ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​ត្រាំ​ប្រកាស​ថា​គម្រោង​ជួប​គ្នា​នឹង​ធ្វើ​ឡើង​នៅ​រដ្ឋ​អា​ឡាស់​​ស្កា

58 វិនាទី មុន

ទី​ក្រុង​ម៉ូស្គូ៖ លើក​នេះ​ច្បាស់​ការណ៍​មែន​ទែន​ហើយ​អំពី​ពេល​វេលា​ និង​ទី​កន្លែង​ជួប​គ្នា​កម្រិត​កំពូល​រវាង​លោក​ត្រាំ និ​ង​លោក​​ពូទីន​។ លោក​ត្រាំ​បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​ថា​ការ​ជួប​គ្នា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា​នៅ​​រដ្ឋ​អាឡាស់​ស្កា (Alaska) ​ដែល​ជា​អតីត​ទឹក​ដី​របស់​រុស្ស៊ី​ ហើយ​ត្រូវ​រុស្ស៊ី​លក់​ទៅ​ឱ្យ​អាមេរិក​កាល​​ពី​ឆ្នាំ​១៨៦៧​។ លោក​ត្រាំ​ប្រកាស​ដូច​ខាង​លើ​នេះ​បន្ទាប់​ពី​លោក​អះ​អាង​ថា​ភាគី​ដែល​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​បញ្ហា​នេះ​រួម​ទាំង​ប្រធា​នា​ធិបតី​អ៊ុយ​ក្រែន​…

ទី​ក្រុង​ម៉ូស្គូ៖ លើក​នេះ​ច្បាស់​ការណ៍​មែន​ទែន​ហើយ​អំពី​ពេល​វេលា​ និង​ទី​កន្លែង​ជួប​គ្នា​កម្រិត​កំពូល​រវាង​លោក​ត្រាំ និ​ង​លោក​​ពូទីន​។ លោក​ត្រាំ​បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​ថា​ការ​ជួប​គ្នា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា​នៅ​​រដ្ឋ​អាឡាស់​ស្កា (Alaska) ​ដែល​ជា​អតីត​ទឹក​ដី​របស់​រុស្ស៊ី​ ហើយ​ត្រូវ​រុស្ស៊ី​លក់​ទៅ​ឱ្យ​អាមេរិក​កាល​​ពី​ឆ្នាំ​១៨៦៧​។

លោក​ត្រាំ​ប្រកាស​ដូច​ខាង​លើ​នេះ​បន្ទាប់​ពី​លោក​អះ​អាង​ថា​ភាគី​ដែល​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​បញ្ហា​នេះ​រួម​ទាំង​ប្រធា​នា​ធិបតី​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី​ផង​ដែរ​ ជិត​ឯក​ភាព​គ្នា​ទទួល​យក​បទ​ឈប់​បាញ់​ហើយ​។ បើ​ដូច្នេះ​មែន​ សង្គ្រាមដែល​កើត​មាន​​រយៈ​ពេល​៣​ឆ្នាំ​កន្លះ​​​កន្លង​ទៅ​នេះ​អាច​សង្ឃឹម​ថា​នឹង​មាន​ច្រក​ចេញ​។ ប៉ុន្តែ​អ៊ុយ​ក្រែន​ប្រហែល​ជា​ត្រូវ​បង់​ខាត​ធ្ងន់​ណាស់​នៅ​ក្នុង​សង្គ្រាម​នេះ​ព្រោះ​ត្រូវ​ពលី​ជីវិត​យុទ្ធ​ជន​ និង​ជន​ស៊ីវិល​ជា​ច្រើន​នាក់​, ខូច​ខាត​ផ្ទះ​សម្បែង​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​, ត្រូវ​ទូទាត់​សង​ក្រុម​បស្ចិម​ប្រទេស​ថ្លៃ​ផ្ដល់​អាវុធ​សម្រាប់​ធ្វើ​សង្គ្រាម ហើយ​ត្រូវ​កាត់​ទឹក​ដី​ខ្លះ​ទៅ​ឱ្យ​រុស្ស៊ី​។​​

វិមាន​​ក្រឹម​ឡាំង​ក៏​បាន​បង្ហោះ​សេចក្ដី​ថ្លែង​ការណ៍​តាម​អន​ឡាញ​ដើម្បី​បញ្ជាក់​អំពី​គម្រោង​ជួប​គ្នា​ផង​ដែរ​។ ​ជំនួយ​ការ​របស់​លោក​ពូទីន​គឺ​លោក​អ៊ូសាកូស (Ushakov) ថ្លែង​ថា​នៅ​ក្នុង​គម្រោង​ជួប​គ្នា​លើក​នេះ ថ្នាក់​ដឹក​នាំ​ទាំង​២​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ធ្វើ​ឱ្យ​មាន​ដំណោះ​ស្រាយ​សន្តិ​ភាព​រយៈ​ពេល​យូរ​។ លោក​យល់​ថា​មុន​នឹង​ឈាន​ដល់​ការ​សម្រេច​បាន​បែប​នេះ​ប្រហែល​ជា​ត្រូវ​ឆ្លង​កាត់​បញ្ហា​ពិបាក​មិន​តិច​នោះ​ទេ​។ ប៉ុន្តែ​យើង​នឹង​ចូល​រួម​ដោះ​ស្រាយ​យ៉ាង​សកម្ម។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារ​ព័ត៌​មាន​នៅ​សេត​វិមាន​ លោក​ត្រាំ​បង្ហើប​ឱ្យ​ដឹង​ថា​មុន​នឹង​ឈាន​ដល់​ការ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង រុស្ស៊ី​ និង​អ៊ុយ​ក្រែន​ប្រហែលល​ជា​ត្រូវ​ដោះ​ដូរ​ទឹក​ដី​គ្នា​ខ្លះ​។ លោក​ថា​អាច​នឹង​មាន​ការ​ដោះ​ដូរ​ទឹក​ដី​គ្នា​។ ប៉ុន្តែ​ជា​ថ្មី​ម្ដង​ទៀត​ លោក​ហ្សេឡិន​ស្គី​ប្រកាស​ជំទាស់​នឹង​គំនិត​នេះ​។ លោក​ថា​អ៊ុយ​ក្រែន​មិន​អាច​ធ្វើ​ផ្ទុយ​ពី​រដ្ឋ​ធម្ម​នុញ្ញ​របស់​ខ្លួន​បាន​ឡើយ​ពាក់​ព័ន្ធ​នឹង​បូរណ​ភាព​ទឹក​ដី​។ អ៊ុយ​ក្រែន​នឹង​មិន​ព្រម​លះ​បង់​ទឹក​ដី​របស់​ខ្លួន​ឱ្យ​អ្នក​ឈ្លាន​ពាន​ជា​ដាច់​ខាត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