ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ខ្មែរ និង​កូន​ខ្មែរ​កាត់​កូរ៉េ នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ស្ថានទូត​ខ្មែរ​នៅ​កូរ៉េ

4 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ ស្ថានទូត​កម្ពុជា និង​មជ្ឈមណ្ឌល​គាំពារ​ជនបរទេស​ទីក្រុង​សុង​ណាំ បាន​ឯកភាព​គ្នា រៀបចំ​គម្រោង​ចំនួន​២​គឺ ការ​បង្រៀន​ធ្វើ​ម្ហូប​ខ្មែរ​ដល់​បងប្អូន​ស្ត្រី​ខ្មែរ​យើង និង​ការ​បង្រៀន​ភាសា​ខ្មែរ ដល់​កុមារ​កូនកាត់​កូរ៉េ ដើម្បី​បាន​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ដ៏​រុងរឿង​ដល់​សាធារណជន…

កូរ៉េ​ខាងត្បូង ៖ ស្ថានទូត​កម្ពុជា និង​មជ្ឈមណ្ឌល​គាំពារ​ជនបរទេស​ទីក្រុង​សុង​ណាំ បាន​ឯកភាព​គ្នា រៀបចំ​គម្រោង​ចំនួន​២​គឺ ការ​បង្រៀន​ធ្វើ​ម្ហូប​ខ្មែរ​ដល់​បងប្អូន​ស្ត្រី​ខ្មែរ​យើង និង​ការ​បង្រៀន​ភាសា​ខ្មែរ ដល់​កុមារ​កូនកាត់​កូរ៉េ ដើម្បី​បាន​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ដ៏​រុងរឿង​ដល់​សាធារណជន និង​កូរ៉េ ព្រមទាំង​បរទេស​ផង​ដែរ​។ យោង​តាម​ប្រសាសន៍ លោក ឡុ​ង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េ ខាងត្បូង បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០​នេះ​ថា «​គម្រោង​នេះ​មិន​ត្រឹមតែ​ជួយ​ទៅ​លើ​សមត្ថភាព ចំណេះដឹង​នោះ​ទេ វា​ក៏​អាច​ជួយ​ដល់​ជីវភាព​ដល់​ស្ត្រី​ខែ្ម​រ ដែល​គាត់​កំពុង​តែ​រស់នៅ​ក្នុង​ប្រទេស​នេះ​បន្ទាប់​ពី​គាត់​មាន​ស្វាមី​ជា​ជនជាតិ​កូរ៉េ គឺ​យើង​ចង់ឱ្យ​ពួក​គាត់​រៀន​ធ្វើ​ម្ហូប​ខ្មែរ​ទៅ​តាម​ប្រពៃណី ទំនៀមទម្លាប់​បែប​ខ្មែរ និង​មាន​អនាម័យ ហើយ​មានគុណ​ភាព​ខ្ពស់​»​។

បន្ថែម​ពី​នេះ​ទៅ​ទៀត​លោក​បន្ត​ថា ជនជាតិ​កូរ៉េ ប្រសិនបើ​គាត់​បរិភោគ គាត់​មិន​ចូល​ចិត្តការ​ដាក់​គ្រឿងទេស​ច្រើន​នោះ​ទេ​។ ហើយ​នៅ​ប្រទេស​កូរ៉េ​ភោជនីយដ្ឋាន​ខ្មែរ​យើង មិន​ក្រោម ៥០​ហាង​នោះ​ទេ ទូ​ទាំង​ប្រទេស​កូរ៉េ ហើយ​មិន​មាន​ជនបរទេស ឬ​ជនជាតិ​កូរ៉េ​ណា​ចូល​ក្នុង ភោជនីយដ្ឋាន​ទាំងនោះ​ទេ គឺ​ច្រើន​តែ​ខ្មែរ​យើង​ដូច​គ្នា​។ លោក​ឯកអគ្គរាជទូត បាន​បន្ត​ថា «​ដូច​ការ​ធ្វើ​ម្ហូប​ត្រឹមតែ​ជា​ការ​ធ្វើ​ដើម្បី​ឱ្យ​បាន​ហូប​តែ​ប៉​ណ្ណោះ បើ​ឱ្យ​តាម​ស្តង់ដារ គុណភាព ដែល​អាច​ទទួលយក​បាន សម្រាប់​ទាំង​ជនបរទេស និង​ជនជាតិ​កូរ៉េ នៅ​មិន​ទាន់​អាច​ទទួលយក​បាន​នោះ​ទេ​។

