ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​កំពែង ខ្មៅ ឈ្នះ​ថា សា​រុន ទាំង​ត្រដាបត្រដួស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​កាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២០ កីឡាករ​ជើង​ខ្លាំង កំពែង ខ្មៅ បង្គោល​ក្រហម​បាន​យកឈ្នះ​គូប្រកួត​ដោយ​ពិន្ទុ ខណៈ​លទ្ធផល​នោះ​ទម្រាំ​រក​ឃើញ​ក៏​ពិបាក​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​កាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២០ កីឡាករ​ជើង​ខ្លាំង កំពែង ខ្មៅ បង្គោល​ក្រហម​បាន​យកឈ្នះ​គូប្រកួត​ដោយ​ពិន្ទុ ខណៈ​លទ្ធផល​នោះ​ទម្រាំ​រក​ឃើញ​ក៏​ពិបាក​ផង​ដែរ ។ យ៉ាងណាមិញ លោក​មិនមែន​ជា​គូប្រកួត​ដណ្ដើម​ជើងឯក​នោះ​ទេ គឺ​គ្រាន់តែ​ជា​គូ​ពិសេស​កំដរ​សង្វៀន​ប៉ុណ្ណោះ​។

ការ​ប្រដាល់​ជា​ថ្មី​របស់​ប៉ុស្តិ៍​លេខ​៥ បាន​ឈាន​ដល់​ស​ប្ដា​ហ៍​ទី​២​ហើយ​ក្នុង​ការ​ប្រកួត​ជើងឯក​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។ ការ​ប្រកួត​រដូវ​កាល​នេះ​ក្នុង​មួ​យស​ប្ដា​ហ៍​គឺ​មាន​តែ​មួយគូ​ប៉ុណ្ណោះ មាន​ន័យ​ថា ក្នុង​មួ​យស​ប្ដា​ហ៍​គឺ​ធ្លាក់​តែ​មួយ​រូប និង​បាន​ឡើង​តែ​មួយ​រូប​ខុស​ពី​ការ​ប្រកួត​រដូវ​កាល​មុន​ៗ​ដែល​ក្នុង​មួ​យស​ប្ដា​ហ៍​មាន​ចំនួន​២​គូ ។

ការ​ប្រកួត​នៅ​ស​ប្ដា​ហ៍​នេះ​ក៏​មាន​ភាព​ទាក់ទាញ​មិន​ខុស​គ្នា​ផង​ដែរ​បើ​ទោះជា​អ្នកគាំទ្រ​នៅ​មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលទស្សនាការ​ប្រកួត​ដោយ​ផ្ទាល់​ក្ដី ។ ជាក់ស្ដែង​ការ​ប្រកួត​រវាង​កីឡាករ កំពែង ខ្មៅ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម និង​កីឡាករ ថា សា​រុន មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ជា​ក្លិប​មួយ​នៅ​ក្នុង​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរ​ភូមិន្ទ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា អ្នក​ទាំង​ពីរ​ថ្វី​ត្បិត​តែ​ស្ថិត​ក្នុង​ស្ថានភាព​កូ​វី​ដ​១៩ ដែល​មិន​មាន​អ្នក​ទស្សនា​ផ្ទាល់​លើក​ទឹកចិត្ត ក៏​នៅ​តែ​ប្រឹង​ប្រកួត​អស់ពី​សមត្ថភាព​។

ការ​ប្រកួត​របស់​អ្នក​ទាំង​២​ផាំង​ទៅ​ផាំង​មក​តាំងពី​ទឹក​ទី​១ រហូត​ដល់​រក​ឃើញ​លទ្ធផល ខណៈ​ដែល​កីឡាករ​ម្ខាង​ៗ​ក៏​ប្រឹង​អស់​រៀងខ្លួន ធ្វើ​ឱ្យ​អ្នកគាំទ្រ​តាម​ការ​ផ្សាយ​ផ្ទាល់​ពេញចិត្ត​។
កីឡា​ករ កំពែង ខ្មៅ បង្គោល​ក្រហម​នៅ​ក្នុង​ពេល​នោះ​បាន​ប្រើ​អស់​សមត្ថភាព មិន​ថា​កែង ម៉ាត់ និង​ជង្គង់​វាយ​បុក​ទៅ​លើ​គូប្រកួត​ហើយ​បើ​ទោះបីជា​បង្គោល​ខៀវ​ប្រើ​អស់​សមត្ថភាព​ត្រឡប់​មក​វិញ ក៏​បង្គោល​ក្រហម​នៅ​តែ​ធ្វើ​បាន​ល្អ​ជាង និង​មានឱកាស​ប្រើ​ស្នៀត​បាន​ចំ​គោលដៅ​ជាង ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​បញ្ចប់​ទៅ​ដោយ​ឈ្នះ​ពិន្ទុ​។

