បន្ទាប់ពីមានភាពចម្រូងចម្រាស់ទាក់ទងទៅនឹងកាលបរិច្ឆេទប្រកួតបាល់ទាត់ពិភពលោក២០២២ នៅប្រទេសកាតា ដោយសារតែបញ្ហាអាកាសធាតុ ពេលនេះសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ទំនងជាបន្ទន់ឥរិយាបទដោយចង់ផ្លាស់ប្តូរកាលបរិច្ឆេទប្រកួតពីខែមិថុនា មកខែវិច្ឆិកាឬធ្នូវិញ ។
លោក Sheikh Salman Bin Ebrahim Al-Khalifa ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាស៊ីបានច្រានចោលកាលបរិច្ឆេទប្រកួតនៅក្នុងខែឧសភា ដែលបណ្តាក្លិបបាល់ទាត់ជាច្រើននៅតំបន់អឺរ៉ុបចង់បាន ។ លោក Sheich Salman បានបន្តឱ្យដឹងទៀតថា គ្រប់ភាគីទាំងអស់ត្រូវតែសម្របសម្រួលគ្នា មិនមែនត្រឹមតែក្លិបបាល់ទាត់នៅតំបន់អឺរ៉ុបប៉ុណ្ណោះទេ យើងត្រូវរកចំណុចរួមមួយ ។ នៅក្នុងរដូវរងារយើងមានជម្រើស២ គឺអាចខែមករា-កុម្ភៈ ឬវិច្ឆិកា-ធ្នូ ។
ចំណែកឯលោក Hassan Al Thawadi ប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពិភពលោកកាតាបានឱ្យដឹងថា ៖ ក្នុងឋានៈជាម្ចាស់ផ្ទះយើងបានត្រៀមខ្លួនរួចហើយដើម្បីសម្របតាមមតិភាគច្រើន ។
គួររំលឹកថា មូលហេតុចង់ផ្លាស់ប្តូរកាលបរិច្ឆេទប្រកួតនេះ គឺទាក់ទងទៅនឹងអាកាសធាតុក្តៅខ្លាំង គឺលើសពី៤០អង្សារនៅក្នុងខែឧសភា មិថុនា ដូច្នេះហើយ ទើបចង់ឱ្យមានការផ្លាស់ប្តូរមកធ្វើក្នុងរដូវរងារវិញ ៕
ចែករំលែកព័តមាននេះ