ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទាហាន​ភូមា រត់ចោលជួរ​២​នាក់ សារភាព​ថា រំលោភ​មុន​សម្លាប់​រង្គាល ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា

4 ខែ មុន

CNN ៖ ទាហាន​មី​យ៉ា​ន់​ម៉ា រត់ចោលជួរ ២​នាក់ បាន​សារភាព​ថា ពួក​គេ​ត្រូវ​បាន​មេបញ្ជាការ បញ្ជា​ឲ្យ​បាញ់​សម្លាប់ និង​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​ជនជាតិភាគតិច មូ​ស្លី​ម…

CNN ៖ ទាហាន​មី​យ៉ា​ន់​ម៉ា រត់ចោលជួរ ២​នាក់ បាន​សារភាព​ថា ពួក​គេ​ត្រូវ​បាន​មេបញ្ជាការ បញ្ជា​ឲ្យ​បាញ់​សម្លាប់ និង​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​ជនជាតិភាគតិច មូ​ស្លី​ម រ៉ូ​ហ៊ីង​យ៉ា កាលពី​ឆ្នាំ​២០១៧ នៅ​ភាគ​ខាងលិច​នៃ​រដ្ឋ​រ៉ា​ក់​ឃី​ន ។ កាលនោះ​អង្គការសហប្រជាជាតិ និង​អង្គការសិទ្ធិមនុស្ស​ពណ៌នា​ថា​ជា​“​អំពើ​ប្រល័យពូជសាសន៍​” ។

វី​ដេ​អូ​សារភាព​របស់​លោក Myo Win Tun និង​លោក Zaw Naing Tun បាន​ថត នៅ​ខែកក្កដា ដោយ​ក្រុម​ឧទ្ទាម​អា​រ៉ា​កាន ដែល​បច្ចុប្បន្ន​កំពុង​ប្រយុទ្ធ​ជាមួយ​យោធា​មី​យ៉ា​ន់​ម៉ា ហើយ​វី​ដេ​អូ​ឃ្លី​ប​នេះ ចេញផ្សាយ​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ឈ្មោះ​ថា Fortify Rights ។

លោក Matthew Smith នាយក​ប្រតិបត្តិ នៃ​អង្គការ Fortify Rights បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា វី​ដេ​អូ​នេះ​គឺជា​ឱកាស​ដ៏​អស្ចារ្យ​មួយ សម្រាប់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ដើម្បី​យុត្តិធម៌​របស់​ពួក​គេ ។

ទោះជា​យ៉ាងនេះ​ក្តី វី​ដេ​អូ​សារភាព​របស់​ទាហាន​រត់ចោលជួរ​ទាំង​២​នាក់ មិន​អាច​បញ្ជាក់​បាន​ទេ​ថា ជាស​ម្តី​ពិត ឫ​ក៏​យ៉ាងណា​នោះ​ទេ ព្រោះ​វា​មិន​ច្បាស់​ទេ​ថា តើ​បុរស​ទាំង​២ បាន​សារភាព​ថត​ជា​វី​ដេ​អូ និយាយ​ការ​ពិត ឫ​គ្រាន់តែ​ដើម្បី​រក្សា​ជីវិត​ពួក​គេ បន្ទាប់​ពី​ត្រូវ​បាន​ចាប់ខ្លួន ពេល​ចុះចាញ់ ក្នុង​នាម​ជា​អ្នក​រត់ចោលជួរ ?

ទាហាន​ទាំង​ពីរ គេ​ជឿជាក់​ថា ឥឡូវនេះ ស្ថិត​នៅ​ក្នុង​ទីក្រុង​ឡា​អេ នៅ​ឯ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​ជា​កន្លែង​កំពុង​ដំណើរការ​ស៊ើបអង្កេត​លើ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា ។

សូម​ជម្រាប​ថា ចាប់ពី​ឆ្នាំ​២០១៦ កងកម្លាំង​យោធា​មី​យ៉ា​ន់​ម៉ា បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ នៅ​រដ្ឋ​រ៉ា​ឃី​ន ខាងលិច​ប្រទេស​នេះ ផ្តោត​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ។ មាន​ជនភៀសខ្លួន​ជាង ៧៤០,០០០​នាក់ បានរ​ត់ទៅ​ពាសពេញ​ព្រំដែន​ប្រទេស​បង់​ក្លា​ដែ​ស យុទ្ធនា​បោសសម្អាត​នោះ នាំ​មក​នូវ​ការ​ចោទប្រកាន់ អំពី​ការ​កាប់សម្លាប់ ការ​រើសអើង ការ​រំលោភ​សេពសន្ថវៈ និង​ការ​បំផ្លាញ​ទ្រព្យសម្បត្តិ ។

