ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់​ការណ៍​! ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​កាត់ដេរ​នឹង​បង្ហាញ​តួលេខ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ដល់​ពាក់កណ្តាល​ស​ប្តា​ហ៍​ទី​១​នៃ​ខែកញ្ញា ២០២០​នេះ ខាង​សហជីព ខាង​និយោជក និង​ខាង​តំណាង​ឱ្យ​រាជរដ្ឋាភិបាល​បាន​ចាប់ផ្តើម​ជជែក​គ្នា ដើម្បី​ធ្វើការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ក្នុង​ផ្នែក​វាយនភ័ណ្ឌ កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិតផល​ស្បែកជើង…

រាជធានី​ភ្នំពេញ ៖ មក​ដល់​ពាក់កណ្តាល​ស​ប្តា​ហ៍​ទី​១​នៃ​ខែកញ្ញា ២០២០​នេះ ខាង​សហជីព ខាង​និយោជក និង​ខាង​តំណាង​ឱ្យ​រាជរដ្ឋាភិបាល​បាន​ចាប់ផ្តើម​ជជែក​គ្នា ដើម្បី​ធ្វើការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ក្នុង​ផ្នែក​វាយនភ័ណ្ឌ កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិតផល​ស្បែកជើង សម្រាប់​ឆ្នាំ​២០២១ ដែល​ក្នុង​នោះ​លទ្ធផល ឬ​តួលេខ​នៃ​ការ​កំណត់​ប្រាក់​ឈ្នួល​សម្រាប់​វិស័យ​ខាងលើ​នឹង​បង្ហាញ​ឱ្យ​ដឹង​នៅ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ។

លោក បណ្ឌិត អ៊ិ​ត​សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ប្រសាសន៍​ថា ថ្ងៃនេះ​យើង​ទើប​ចាប់ផ្តើម​ធ្វើការ​ប្រជុំ​លើក​ទី​១ សម្រាប់​ការ​ពិភាក្សា​ទៅ​លើ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង​និង​ផលិតផល​ធ្វើ​ដំណើរ ។ លោក​បណ្ឌិត​បន្ត​ថា «​កិច្ចប្រជុំ​លើក​ទី​១​នេះ​សំខាន់ គឺ​ស្តាប់​អំពី​ការ​ធ្វើ​បទ​បង្ហាញ​ទិន្នន័យ​សំខាន់​ៗ​ទាក់ទង និង​ការ​វិនិច្ឆ័យ​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច​ក្នុង​ការ​កំណត់​ប្រាក់​ឈ្មួ​លអ​ប្បរមា ដោយ​ក្នុង​នោះ​យើង​ពិនិត្យ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​ដែល​ប៉ះពាល់​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩» ។

លោក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់​ថា​«​ថ្ងៃនេះ​ខ្ញុំ​ពិតជា​មាន​សុ​ទិ​ដ្ឋ​និយម​ក្នុង​ការ​ពិភាក្សា ខ្ញុំ​ឃើញ​ភាគី​និ​មួយ​ៗ​បាន​យល់​អំពី​អ្វី​ដែល​ជា​ស្ថានភាព​រួម ការ​លំបាក​ជាស​កល ក៏​ដូច​ជា​កម្ពុជា​ប្រឈម​ការ​លំបាក​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ ហើយ​យើង​មាន​ឆន្ទៈ​ក្នុង​ការ​ជជែក​ពិភាក្សា​គ្នា​ដោយ​ស្មារតី​ទទួលខុសត្រូវ​រួម​គ្នា​ក្នុង​ដោះស្រាយ​ប្រាក់ខែ​អប្បរ​មា​។​ដូចនេះ​សម្រាប់​ជំហរ​ភាគី​នីមួយ​ៗ​មិន​ទាន់​បាន​កំណត់​ទេ​។​តែ​ជា​ធម្មតា​ភាគី​ដែល​ជា​អ្នក​ស្នើ​សុំ​តែងតែ​ចង់បាន​ច្រើន ហើយ​អ្នក​ដែល​ឱ្យ​តែងតែ​ពិនិត្យ​លទ្ធភាព​ធ្វើ​យ៉ាងម៉េច​ផ្តល់​ឱ្យ​បាន​សមរម្យ អីចឹង​ភាគី​ទាំង​៣​ត្រូវ​ជជែក​គ្នា​បន្ត​ទៀត​»​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​« យើង​នឹង​កំណត់​នៃ​កាល​បរិ​ច្ឆេ​ត​ការ​ប្រជុំ​បន្ត​របស់​ក្រុមប្រឹក្សា​គឺ​នៅ​ថ្ងៃ​ទី​៩​និង​បញ្ចប់​នៅ​ថ្ងៃ​ទី​១០​ខែកញ្ញា​ខាង​មុខ​នេះ​នៅ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំ​បិ​ណ្យ​។​តែ​ក្នុង​កាលៈទេសៈ​ការ​ប្រជុំ​ជា​លក្ខណៈ​បច្ចេកទេស ដោយ​ក្រសួង​បាន​រៀបចំ​ជាទី​កន្លែង​ជូន​ភាគី​និ​មួយ​ៗ​ដែល​ខាង​សហជីព​តំណាង​ឱ្យ​កម្មករនិយោជិត​អាច​ប្រើប្រាស់​ទីតាំង​របស់​ក្រសួង​ធ្វើ​ប្រជុំ​ផ្ទៃក្នុង​របស់​ខ្លួន ហើយ​ខាង​និយោជក​និង​ខាង​ភាគី​រាជរដ្ឋាភិបាល​ក៏​មាន​កន្លែងធ្វើការ​ប្រជុំ​សិក្សា​ស្វែង​យល់​ដើម្បី​យក​ជំហរ​ឯកភាព ហើយ​ភាគី​និ​មួយ​ៗ​អាច​ប្រជុំ​ទ្វេភាគី ឬ​ត្រីភាគី​ដើម្បី​រក​ដំណោះស្រាយ​ឃើញ ហើយ​ខ្ញុំ​សង្ឃឹមថា​យើង​នឹង​មាន​លទ្ធផល​មួយ​ជួន​បងប្អូន​កម្មករនិយោជិត​នៅ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំ​បិ​ណ្យ​ខាង​មុខ​នេះ​»​។

យោង​តាម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើក​ឡើង​ថា រាជរដ្ឋាភិបាល​បាន​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ឆ្នាំ​២០១៦ និង​ទទួល​បានការ​អនុម័ត និង​ប្រកាស​ឱ្យ​ប្រើ​កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​បាន​បញ្ចូល​នូវ​គោលការណ៍​ទាំង​៥, លក្ខណ​វិនិច្ឆ័យ​ផ្នែក​សង្គម (​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ចំណាយ​ក្នុង​ការ​រស់នៅ​) និង​លក្ខណ​វិនិច្ឆ័យ​ផ្នែក​សេដ្ឋកិច្ច (​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងារ និង​កម្រិត​ចំណេញ​របស់​វិស័យ​) ព្រមទាំង​កាលវិភាគ​នៃ​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា ដែលជា​លទ្ធផល​នៃ​សិក្ខាសាលា​ត្រីភាគី​ថ្នាក់​ជាតិ​កាលពី​ថ្ងៃ​ទី​២៤-២៥ ខែមេសា ឆ្នាំ​២០១៤​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ និយោជិត ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង​រៀង​រាល់​ឆ្នាំ ពោល​គឺ​ចាប់ពី​ឆ្នាំ​១៩៩៧ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករនិយោជិត​មាន​ចំនួន​តែ ៤០ ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ រហូត​ដល់​ឆ្នាំ​២០២០​នេះ ប្រាក់​ឈ្នួល​អប្បបរមា​កម្មករនិយោជិត​នៅ​កម្ពុជា​មាន​ចំនួន ១៩០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​។

ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ក្នុង​វិស័យ នេះ ត្រូវ​បាន​កែសម្រួល​ពី ១៨២ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ សម្រាប់​ឆ្នាំ​២០១៩ រហូត​ដល់ ១៩០ ដុល្លារ​អា​មេ​រិ​ក​ក្នុង មួយ​ខែ​សម្រាប់​ឆ្នាំ​២០២០​នេះ ស្មើនឹង ៤.៤%​។ ប្រសិនបើ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​បន្ថែម កម្មករនិយោជិត​ម្នាក់​អាច​ទទួល​បាន​ប្រាក់​ឈ្នួល ចន្លោះ​ពី ២០៧ ទៅ ២១៨ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​នៅ​ក្នុង​ឆ្នាំ​២០២០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