ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំថ្លែងថានៅក្នុងការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនលើកនេះត្រូវមានការដោះដូរទឹកដីគ្នាខ្លះ។ លោកថ្លែងដូច្នេះមុនគម្រោងជួបគ្នាកម្រិតកំពូលរវាងលោក និងលោកពូទីននៅថ្ងៃទី១៥ ខែសីហា។ ប្រេសិតពិសេសរបស់លោកត្រាំ លោកស្ទីវវីតខូស ទើបតែជួបគ្នាជាមួយលោកពូទីនកាលពីប៉ុន្មានថ្ងៃមុននេះចំពេលដែលអាមេរិកបន្តដាក់សម្ពាធ និងត្រៀមចាត់ការក្រុមប្រទេសដែលទិញប្រេងឆៅពីរុស្ស៊ី។
ចំពោះសំណួរថាតើលោកហ្សេឡិនស្គីដែលជាតួអង្គសំខាន់ម្នាក់ដែរ ហើយប្រទេសរបស់គាត់កំពុងប្រឡូកនៅក្នុងសង្គ្រាមផ្ទាល់ជាមួយរុស្ស៊ីនោះតើគាត់មានចំណែកចូលរួមនៅក្នុងការចរចាសន្តិភាពដែរឬទេ? លោកត្រាំមិនបានឆ្លើយតបដោយផ្ទាល់ទេ។ លោកនិយាយដោយប្រយោលថាអ្នកកំពុងសម្លឹងមើលទឹកដីដែលកើតមានសង្គ្រាមរយៈពេលបីឆ្នាំកន្លះមកហើយ។ អ្នកដឹងទេ ជនជាតិរុស្ស៊ីស្លាប់អស់ជាច្រើន។ ជនជាតិអ៊ុយក្រែនស្លាប់អស់ជាច្រើន។
ហេតុនេះ លោកយល់ថាអ៊ុយក្រែនត្រូវបានទឹកដីខ្លះត្រឡប់មកវិញ ហើយត្រូវមានការដោះដូរគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន។ អ្នកវិភាគមួយចំនួនរួមទាំងអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយវិមានក្រឹមឡាំងផងដែរធ្លាប់បានលើកឡើងថារុស្ស៊ីអាចនឹងប្រគល់ទឹកដីមួយចំនួនដែលខ្លួនកំពុងកាន់កាប់នៅខាងក្រៅតំបន់បួនដែលខ្លួនបានដាក់បញ្ចូលទឹកដីខ្លួនតាំងពីឆ្នាំ២០២២។ តំបន់ទាំងបួននោះគឺដូញែត លូហាន ខឺសុន និងហ្សាប៉ូរីហ្សៀ។
លោកត្រាំប្រកាសអំពីគម្រោងជួបគ្នាជាមួយលោកពូទីនចំពេលដែលកងទ័ពរុស្ស៊ីបន្តវាយសម្រុកទៅមុខដោយសន្សឹមៗចូលទៅក្នុងទឹកដីអ៊ុយក្រែនដោយពលីជីវិតយុទ្ធជន និងបាត់បង់យុទ្ធោបករណ៍ជាច្រើន។ ទន្ទឹមនឹងនោះ រុស្ស៊ីបន្តវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាទៅលើទីក្រុងនានារបស់អ៊ុយក្រែន។ គេមិនទាន់ដឹងថាតើគម្រោងជួបគ្នាលើកនេះនឹងមានលទ្ធផលបែបណានៅឡើយទេព្រោះរុស្ស៊ី និងអ៊ុយក្រែននៅមានចំណុចខ្វែងគំនិតគ្នាជាច្រើន។ នេះបើយោងតាមប្រភពពីញូស្វីក (Newsweek)៕
ចែករំលែកព័តមាននេះ