កាលនោះ រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា ដែល​ដឹកនាំ​ដោយ​អ្នក​ឈ្នះ ពានរង្វាន់​ណូបែល​សន្តិភាព គឺ​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ ចំពោះ​ការ​ចោទប្រកាន់​ទាំងនេះ ដោយ​ប្រាប់​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ខែធ្នូ ឆ្នាំ​២០១៩ ថា ការ​អះអាង​ទាំងនោះ គឺ​“​មិន​ពេញលេញ និង​បំភ្លៃ​” ។ ហើយ​ថា ប្រតិបត្តិការ​បោសសម្អាត​ដោយ​យោធា​នៅ​រ៉ា​ឃី​ន គឺជា​វិធាន​ការណ៍​ប្រឆាំង​ភេរវកម្ម ស្រប​តាម​ច្បាប់​ដើម្បី​ឆ្លើយ​តប​នឹង​ការ​វាយប្រហារ​លើ​ប៉ុស្តិ៍​ព្រំដែន​ដែល​បាន​សម្លាប់​មន្ត្រី​ប៉ូ​លី​សមី​យ៉ា​ន់​ម៉ា​ចំនួន ៩​នាក់ ។ យោធា​មី​យ៉ា​ន់​ម៉ា ក៏​បាន​បដិសេធ​ការ​ចោទប្រកាន់​ពី​ភាព​សាហាវឃោរឃៅ​ផង​ដែរ ។

មី​យ៉ា​ន់​ម៉ា ចាត់​ទុក​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា ប្រមាណ ១​លាន​នាក់ ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់ ពី​ប្រទេស​បង់​ក្លា​ដែ​ស ដែល​ជា​ប្រទេស​ជិតខាង​ខ្លួន ទោះបីជា​មាន​ក្រុម​គ្រួសារ រ៉ូ​ហ៊ីង​យ៉ា ជា​ច្រើន​បាន​រស់នៅ​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី រាប់​ជំនាន់​ក៏​ដោយ ។ គណៈ​ក​ម្មា​ការ​ស្វែងរក​ការ​ពិត​របស់ UN បាន​ពិពណ៌នា អំពើ​ហិង្សា​ប្រឆាំង​នឹង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ថា ជា​អំពើ​ប្រល័យពូជសាសន៍ ។ ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន បាន​ប៉ាន់​ប្រមាណ​ថា យ៉ាង​ហោច​ណាស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ចំនួន ៦.៧០០​នាក់ ត្រូវ​បាន​សម្លាប់ ក្នុង​រយៈពេល​មួយ​ខែ​ដំបូង នៃ​យុទ្ធនាការ​បោសសម្អាត រួម​ទាំង​កុមារ ៧៣០​នាក់ ដែល​មាន​អាយុ​ក្រោម​៥​ឆ្នាំ ។

នៅ​ក្នុង​វី​ដេ​អូ​ចំនួន​២​ឃ្លី​ប ដែល​ចេញផ្សាយ​ដោយ​អង្គការ Fortify Rights ដែល​ថត​មាន​ផ្ទាំង​ប្លា​ស្ទិ​ច​ពណ៌​បៃតងចាស់ បុរសឯក​សណ្ឋាន​យោធា ទាំង​២​នាក់ បាន​ពណ៌នា​តាម​របៀប​ដែល​ថា ពួក​គេ​ធ្វើ​តាម​បញ្ជា​របស់​មេ ឲ្យ​សម្លាប់​អ្នក​ភូមិ​រ៉ូ​ហ៊ីង​យ៉ា ទាំងអស់ ។

លោក Myo Win Tun បាន​និយាយ​ថា គាត់​ត្រូវ​បាន​មេបញ្ជាការ បញ្ជូន​ទៅ​វាយឆ្មក់​ពេល​យប់ នៃ​ភូមិ​មូ​ស្លី​ម​មួយ នៅ​សង្កាត់​ប៊ុត​ដែង​កាលពី​ខែសីហា ឆ្នាំ​២០១៧ ដែល​មេទាហាន រូប​នោះ​បាន​ប្រាប់​គាត់ អោយ​សម្លាប់​មនុស្ស​គ្រប់​គ្នា ដែល​ជា​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ។

ទាហាន​រូប​នេះ និយាយ​បន្ត​ថា បន្ទាប់​ពី​បាន​បំផ្លាញ​ភូមិ​ទី​១ កងពល​របស់​គាត់ បាន​ស្នាក់​នៅ​ក្នុង​តំបន់​នោះ អស់​រយៈពេល​២​ស​ប្តា​ហ៍ ដោយ​វាយ​បំផ្លាញ កន្លែង​តាំងទី​លំនៅ​ផ្សេង​ទៀត​នៅ​ក្បែរ​ភូមិ​នោះ ។

