតបនឹង​វិធានការថ្មីរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ ចាប់តាំងពី​យប់ថ្ងៃចន្ទ ទី៨មីនា រហូតដល់​ថ្ងៃអង្គារ ទី៩មីនា ក្រសួងស្ថាប័នជាតិជាច្រើន រួមទាំង​ក្រុមហ៊ុនឯកជនផង​ បានចាប់ផ្ដើម ដាក់ចេញនូវ​វិធានការផ្ទៃក្នុងរៀងៗខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩។

ក្នុងនោះ មានក្រសួងអប់រំ ស្ថាប័នរដ្ឋសភា ក្រសួងការបរទេស និង​គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត គ.ជ.ប ជាដើម​ សុទ្ធតែបានដាក់ចេញវិធានការដូចៗគ្នា ដើម្បី​បន្ថយចំនួនមន្រ្តី មកធ្វើការ។ ក្រុមហ៊ុនឯកជន មិនថា ក្នុងវិស័យ​ណា ក៏ដូចវិស័យ​ណាទេ រាប់ទាំង ​កាសែត វិទ្យុ និងទូរទស្សន៍ ក៏បានកោះប្រជុំ ចាត់ចែង​រៀបចំ​តារាង​ក្រុម​ណា ត្រូវមកធ្វើការ នៅកន្លែង និងក្រុមណា ត្រូវធ្វើការតាមអនឡាញ ពីផ្ទះ​។

​​ស្ថាប័ន​នីមួយៗ រួមទាំង​ក្រុមហ៊ុនឯកជនផង ក្រៅពីបានចាត់ចែងមន្រ្តី និងបុគ្គលិក​ប្រចាំការ​តិចបំផុតហើយ ក៏បានតម្រូវ​ឲ្យ​អនុវត្តនូវវិធានការពារយ៉ាងខ្ជាប់ខ្ជួន រួមមាន៖ ការវាស់កំដៅ នៅច្រកចេញចូល ពាក់ម៉ាស់ និងបាញ់លាងដៃនឹងអាល់កុល ជាដើម។ ក្នុងនោះ តាមក្រសួង ស្ថាប័នរដ្ឋ និងក្រុមហ៊ុនមួយចំនួន ក៏តម្រូវ​ឲ្យដាក់ឆ្លង​ឯកសារ​មួយចំនួន តាមប្រព័ន្ធឌីជីថល​ ហើយប្រសិនបើមានការសង្ស័យ ត្រូវរាយ​ការណ៍​ជាបន្ទាន់។

ក្រៅពីត្រូវធ្វើការតាមអនឡាញពីផ្ទះៗរៀងខ្លួន ហើយករណីនៅផ្ទះ ក៏ត្រូវស្ថាប័ន​ក្រសួងរដ្ឋ និងក្រុមហ៊ុនឯកជន តម្រូវ​ឲ្យទាំងបុគ្គលិកមន្ត្រីរាជការ​ខ្លួនឯង និងគ្រួសារ ក៏មិនត្រូវចេញពីផ្ទះ ក្នុងករណីមិនចាំបាច់។ ចំណែក សកម្មភាពជួបជុំនានា ក្នុងបរិវេណសភា ហើយអ្នកមក ធ្វើការនៅរដ្ឋសភាត្រូវពាក់ម៉ាស់ វាស់កំដៅ ស្ថាប័នខ្លះទៀត បានដាក់ចេញវិធានការដូចគ្នាដែរ ដូចជា តម្រូវឱ្យមន្រ្តីបុគ្គលិក គ.ជ.ប ទាំងអស់សំរាក ១សប្ដាហ៍ ដោយទុកមន្រ្តីប្រចាំកា រ១០ភាគរយ ហើយរាល់ការងារ​ផ្សេងៗ ត្រូវទំនាក់ទំនងតាមប្រព័ន្ធអនឡាញ ខណៈកិច្ចប្រជុំនានា ត្រូវបានផ្អាក ដោយជំនួសមក វិញនូវការប្រជុំ និងដាក់ឆ្លងឯកសារ តាមប្រព័ន្ធអនឡាញ។

មិនថា នៅភ្នំពេញទេ នៅតាមបណ្តាខេត្តនានា ក៏បានអនុវត្តនូវវិធានការ​កាត់​បន្ថយចំនួន​បុគ្គលិក មកបំពេញការងារដោយផ្ទាល់ដូចគ្នាដែរ​។ ​​​​បណ្ដាក្រសួង ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជា​ក្រុមហ៊ុនឯកជន បានដាក់ចេញ​វិធានការបន្ទាន់នេះ ដើម្បីអនុវត្ត វិធានការទប់ស្កាត់​ជំងឺកូវីដ១៩ ដែលកំពុងគំរាម​កំហែងសុវត្ថិភាពសុខភាពប្រជាជនកម្ពុជាខ្លាំង ក្រោយកើតមាន​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ។

