ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព័ត៌មានមិនពិត៖ រពិសដៃ ដេកគុក!

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ មានហ្វេសប៊ុក​ច្រើន បានបង្ហោះ និង​ចែកចាយ​តៗគ្នានូវព័ត៌មានមិនពិត ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ក្នុងនោះ មាន…

ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ មានហ្វេសប៊ុក​ច្រើន បានបង្ហោះ និង​ចែកចាយ​តៗគ្នានូវព័ត៌មានមិនពិត ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ក្នុងនោះ មាន ការលើកឡើងថា ឧត្តមសេនីយ៍យោធា​ម្នាក់ នៅក្រសួងមហាផ្ទៃ ​ធ្លាក់ខ្លួនពិការ ក្រោយពី ចាក់វ៉ាក់សាំងចិន ហើយខ្លះថា រាជរដ្ឋាភិបាល បាន​ចាប់បង្ខំប្រជាជន​កម្ពុជា​ឲ្យចាក់វ៉ាក់ សាំង កូវីដ១៩ រហូតដល់​មានអ្នក​ស្លាប់ថែមទៀត​។

ប៉ុន្តែ​ព័ត៌មានទាំងអស់នេះ គឺជាព័ត៌មាន​មិនពិត ដែលត្រូវច្រានចោលភ្លាមៗ ដោយអ្នកនាំ ពាក្យក្រសួងសុខាភិបាល និងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង​នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បាន​ចាត់ទុកថា «រឿងនេះ ជារឿងចាស់ ដែលជនបំពុលសង្គមបានប្រើប្រាស់។  ក្រសួង សុខាភិបាល ក៏បានច្រានចោលរួចហើយដែរ។ សុំមេត្តា កុំយកមកចែកចាយទៀតអី»។​

ចំណែក​នាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ​បានចេញប្រកាស បដិសេធចំពោះការបង្ហោះរបស់គណនីហ្វេសប៊ុក ឈ្មោះ “Chhun Vean II” ដែលបានបង្ហោះព័ត៌មានថា «មន្ត្រីនគរបាលក្រសួងមហា​ផ្ទៃ​ម្នាក់ ធ្លាក់ខ្លនពិការ ក្រោយពីចាក់វ៉ាក់សាំងចិន» គឺជាការផ្សាយមិនពិត និងមានចរិត​ញុះ ញង់ធ្វើឲ្យមានការភ័ន្តច្រឡំ។

​ជាមួយគ្នានេះ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក៏បានបញ្ជាក់ជូនសាធារណៈជនថា  លោកឧត្តម សេនីយ៍ត្រី ជា ឧត្តម​ បម្រើការងារនៅក្នុងនាយដ្ឋានសន្តិសុខផ្ទៃក្នុង មានជំងឺគាបសរសៃ ប្រាសាទឆ្អឹងខ្នង (Hernir Crural) និងលើសអាស៊ីតធ្ងន់ធ្ងរជាយូរ​មក​ហើយ និងថ្មីៗនេះ បានបណ្តាលឲ្យប៉ះពាល់សរីរាង្គផ្នែកខាងក្រោមចង្កេះ ធ្វើឲ្យជើង​ទាំងពីរ ស្ពឹក ទន់ ដើរពុំរួច មិនដូចអ្វីដែលគណនីហ្វេសប៊ុក ឈ្មោះ “Chhun Vean II” លើកឡើងឡើយ។

ជាមួយគ្នានោះ នៅថ្ងៃអាទិត្យ ទី២៨កុម្ភៈ លោក​ឧត្តមសេនីយ៍ត្រី ជា ឧត្តម អនុប្រធាន​នាយក​​ដ្ឋាន ទទួលបន្ទុកការិយាល័យការពារសម្ងាត់រដ្ឋ ក៏បានធ្វើការបដិសេធទាំងស្រុង ចំពោះ ជនអគតិមួយ ពិសេស​គណនីហ្វេសប៊ុកឈ្មោះ Chhun Vean II បានបង្ហោះថា រូបលោក បានធ្លាក់ខ្លួន ពិការដោយសារមកពីការចាក់ថ្នាំវ៉ាក់សាំងការពារ​មេរោគកូវីដ១៩របស់ចិន ខណៈ លោកមិនទាន់បាន​ចាក់វ៉ាក់សាំង​នោះ​នៅឡើយ ហើយលោក ក៏បានអំពាវនាវ​ដល់អាជ្ញាធរជំនាញស្វែងរកចាប់ខ្លួនជន ដែលផ្សាយព័ត៌មានមិនពិត​នេះ មកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ផងដែរ។

នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ មានការផ្សព្វផ្សាយដំណឹងថា ការិយាល័យ​ប្រឆាំងបទល្មើសបច្ចេកវិទ្យា​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយ នឹងកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌ កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឃាត់ខ្លួនមនុស្សពីរនាក់ ក្នុង​បទល្មើសជាក់ស្តែង ពាក់ព័ន្ធនឹង​ការសរសេរបង្ហោះ ព័ត៌មាន បំភ្លៃការពិតលើការចាក់វ៉ាក់សាំងការពារកូវីដ១៩។​

