រាជធានីភ្នំពេញ ៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងណែនាំដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ តាមដានជាប់ជានិច្ចសុខភាពសត្វ និងអនាម័យ ដើម្បីបង្ការជំងឺឆ្លង និងការកម្រិតចាក់សំឡេង ដើម្បីចៀសវាងមានសំឡេងរំខានដល់អ្នកជិតខាង។
រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្កេតឃើញថា បច្ចុប្បន្នការសាងសង់ផ្ទះ ឬអគារថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ មានការកើនឡើងគួរឱ្យកត់សម្គាល់។ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនដំណឹងដល់ម្ចាស់ទីតាំង ដែលមានបំណង និងកំពុងថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារ មេត្តាជ្រាបថា ការថែរក្សាសត្វត្រចៀកកាំ អាចមានហានិភ័យពីការចម្លងជំងឺពីសត្វមកមនុស្ស ហើយការចាក់ និងបំពងសំឡេងឮខ្លាំងហួសកម្រិតច្រើនម៉ោង ដើម្បីទាក់ទាញសត្វត្រចៀកកាំ អាចបង្កឱ្យមានការរំខាន ដល់អ្នកជិតខាង និងប៉ះពាល់ដល់សុខភាពសាធារណៈ។ ដើម្បីកាត់បន្ថយផលប៉ះពាល់នានា រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារថែរក្សាសត្វត្រចៀកកាំជា លក្ខណៈគ្រួសារទាំងអស់ ដូចខាងក្រោម ៖
១-ត្រូវអនុវត្តស្របតាមអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការត្រួតពិនិត្យ ការបំពុលខ្យល់ និងការរំខានដោយសំឡេង នៅក្នុងតារាងឧបសម្ព័ន្ធ ៦ កម្រិតកំណត់ស្តង់ដារសំឡេងអតិបរិមា ដែលអនុញ្ញាតនៅតំបន់សារធារណៈ និងតំបន់លំនៅឋាន (dB(A)) ។
២-ត្រូវអនុវត្តវិធានជីវសុវត្ថិភាព និងធ្វើអនាម័យនៅជុំវិញ និងខាងក្នុងទីតាំងថែរក្សាសត្វត្រចៀកកាំជាប្រចាំ ។
៣-ត្រូវរាយការណ៍ជាបន្ទាន់ នៅពេលសត្វត្រចៀកកាំមានជំងឺ ឬងាប់ ជូនដល់មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលនៅជិតបំផុត ។
រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមយ៉ាងម៉ុតមាំថា ម្ចាស់ផ្ទះ ឬម្ចាស់អគារ ថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ៕





ចែករំលែកព័តមាននេះ