ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ ចាប់ផ្ដើម​ដក​អាវុធ​ធុន​ធ្ងន់ ដំណាក់កាល​ទី​១ នៅ​ល្ងាច​ថ្ងៃ​ទី​១​វិច្ឆិកា ក្រោម​ការ​ត្រួតពិនិត្យ​របស់​អាស៊ាន

21 ម៉ោង មុន

ខេត្តព្រះវិហារ​-​ឧត្តរមានជ័យ ៖ កម្ពុជា​-​ថៃ​ចាប់ផ្តើម​នៃ​ការ​អនុវត្ត​ការ​កែសម្រួល​អាវុធ និង​យុទ្ធោបករណ៍​បំផ្លិចបំផ្លាញ​ធុន​ធ្ងន់​សម្រាប់​ដំណាក់កាល​ទី​១ ដែល​ភាគី​ទាំង​ពីរ​ត្រូវ​អនុវត្ត​ដូច​គ្នា នៅ​ក្រោម​ការ​សង្កេតការណ៍ និង​ការ​ផ្ទៀងផ្ទាត់​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT)​។ លោក​ជំទាវ ឧត្តមសេនីយ៍ឯក…

ខេត្តព្រះវិហារ​-​ឧត្តរមានជ័យ ៖ កម្ពុជា​-​ថៃ​ចាប់ផ្តើម​នៃ​ការ​អនុវត្ត​ការ​កែសម្រួល​អាវុធ និង​យុទ្ធោបករណ៍​បំផ្លិចបំផ្លាញ​ធុន​ធ្ងន់​សម្រាប់​ដំណាក់កាល​ទី​១ ដែល​ភាគី​ទាំង​ពីរ​ត្រូវ​អនុវត្ត​ដូច​គ្នា នៅ​ក្រោម​ការ​សង្កេតការណ៍ និង​ការ​ផ្ទៀងផ្ទាត់​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT)​។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យដឹងនៅ​យប់​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា ៖ ជា​ការ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ភាគី​កម្ពុជា និង​ភាគី​ថៃ ក្នុង​ការ​គោរព និង​អនុវត្ត នូវ​អ្វី​ដែល​បាន​ឯកភាព​គ្នា នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ព្រមទាំង​ស្មារតី នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​២ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ (GBC) ដែល​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥ ទើប​នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ យោធភូមិ​ភាគ​ទី​៤ កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ ថៃ បាន​រៀបចំ​កិច្ចប្រជុំ​ពិសេស នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) ដោយ​បាន​ឯកភាព​គ្នា​លើ​ផែនការ​ជា​ដំណាក់កាល នៃ​ការ​កែសម្រួល​អាវុធ និង​យុទ្ធោបករណ៍​បំផ្លិចបំផ្លាញ​ធុន​ធ្ងន់ ។

តាម​រយៈ​ផែនការ​ដែល​បាន​ឯកភាព​គ្នា​នេះ ភាគី​ទាំង​ពីរ បាន​កំណត់​យក​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៨:៤៥​នាទី គឺជា​ថ្ងៃ​ចាប់ផ្តើម នៃ​ការ​អនុវត្ត​ការ​កែសម្រួល​អាវុធ និង​យុទ្ធោបករណ៍​បំផ្លិចបំផ្លាញ​ធុន​ធ្ងន់​សម្រាប់​ដំណាក់កាល​ទី​១ ដែល​ភាគី​ទាំង​ពីរ​ត្រូវ​អនុវត្ត​ដូច​គ្នា នៅ​ក្រោម​ការ​សង្កេតការណ៍ និង​ការ​ផ្ទៀងផ្ទាត់​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ។

សូម​គូសបញ្ជាក់​ផង​ដែរ​ថា ការ​កែសម្រួល​អាវុធ និង​យុទ្ធោបករណ៍​បំផ្លិចបំផ្លាញ​ធុន​ធ្ងន់​សម្រាប់​ដំណាក់កាល​ទី​១​នេះ នឹង​ត្រូវធ្វើ​ឡើង​ក្នុង​រយៈពេល ០៣ (​បី​) ស​ប្តា​ហ៍ គឺ​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ដើម្បី​បង្ហាញ​ពី​ការ​កាយវិការ​ប្រកបដោយ​សុច្ឆន្ទៈ ភាគី​ទាំង​ពីរ​បាន​ធ្វើការ​ដក​ដោយ​ផ្នែក​នៃ​ជំហាន​ទី​មួយ សម្រាប់​ជា​និមិត្តរូប ដោយ​បាន​ដក​រថពាសដែក​ចំនួន ២​គ្រឿង​របស់​ភាគី​ម្ខាង​ៗ​ឱ្យ​ត្រឡប់​ទៅ​កាន់​ទីតាំង​ដើម​វិញ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង ០៩:០០​នាទី​យប់ ។

សម្រាប់​ភាគី​កម្ពុជា ការ​កែសម្រួល​អាវុធ និង​យុទ្ធោបករណ៍​បំផ្លិចបំផ្លាញ​ធុន​ធ្ងន់ នៅ​ក្នុង​ដំណាក់កាល​ទី​១​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីតាំង​ចំនួន ០២ រួម​មាន​៖ ស្ថិត​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ និង​ស្ថិត​នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ​។ ដោយឡែក ភាគី​ថៃ ក៏​នឹង​ធ្វើការ​កែសម្រួល​អាវុធ និង​យុទ្ធោបករណ៍​បំផ្លិចបំផ្លាញ​ធុន​ធ្ងន់ នៅ​ក្នុង​ដំណាក់កាល​ទី​១​នេះ ផង​ដែរ ។

កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា ភាគី​ទាំង​ពីរ នឹង​អនុវត្ត​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ដោយ​ភាព​ស្មោះត្រង់ សុច្ឆន្ទៈ និង​តម្លាភាព សំដៅ​ចូលរួម​ចំណែក​ដល់​ការ​លើកកម្ពស់​សន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការ ការ​អភិវឌ្ឍ និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​ឱ្យ​បាន​ឆាប់ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស និង​ប្រជាជន​ទាំង​ពីរ​ជា​ច្រើន​ជំនាន់​តទៅ​មុខ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