រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​ផែនការមេ អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប


រាជធានី​ភ្នំពេញ ៖ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ នៅ​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២០ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តី​ព្រាង «​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប (២០២០-២០៣៥)​។ កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍ ខេត្តសៀមរាប​, លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្រមទាំង​ឯកឧត្តម លោក​ជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មការ​ក​ម្មា​ធិ​ការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​។

«​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប (២០២០-២០៣៥)» សិក្សា​រៀបចំ​ដោយ​គណៈកម្មការ​អន្តរក្រសួង ដឹកនាំ​ដោយ​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​រៀបចំ​ផែនការ​មេនេះ ត្រូវ​បាន​រំពឹង​ថា​នឹង​ក្លាយជា​យន្តការ​ដ៏​មាន​សារៈសំខាន់​ចាំបាច់​សម្រាប់​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​ក៏​ដូច​ជា​អនាគត ឆ្លើយ​តប​នឹង​ឥទ្ធិពល​នៃ​ជំងឺឆ្លង​កូ​វី​ដ​-១៩ (COVID-19) ជា​ពិសេស​ត្រូវ​សម្រេច​ឱ្យ​បាន​នូវ​បំណងប្រាថ្នា​រួម​របស់​រាជរដ្ឋាភិបាល ដើម្បី​ជា​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ដូច​ខាងក្រោម​៖ ទី​១៖ ខេត្តសៀមរាប គឺជា​ខេត្ត​ទេសចរណ៍​អន្តរជាតិ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍ និង​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​ជាស​កល​លើ​ការ​អភិរក្ស និង​កិច្ច​គាំពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​បរិស្ថាន​ធម្មជាតិ ដោយ​ផ្តល់​ជូន​នូវ​ធនធាន​ទេសចរណ៍ និង​ភាព​ទាក់ទាញ​ជា​ច្រើន​ទៀត​។

ទី​២៖ ធានា​ឱ្យ​បាន​នូវ​ផលប្រយោជន៍​សង្គម​-​សេដ្ឋកិច្ច ជា​អតិបរមា​ពី​វិស័យ​ទេសចរណ៍ ពោល​គឺ​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ​, តំបន់​ទីក្រុង​ដែល​មាន​ស្ទឹង​សៀមរាប​, តំបន់​ទន្លេសាប​, ឧទ្យាន​ជាតិ​ភ្នំ​គូលែន និង​តំបន់​ជនបទ​ដែល​ជា​គោលដៅ​ទេសចរណ៍ ត្រូវ​តែ​ភ្ជាប់​ជាមួយ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​។ ទី​៣៖ ខេត្តសៀមរាប ត្រូវ​តែ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ដែល​មានគុណ​ភាព​មក​កម្សាន្ត ម្តង​ហើយ​ម្តងទៀត ស្នាក់​នៅ​យូរ និង​ចំណាយ​ច្រើន អាច​បង្កើន​នូវ​ចំណូល​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​កសាង​សេដ្ឋកិច្ច​មូលដ្ឋាន​ប្រកបដោយ​បរិ​យា​ប័ន្ន ។

លើស​ពី​នេះ «​ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប (២០២០-២០៣៥) ក៏​នឹង​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ដែល​ចាត់​ទុក «​វិស័យ​ទេសចរណ៍​ជា​មាស​បៃតង​» ក្នុង​ការ​ចូលរួម​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​, ការ​លើក​ស្ទួយ​វប្បធម៌​ជាតិ និង​ទ្រទ្រង់​ដល់​កិច្ច​គាំពារ​បរិស្ថាន ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប និង​តំបន់​ជុំវិញ ដើម្បី​ប្រែ​ក្លាយជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​គុណភាព (Alternative Tourism/Quality Destination) មានការ​គ្រប់គ្រង​លើ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ច្បាស់លាស់ និង​កាត់​បន្ថយ​ផល​ប៉ះពាល់ ជា​អវិជ្ជមាន​ដល់​តំបន់​អង្គរ និង​ធនធានធម្មជាតិ​ឱ្យ​បានជា​អតិបរមា សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ច្រើន​ដង ពិសេស​ភ្ញៀវ​ទេសចរ​កម្រិត​ខ្ពស់ ដើម្បី​បង្កើន​នូវ​ប្រភព​ចំណូល​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន ។

តាម​ការ​ព្យាករណ៍​ក្នុង​ឆ្នាំ ២០៣៥ ទេសចរណ៍​អន្តរជាតិ​នាំ​មក​នូវ​ចំណូល​ចំនួន ៤,៧៦៥​លាន​ដុល្លារ និង​ទេសចរណ៍​ជាតិ នាំ​មក​នូវ​ចំណូល​ចំនួន ១,២៨០​លាន​ដុល្លារ ។ ជា​រួម​ចក្ខុវិស័យ​របស់ «​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប (២០២០-២០៣៥) គឺ «​ការ​ក្តាប់​យក​មក​វិញ​នូវ​មោទនភាព ជា​គោលដៅ​ទេសចរណ៍​ចម្បង​បំផុត របស់​វិស័យ​ទេសចរណ៍​កម្ពុជា និង​ជា​គោលដៅ​ទេសចរណ៍​ចម្បង ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​» ។