​​ជនសង្ស័យទាំងពីរនាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការ​សាលាដំបូងរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១​ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

តាមមើលខ្លឹមសារលើហ្វេសប៊ុក ដែលបង្ហោះ​រឿងមិនពិត ពាក់ព័ន្ធការចាក់វ៉ាក់សាំង​កូវីដ១៩ គឺជាអ្នកមាននិន្នាការប្រឆាំង​នឹងរាជរដ្ឋាភិបាល​ ដោយលើកឡើងពីគ្រោះថ្នាក់​ថ្នាំវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ខណៈដែល​ជាក់ស្តែង​ ក្នុងសង្គមយើង គឺ​មិនទាន់មាន​ជន​ណាម្នាក់ ដែលបានចាក់វ៉ាក់សាំងរួច មានប្រតិកម្ម​ថ្នាំ សូម្បីតែវិលមុខ ក្តៅខ្លួន ឈឺក្បាល ក៏មិនមានផង។

​ផ្ទុយទៅវិញ ក្រុមអ្នកទាំងនោះ បែរជាព្យាយាមបំភ្លឺពី​ប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ១៩ ខណៈ​ដែលប្រទេសយើង​ កំពុងឆ្លង​រីករាលដាលជំងឺ​កូវីដ ហើយ​ក៏មានបំណង​​ញុះញង់ ឲ្យ​មានការ​ប្រមូលផ្តុំ​តវ៉ាទាមទារ ក្នុងបំណង​បង្កចលាចលដល់សន្តិសុខសង្គមថែមទៀត​។

យ៉ាងណាក៏ដោយ ការបង្ហោះ ការចែកចាយបន្ត​នូវព័ត៌មានមិនពិតដូច្នេះ គឺជាការឆោត ល្ងង់មួយ ហើយ​បើជាសកម្មជន​បក្សប្រឆាំង​ទៅទៀតនោះ ក៏កាន់គួរឲ្យអាសូរ​ដល់​ធន​ធាន​​របស់បក្សប្រឆាំង ដែល​កាន់តែ​ខ្សោយទៅៗ ព្រោះតែ​ផ្សាយព័ត៌មានមិនពិត ដូច​ពាក្យ​ចាស់លោកថា «ភរច្រើន ចាញ់អាត្មា»។​ មានន័យថា ការនិយាយ​មិនពិត នាំ​ឲ្យ​គេ​លែងជឿ ហើយ​មិនត្រឹមតែគេលែងជឿទេ ក្នុងរឿងនេះ គឺត្រូវចាប់ខ្លួន បញ្ជូនទៅ​ដេកគុកថែមទៀត ។

និយាយពីវ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ១៩ វិញ គឺ​​កម្ពុជាយើង បានចាប់ផ្តើមចាក់វ៉ាក់សាំង តាំងពីថ្ងៃទី១០កុម្ភៈ ហើយ​នៅថ្ងៃចន្ទ ទី១មីនា ក្រសួងសុខាភិបាល នឹង​បន្ថែម​ការចាក់​វ៉ាក់សាំង នៅ ១៥ខេត្តទៀត ដែលនាំ​ឲ្យ​កម្មវិធីចាក់វ៉ាក់សាំងនេះ ធ្វើឡើងទាំង ២៥​រាជធានី​ខេត្ត​។ ប៉ុន្តែ​ការចាក់ដំបូងនេះ សំដៅលើ​ក្រុមជួរមុខ មានដូចជា ឥស្សរជន​ក្នុងជួររាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យ​ ប៉ូលិស ទាហាន អ្នកកាសែត មន្ត្រីរាជការ ជាដើម។​ រីឯប្រជាជនសាមញ្ញ មិនទាន់​ដល់​វេនចាក់ទេ។

តែយ៉ាងណាក៏ដោយ ដំណើរការចាក់វ៉ាក់សាំងនេះ ហាក់ដូចជា មានអ្នកទៅចាក់មិន ច្រើនប៉ុន្មានឡើយ។ លោកស្រី​ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាល បានប្រកាសថា គិតចាប់ពីថ្ងៃទី១០-២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួង​សុខាភិបាល ចាក់វ៉ាក់សាំង​រួច បានចំនួន ១៦៣៩០នាក់។ រីឯក្រសួងការពារជាតិ ក៏បានដំណើរការចាក់ វ៉ាក់សាំងដល់កងទ័ព ដែលគិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ចាក់​បានជាង ៤ម៉ឺននាក់​។

ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ទទួលបានវ៉ាក់សាំងកូវីដ១៩ ពីចិន ចំនួន ៦០ម៉ឺនដូស​។ ក្នុងនោះ ក្រសួងសុខាភិបាល បាន ៣០ម៉ឺនដូស និងក្រសួង​ការពារជាតិ ទទួលបាន ៣០ម៉ឺនដូសដូចគ្នា។ ក្នុងមនុស្សម្នាក់ ត្រូវចាក់ ២ដូស ដោយការចាក់​លើកទី២ ត្រូវមានរយៈពេលចន្លោះពី ១៤ថ្ងៃ ទៅ ២៨ថ្ងៃ រាប់ចាប់ពីចាក់លើកទី១​។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈនេះ បានប្រកាសពី​កម្មវិធី​ចាក់វ៉ាក់សាំង​កូវីដ១៩ ជូនបងប្អូន​កម្មករ​ប្រមូលសំរាម​ នៅក្នុងរាជធានីភ្នំពេញ​ បន្ថែម លើក្រុមមនុស្ស ដែល​ជាបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលិសជាតិ និងអាជ្ញាធរជួរមុខ ដូចជា គណៈអភិបាលខេត្តរាជធានី ក្រុងស្រុកខណ្ឌ និង​គណៈកម្មការភូមិឃុំសង្កាត់ ជាដើម។

នៅថ្ងៃអាទិត្យ ទី២៨កុម្ភៈ ក្រសួងសុខាភិបាល ក៏​បានប្រកាសថា អង្គការសុខភាព​ពិភពលោក នឹងបញ្ជូនវ៉ាក់សាំង​កូវីដ១៩ ចំនួន ៣២៤ ០០០ដូស ដែលនឹងមកដល់ក​ម្ពុជា នៅថ្ងៃទី២ ខែមីនា​។ វ៉ាក់សាំងទាំងនេះ ជាចំណែក​របស់​កម្ពុជា ដែលត្រូវទទួល​បាន​ពីអង្គការសុខ ភាពពិភពលោក តាមរយៈយន្តការ កូវ៉ាក់។ តាមយន្តការនេះ កម្ពុជា​ត្រូវទទួលបាន វ៉ាក់សាំងសរុប ៧លានដូស​។

យ៉ាងណាក៏ដោយ ក្នុងពេលនេះ ប្រទេសកម្ពុជា​យើង កំពុងប្រឈមមុខ​ការឆ្លងរាល​ដាល​ជំងឺកូវីដ១៩ តាមរយៈព្រឹត្តិការណ៍​សហគមន៍ ថ្ងៃ២០កុម្ភៈ ដែលមានការឆ្លងខ្លាំង​ រហូតដល់ ៣០២នាក់ គិតត្រឹមថ្ងៃអាទិត្យ ទី២៨កុម្ភៈ ហើយបើនៅទូទាំងប្រទេសវិញ គឺមានអ្នកជំងឺ កូវីដ១៩ រហូតដល់ ៣២៨នាក់ កំពុងសម្រាកព្យាបាល​។​

ការធ្វើតេស្តរកអ្នកពាក់ព័ន្ធ​នឹងព្រឹត្តិការណ៍ឆ្លងសហគមន៍ថ្ងៃ២០កុម្ភៈ នៅតែបន្ត មិនថា នៅភ្នំពេញ នៅខេត្តព្រះសីហនុ ឬក៏នៅតាមបណ្តាខេត្តផ្សេងៗទៀត ដែលមានអ្នក​ពាក់ព័ន្ធ នឹងអ្នកជំងឺកូវីដ១៩ នោះឡើយ។​

ដូច្នេះក្នុងពេលនេះ អ្នកដែល​មិនចង់ចាក់ ឬក៏មិនពេញចិត្តនឹងចាក់​វ៉ាក់សាំងកូវីដ១៩ គួរតែ​នៅស្ងៀមល្អជាង​ ព្រោះថា កម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩នេះ ធ្វើឡើងដោយ​ស្ម័គ្រចិត្ត និងដោយមិនគិតថ្លៃ។ បើ​អ្នក ដែលជាក្រុមគោលដៅត្រូវចាក់វ៉ាក់សាំងណា យល់ថា វ៉ាក់សាំង​កូវីដ មិនល្អ ចាក់ទៅមានគ្រោះថ្នាក់ ក៏កុំទៅចាក់ ព្រោះពេទ្យ ឬក៏រាជ​រដ្ឋាភិបាល មិនបានចាប់បង្ខំ អូសដៃអ្នកនោះថា ត្រូវតែចាក់វ៉ាក់សាំងឡើយ។ តែផ្ទុយ​ទៅវិញ បើ​នៅដេកផ្ទះ​មិនសុខ ហើយ​បង្ហោះហ្វេសប៊ុក​ និយាយផ្តេសផ្តាសខុសការពិត នោះច្បាស់ជា​ត្រូវដេកគុក​លេង ដូចករណី​បុរសស្ត្រី​ ២នាក់ ដែលប៉ូលិសចាប់​បញ្ជូន​ទៅតុលាការ ខាងលើនេះ ​​ជាមិនខាន៕