ខ្ញុំ​ចង់​ជម្រាប​ជូន​ថា ពាក់ព័ន្ធ​នឹង​កូនកាត់​កូរ៉េ​-​ខ្មែរ​នេះ ខ្ញុំ​គិត​ថា​មាន​យ៉ាងតិច​ក៏ ១៥០០០ ទៅ ១៦០០០ នាក់​ដែរ ហើយ​ពួក​គាត់​ទាំង​អស់នេះ ភាគច្រើន​គឺ​មិន​ចេះ​ភាសា​ខ្មែរ ឬ​មិន​អាច​ប្រើប្រាស់​ភាសា​ខ្មែរ​បាន​នោះ​ទេ​»​។ លោក ឡុ​ង ឌី​ម៉​ង់ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ម្យ៉ាងវិញទៀត យើង​ចង់ឱ្យ​មាន​វគ្គ​បង្ហាត់បង្រៀន សម្រាប់​កុមារ​ដែល​មាន​ជាប់​សាច់ឈាម​ជា​ជនជាតិ​ខ្មែរ ឱ្យ​បាន​រៀន​ភាសា​ក្នុង​វ័យ​តូច​ៗ ហើយ​យើង​ក៏​យក​អ្នក​ដែល​បង្ហាត់បង្រៀន​ពួក​គាត់ ជា​អ្នកមាន​ចំណេះ​ជំនាញ​ខាង​កុមារ​តូច​ៗ ព្រោះ​ថាបើ​មិន​មានបទពិសោធន៍​នោះ​ទេ កុមារ​ទាំងនោះ​អាច​មានការ​ធុញទ្រាន់​បាន មាន​ន័យ​ថា​ត្រូវធ្វើ​ឱ្យ​មានការ​ទាក់ទាញ​ទៅ​លើ​សិស្ស ហើយ​ចង់ឱ្យ​ពួក​គាត់​ចង់​រៀន​ភាសា​ខ្មែរ​។

ដូចនេះ​យើង​កំពុង​គិតគូរ​ទៅ​លើ​សិស្ស​និស្សិត ដែល​មាន​ជាង ៤០០ នាក់​កំពុង​សិក្សា​នៅ​ទី​នេះ និង​មាន​អ្នកខ្លះ​អាច​នឹង​មានការ​ចាប់អារម្មណ៍​អាច​ជួយ​ទៅ​លើ​ការ​បង្រៀន​នេះ នឹង​ជា​ការ​ជួយ​លើកកម្ពស់​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ផង​ដែរ​។ លោក ឡុ​ង ឌី​ម៉​ង់​បាន​បញ្ជាក់​បន្ថែម​ថា «​អ៊ីចឹង​អត្ថប្រយោជន៍​វិល​មក​វិញ គឺ​មិន​ត្រឹមតែ​លើកកម្ពស់ វប្បធម៌ លើ​កម្ពស់​តម្លៃ​ស្ត្រី​ខ្មែរ ចូលរួម​ចំណែក​ក្នុង​ការ​ឱ្យ​បរទេស​គេ​បានឃើញ​អំពី​វប្បធម៌ ដ៏​ល្អ​ផូរផង់ រុងរឿង​របស់​យើង​។ និង​កូនកាត់​ខ្មែរ​កូរ៉េ តាម​វិទ្យាសាស្ត្រ​ឱ្យ​ដឹង​ថា​កូនកាត់​មាន​ខួរក្បាល​ឆ្លាត​ណាស់ អ៊ីចឹង​យើង​ចង់ឱ្យ​គាត់​ចេះ​ភាសា​ទាំង​ពីរ ព្រោះ​ទៅ​ថ្ងៃ​អនាគត គាត់​នឹង​ក្លាយទៅជា​គ្រាប់ពូជ ដែល​ជួយ​អភិវឌ្ឍ​ក្នុង​សង្គម​ជាតិ​ទាំង​កូរ៉េ និង​ខ្មែរ​ផង​ដែរ​»​។ សូម​ជម្រាប​ថា គម្រោង​នេះ​ជា​គម្រោង​សាកល្បង​មួយ​ដែល​ស្ថានទូត ចាប់ផ្តើម​ជាមួយ​ទីក្រុង​សុង​ណាំ​សិន ដែល​ទីក្រុង​នេះ​នៅ​មិន​ឆ្ងាយ​ពី​ទីក្រុង​ស៊េ​អ៊ូ​នោះ​ទេ ដោយ​មាន​ចម្ងាយ​ត្រឹមតែ ៣០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​៕ ដោយ ៖ ស្រី គំនិត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