ការធ្វើការអនឡាញពីផ្ទះ ទាមទារ​ឲ្យ​អ្នកនោះ ត្រូវចេះ​បច្ចេកទេស មានសីលធម៌ មានការតាំងចិត្តក្នុងការងារ គិតពីលទ្ធផលការងារ ជាជាងគិតពីម៉ោងពេលធ្វើការ ជាដើម។

ប៉ុន្តែទន្ទឹមនឹងការតម្រូវ​ឲ្យមន្ត្រីរាជការ និង​បុគ្គលិក​​ស្ទើរតែទាំងអស់ ធ្វើការពីផ្ទះ​ តាមអនឡាញ ក៏តម្រូវ​ឲ្យមន្ត្រីរាជការ និងបុគ្គលិក​ក្រុមហ៊ុនឯកជនទាំងអស់ ចូលរួម​អនុវត្ត​​ឲ្យបានហ្មត់ចត់​ ទី១-ប្រសិទ្ធភាពការងារ នៅបន្ត​ធ្វើ​ដោយយកចិត្តទុកដាក់ និង​ដោយ​ការទទួលខុសត្រូវ ពោលគឺ​ត្រូវធានាថា ការងាររបស់អង្គភាពស្ថាប័ន​ ក្រុមហ៊ុន និងផ្នែករបស់ខ្លួន នៅបន្តដំណើរការ​ល្អជាធម្មតា​។ ទី២-អ្នកធ្វើការអនឡាញ ពីផ្ទះ ក៏មិនត្រូវ​គេចវេះ មិនធ្វើការ ដោយ​អាងថា នៅឆ្ងាយពីភ្នែក​គេឯង មេមើលមិនឃើញ ជាដើម។​

ពិសេសជាងនេះទៅទៀត ទាំងមន្ត្រីរាជការ និងទាំងបុគ្គលិក​ក្រុមហ៊ុនឯកជន ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យធ្វើការពីចម្ងាយទាំងអស់ ក៏មិនត្រូវយកពេលវេលានេះ បែរជា​នាំគ្នា​ជួបជុំ មិនថា ការជួបជុំ​ក្នុងផ្ទះ ឬក៏ចេញក្រៅ​ផ្ទះ រហូតដល់ដើរលេង នៅហាងកាហ្វេ ឬហាងផឹកស៊ី នោះឡើយ​។ ចូរកុំភ្លេចថា ការរៀបចំ​ឲ្យ​មានអ្នកធ្វើការពីផ្ទះ តាម​អនឡាញនេះ ​ក្នុងបំណង ដើម្បី​កុំ​​ឲ្យ​មានមនុស្សកកកុញ ប្រមូលផ្តុំ​ច្រើន ក្នុងបំណងទប់ស្កាត់​នូវការឆ្លងរាលដាល ជំងឺកូវីដ១៩​ ទាំងនៅកន្លែងធ្វើការ និងកុំ​ឲ្យកកស្ទះនៅតាមផ្លូវធ្វើដំណើរ ជាដើម។​

ផ្ទុយទៅវិញ បើសិនជា​ក្នុងកាលៈទេសៈដ៏លំបាក​ពេលនេះ អ្នកដែល​ត្រូវបានរៀបចំ​ឲ្យធ្វើការពីផ្ទះ មិនថា មន្ត្រីរាជការ ឬក៏បុគ្គលិកក្រុមហ៊ុន​ឯកជន​ទេ បែរជាបន្លំ​ខ្ជិល ហើយ​គេច​វេះ មិនធ្វើការទៀតនោះ គឺ​នាំ​ឲ្យក្រសួងអង្គភាពស្ថាប័ន និងក្រុមហ៊ុន​ឯកជន កាន់តែជួប​ការលំបាក​​ថែមទៀត​។ ជាងនេះទៅទៀត បើសិនជា​អ្នកធ្វើការនៅផ្ទះ បែរជា​មិននៅផ្ទះ ហើយលួច​​ដើរលេង ឬបបួលគ្នាជួបជុំ​ទៀតនោះ ក៏រឹត​តែបង្កហានិភ័យ​ក្នុងការ​ឆ្លង​រាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍យើង កាន់តែធ្ងន់ធ្ងរ​មួយកម្រិតទៀត​៕