ដើម្បី​សម្រេច​បាន​ចក្ខុវិស័យ​ខាងលើ​នេះ «​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប (២០២០-២០៣៥)» បាន​ដាក់​ចេញ​នូវ​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន ០៧ រួម​មាន​៖ ១៖ យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​អាទិភាព​ខេត្តសៀមរាប​, ២៖ យុទ្ធសាស្ដ្រ​វិនិយោគ​ទេសចរណ៍ និង​ការ​អភិវឌ្ឍ​របៀង​ទេសចរណ៍​ថ្មី​ៗ​ក្នុង​ខេត្តសៀមរាប​, ៣៖ យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍ និង​កា​រត​ភ្ជាប់​, ៤៖ យុទ្ធសាស្ដ្រ​ពង្រឹងគុណភាព និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​, ៥៖ យុទ្ធសាស្ដ្រ​ក្នុង​ការ​គ្រប់គ្រង​បរិស្ថាន​ខេត្តសៀមរាប​, ៦៖ យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រឹង​កា​រត​ភ្ជាប់​គាំទ្រ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​, និង ៧៖ យុទ្ធសាស្ដ្រ​អភិបាលកិច្ច​សម្រាប់​ទ្រទ្រង់ ការ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប (​ក្នុង​នោះ​មាន​យុទ្ធសាស្ត្រ​ចំនួន​៤៦ សកម្មភាព​អនុវត្ត​ចំនួន​១៥១ ដែល​បាន​កំណត់​រយៈពេល​នៃ​ការ​អនុវត្ត រយៈពេល​ខ្លី រយៈពេល​មធ្យម និង​រយៈពេល​វែង​)​។

ជាមួយ​ការ​បង្កើត​យន្តការ​ស្ថាប័ន អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ (Destination Management Organisations – DMO’s) រួម​សម្រាប់​ខេត្តសៀមរាប​ហៅ​ថា «​គណៈកម្មការ​អភិវឌ្ឍ​ទេសចរណ៍​សៀមរាប​-​អង្គរ​» នឹង​មាន​អង្គភាព គ្រប់គ្រង​គោលដៅ​ទេសចរណ៍​ដោយឡែក (Sub-DMO’s) អម​គណៈកម្មការ​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ​នេះ តាម​តំបន់​ទាំង ៦ ដូច​ជា​៖ ១៖ អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ (Sub-DMO) តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​, ២៖ អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ (Sub-DMO) តំបន់​ទេសចរណ៍​ជុំវិញ​តំបន់​ការពារ​ប្រាសាទបន្ទាយស្រី​, ៣៖ អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ (Sub-DMO) តំបន់​បេតិកភណ្ឌ​អង្គរ​, ៤៖ អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ (Sub-DMO) តំបន់​ទីក្រុង​សៀមរាប​, ៥៖ អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ (Sub-DMO) តំបន់​បឹង​ទន្លេសាប ៦៖ អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ (Sub-DMO) តំបន់​ទីក្រុង​សៀមរាប​ថ្មី (Grand Siem Reap) ក្រោម​ទម្រង់​ជា​តំបន់​ទេសចរណ៍​ពិសេស ដែល​មាន​អ្នក​អភិវឌ្ឍ​ក្រោម​ទម្រង់​ជា PPP ។

អង្គប្រជុំ បាន​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្ដី​ពី «​ការ​ដាក់​ឱ្យ​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២០-២០៣៥» និង​បាន​សម្រេច​ដូច​ខាងក្រោម​៖ ទី​១៖ គាំទ្រ​ជា​គោលការណ៍​លើ «​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២០-២០៣៥» និង​សូម​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ខិតខំ​របស់​ក្រុមការងារ​ដែល​បាន​រៀបចំ​ផែនការ​នេះ​ឡើង​។ ទី​២៖ ស្នើ​ឱ្យ​កែសម្រួល និង​កាត់​បន្ថយ​នូវ​ខ្លឹមសារ​លម្អិត ដោយ​រំលេច​តែ​ចំណុច​គោល​ធំ​ៗ​ជា​យុទ្ធសាស្ត្រ ដើម្បី​ឱ្យ​ផែនការ​មេនេះ​មាន​ខ្លឹមសារ​ខ្លី តែ​ចំ​គោលដៅ​ច្បាស់លាស់​ជា​មុន​។ ទី​៣៖ ស្នើ​ឱ្យ​ក្រសួង​-​ស្ថា​ប​ន័​ពាក់ព័ន្ធ​ដែល​ជា​សមាជិក សមាជិការ​គណៈកម្មការ​អន្តរក្រសួង ពិនិត្យ​ឱ្យ​បាន​លម្អិត​លើ​ផ្នែក ដែល​ពាក់ព័ន្ធ​នឹង​ដែន​សមត្ថកិច្ច​របស់​ខ្លួន រួច​បញ្ជូន​ផ្នែក​នោះ​មក​ក្រុមការងារ​គណៈកម្មការ​បញ្ចូល​ទៅ​ក្នុង​ផែនការ​មេនេះ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត ។

ទី​៤៖ សម្រេច​ឱ្យ​ប​ង្ស៉ី​គ្នា​រវាង «​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២០-២០៣៥» និង «​ផែនការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​សៀមរាប​» ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​រួច​ហើយ​។ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អង្គប្រជុំ ក៏​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ដល់​គណៈកម្មការ​អន្តរក្រសួង និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​បាន​សហការ​ដ៏​ល្អ​ក្នុង​ការ​រៀបចំ​ឯកសារ ដ៏​មាន​សារៈសំខាន់​នេះ​ឡើង ដែល​ជា​សេចក្តី​ព្រាង​ផែនការ​មេនេះ ។ អង្គប្រជុំ សម្រេច​ប្រជុំ​ឆ្លង​ម្តងទៀត​នៅ​ចុងខែ​តុលា ឆ្នាំ​២០២០ ក្រោយ​ពី​ការ​កែសម្រួល មុន​នឹង​គោរព​ដាក់​ជូន សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដើម្បី​ពិនិត្យ និង​សម្រេច​ដ៏​ខ្ពស់​ខ្ពស់​៕ ដោយ ៖ សុខ សា​រ៉ា​យ

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