យ៉ាងណា​ក៏​ដោយ កំពែង ខ្មៅ បាន​សារភាព​ថា ជ័យជម្នះ​ដែល​ខ្លួន​ទទួល​បាន​គឺជា​រឿង​ដ៏​លំបាក បើ​ទោះបីជា​ខ្លួន​មាន​ប្រវត្តិ​ប្រកួត​រាប់​មិន​អស់ នៅ​លើ​សង្វៀន​ប្រដាល់​នោះ​យ៉ាងណា​ក៏​ដោយ លោក​បាន​ទាំង​សរសើរ​ថា កីឡាករ ថា សា​រុន មាន​ថ្វីដៃ​ល្អ និង​មាន​បច្ចេកទេស​ខ្លាំង​គ្រប់ការ​វាយបក​នោះ​ផង ។ លោក​បាន​ថ្លែង​នៅ​ក្រោយ​ការ​ប្រកួត​ថា ថ្វី​ត្បិត​តែ​លោក​ទទួល​ជ័យជម្នះ តែ​ក៏​ជា​លទ្ធផល​ដែល​បាន​ទាំង​ការ​លំបាក និង​ពេញ​ដោយ​ការ​ពុះពារ​ផង​ដែរ​ពេញ​រយៈពេល​៥​ទឹក ដែល​មាន​ន័យ​ថា គូប្រកួត​របស់​ខ្លួន ត្បិត​តែ​ប្រឡូក​សង្វៀន​មិន​ច្រើន​មែន​តែ​សម្រាប់​សមត្ថភាព​គឺ​មិន​អាច​មើល​ស្រាល ។

ជាមួយនឹង​ការ​លើក​ឡើង​របស់​កីឡាករ កំពែង ខ្មៅ លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​បាន​លើក​ឡើង​ថា សង្វៀន​ប្រដាល់​ប៉ុស្តិ៍​លេខ​៥ នឹង​ពុះពារ​ដំណើរការ​ការ​ប្រកួត​របស់​ខ្លូ​ន​ដោយ​មិន​បិទ​ចោល​ទៀត​ទេ បើ​ទោះបីជា​អំឡុង​ពេល​នេះ លោក​សារភាព​ថា Sponsors មានការ​ប៉ះពាល់​ហើយ​អ្នកចូលរួម​ឧបត្ថម្ភ​ក៏​មានការ​កាត់​បន្ថយ​ចំណាយ​ដែល​ធ្វើ​ឱ្យ​ការ​រៀបចំ​ប្រដាល់​របស់​ខ្លួន​ពិបាក​ក្នុង​ការ​ផ្ដល់​តម្លៃ​មួយ​ខ្ពស់​ដល់​កីឡាករ​តាម​ការ​ចង់បាន​។

លោក​លើក​ឡើង​ពី​ផល​លំបាក​ថា ការ​រៀបចំ​ប្រដាល់​របស់​ខ្លួន​ជា​ថ្មី​ទទួល​បាន​កញ្ចប់​ទាប​ជាង​មុន​និង​មានការ​ត្អូញត្អែរ​ច្រើន​ពី​អ្នក​ឧបត្ថម្ភ​កម្មវិធី និង​ថា ធាតុ​ពិត​ប៉ុស្តិ៍​លេខ​៥ មិន​អាច​ដំណើរការ​ការ​ប្រដាល់​របស់​ខ្លួន​បាន​ទៀត​ទេ តែ​ស្ថាប័ន​របស់​លោក​នៅ​តែ​ពុះពារ​ដើម្បី​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា ។ លោក​ថា កម្មវិធី​ដែល​ដំណើរការ​នៅ​ក្នុងអំឡុងពេល​នេះ​គឺជា​បទ​ពិសោធន៍​មួយ​ដ៏​លំបាក​តែ​ក៏​ធ្វើ​ឱ្យ​ក្រុមការងារ​ទាំងមូល​រឹង​មាំ​ផង​ដែរ​ក្នុង​ពេល​ដែល​មាន​ជំងឺ​កូ​វី​ដ​១៩​ផ្ទុះ​ឡើង​នេះ​។

ជាក់ស្ដែង​សូ​ម្បី​តែ​ការ​ស្វែងរក​កីឡាករ​ឱ្យ​ត្រូវ​នឹង​រូបមន្ត​៣២​រូប ដែល​ធ្លាប់​ធ្វើ​ឡើង ក៏​មិន​អាច​រកបាន​នោះ​ដែរ ហើយ​គាប់​ជួន​ជា​ប៉ុស្តិ៍​លេខ​៥ មិន​ចង់​ដំណើរការ​រូបមន្ត​ចាស់​ដោយ​ចេះ​តែ​យក​កីឡាករ​មិន​ត្រូវ​សមត្ថភាព​គ្នា​មក​ឡើង​រេញ​ប្រកួត​ផង​ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​លើក​នេះ ប្ដូរ​ពី​រូបមន្ត​៣២​រូប មក​ត្រឹម​១៦​រូប​វិញ ដោយ​ប្ដូរ​ការ​ប្រកួត​ជម្រុះ​មួយ​ស​ប្ដា​ហ៍​២​គូ មក​ត្រឹម​មួ​យស​ប្ដា​ហ៍​១​គូ​វិញ ដើម្បី​អាច​ដំណើរការ​កម្មវិធី​បាន ។ លោក​បញ្ជាក់​ថា ការ​ប្រកួត​ជ្រើសរើស​ជើងឯក​លើក​នេះ​នឹង​ធ្វើ​ឱ្យ​ជោគជ័យ ហើយ​ប៉ុស្តិ៍​លេខ​៥ ក៏​នឹង​មាន​ឆន្ទៈ​រៀបចំ​ការ​ប្រកួត​មួយ​សង្វៀន​ទៀត​ដើម្បី​ពង្រីក​ឱកាស​ការងារ​ឱ្យ​កីឡាករ និង​គណៈកម្មការ​បន្ថែម​ពីលើ​ជំហរ​មិន​ផ្អាក​សង្វៀន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