លោក Myo Win Tun បាន​និយាយ​នៅ​ក្នុង​វី​ដេ​អូ​ទៀត​ថា “​យើង​បាន​បញ្ចុះ​សាកសព​ចំនួន​៣០ នៅ​ក្នុង​រណ្តៅ​មួយ មាន​ស្ត្រី​៨​នាក់ កុមារ ៧​នាក់​, ១៥​នាក់​ទៀត ជា​បុរស​និង​មនុស្ស​ចាស់​” ។

លោក Myo បាន​បន្ថែម​ថា ទាហាន​ក្នុង​អង្គភាព​របស់​គាត់ បាន​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី មុន​ពេល​បាញ់​សម្លាប់ពួក​គេ ហើយ​លោក​សារភាព​ថា រូប​គាត់​ក៏​បាន​រំលោភ​ស្ត្រី​ម្នាក់​ដោយ​ខ្លួនឯង ។ លោក Myo ប្រាប់​ថា “​យើង​បាន​បាញ់​សម្លាប់​ប្រជាជន​នៅ​តាម​ភូមិ​នីមួយ​ៗ ។

នៅ​ក្នុង​វី​ដេ​អូ​របស់​លោក Zaw Naing Tun ក៏​បាន​សារភាព​ដូច​គ្នា​ដែរ​ថា “​លោក​នៅ​ក្នុង​កងវរសេនាតូច​ថ្មើរជើង លេខ​៣៥៣ ដើម្បី​កម្ទេច​ភូមិ​ឥ​ស្លា​ម ប្រហែល​២០​ភូមិ​” ។ លោក​បាន​និយាយ​នៅ​ក្នុង​វី​ដេ​អូ​ថា “​យើង​បាន​បាញ់​សម្លាប់​ពួក​គេ ធ្វើ​តាម​បញ្ជា​ឲ្យ​សម្លាប់​ទាំងអស់ ដោយ​មិន​គិត​ពី​កុមារ ឬ​មនុស្ស​ពេញវ័យ​” ។

លោក Zaw Naing Tun បាន​និយាយ​បន្ត​ថា ពួក​គេ​បាន​កប់​អ្នក​ភូមិ​មូ​ស្លី​ម ប្រមាណ ៨០​នាក់ នៅ​ក្នុង​រណ្តៅ​ដ៏​ធំ ដោយ​លួច​យក​មាសប្រាក់ និង​ទូរស័ព្ទ​ពី​ហាង ក្នុង​ចំណោម​របស់​ផ្សេង​ទៀត និង​ផ្ទះ​របស់​ពួក​គេ បន្ទាប់​ពី​បាន​សម្លាប់​ពួក​គេ ។ រូប​គាត់ ក៏​បាន​និយាយ​ទើត​ថា គាត់​ផ្ទាល់​បាន​ឈរ​មើល ខណៈ​ពេល​ដែល​ថ្នាក់លើ​របស់​គាត់ បាន​រំលោភ​ស្ត្រីភេទ ។

បន្ទាប់​ពី​ចម្លើយ​សារភាព​ថត​ដោយ​ក្រុម​ឧទ្ទាម​អា​រ៉ា​កាន ទាហាន​មី​យ៉ា​ន់​ម៉ា​ដែល​រត់ចោលជួរ​ទាំង​២​នាក់​នេះ បាន​បង្ហាញខ្លួន នៅ​ប៉ុស្តិ៍​ព្រំដែន ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស និង​មី​យ៉ា​ន់​ម៉ា កាលពី​ខែសីហា បាន​ស្នើ​សុំ​ការ​ការពារ និង​សារភាព​ចំពោះ​ការ​សម្លាប់ និង​ការ​ចាប់រំលោភ​ជន​ស៊ី​វិល​រ៉ូ​ហ៊ីង​យ៉ា យ៉ាងច្រើន​ក្នុងអំឡុងពេល​ប្រតិបត្តិការ​បោសសំអាត នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន ក្នុង​ឆ្នាំ​២០១៦ និង​២០១៧ ។

អង្គការ Fortify Rights បាន​និយាយ​ថា ទាហាន​ទាំង​២​នាក់ នៅ​ក្នុង​វី​ដេ​អូ​នេះ ឥឡូវនេះ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅ​ទីក្រុង​ឡា​អេ ។ បុរស​ទាំង​២​នេះ អាច​ជា​ជនល្មើស​ដំបូង​គេ មក​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​ត្រូវ​បាន​ជំនុំជម្រះ​នៅ​តុលាការ​អាយ​ស៊ី​ស៊ី និង​ជា​សាក្សី​ដំបូង ផង​ដែរ ៕