រាជធានីភ្នំពេញ ៖ គូស្នេហ៍១គូ បានស្រឡាញ់គ្នាតាំងពីនៅរៀនថ្នាក់វិទ្យាល័យមកម្ល៉េះ ក្រោយមក ខាងស្រីបានធ្វើជាកម្មការិនីរោងចក្រ ចំណែកឯខាងប្រុស ធ្វើជាជាងនៅក្នុងរោងចក្រដែក ប៉ុន្តែបន្តបន្ទាប់មកស្នេហាពួកគេ ក៏ត្រូវប្រះស្រាំដោយសារតែខាងប្រុសបែកចិត្ត ទៅមានស្រីថ្មីទៀត ។ លុះមកដល់ពេលថ្មីៗនេះ បុរសខាងលើ បានសុំមូលគ្នាជាមួយនាងវិញ ព្រមទាំងសុំចូលស្ដីដណ្ដឹងថែមទៀតផង ប៉ុន្តែត្រូវនាងនិងឪពុកម្ដយប្រកែកមិនឲ្យទេ ព្រោះខ្លាចរងការឈឺចាប់ទៀត ។បុរសនោះក៏បានឆាតរកនាងទាំងយប់ និងមានការឈ្លោះប្រកែកគ្នានៅតាមឆាតបណ្ដាញសង្គមហ្វេសប៊ុកទៀត លុះព្រឹកឡើងខណៈនាងជិះម៉ូតូទៅធ្វើការបុសនោះក៏បានជិះម៉ូតូដេញតាមចាក់សម្លាប់ បន្ទាប់មកបានជិះម៉ូតូចូលទៅក្នុងវត្តមួយរួចចងកសម្លាប់ខ្លួនតាមក្រោយ ។
ហេតុការណ៍នេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នាងដួលដេកស្លាប់ តាមផ្លូវបេតុងក្នុងតំបន់សេដ្ឋកិច្ចពិសេសកំបូល ស្ថិតនៅក្នុងងភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ចំណែកជនដៃដល់ ត្រូវបានគេប្រទះឃើញចងកស្លាប់នៅក្នុងវត្តស្ងួនពេជ្រ ស្ថិតនៅក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ យឺន ស្រីនី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រផលិតបរិក្ខាអគ្គិសនីយីហោ Minebea Mitsumi ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្នាក់នៅក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ដោយឡែកជនដៃដល់ខាងលើឈ្មោះ ឆន លឹមតិច អាយុ២៥ឆ្នាំ មុខរបរជាងដែកនៅរោងចក្រ BDB ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានទីលំនៅក្នុងភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល បានចាក់ទៅលើនាងរងគ្រោះជាច្រើនកាំបិត ។
ស្ត្រីជាម្តាយ នាងរងគ្រោះ បាននិយាយថា រវាងកូនស្រីគាត់ និងជនសង្ស័យ គឺជាអតីតសង្សារនឹងគ្នា ដែលបានស្រឡាញ់គ្នា តាំងពីពេលរៀននៅថ្នាក់វិទ្យាល័យមកម្ល៉េះ ហើយអ្នកទាំង២នាក់ បានផ្តាច់ការទាក់ទងគ្នា កាលពីជាងកន្លះឆ្នាំមុន ដោយសារតែបុរសនេះ បែកចិត្តទៅមានស្នេហ៍ថ្មីទៀត ធ្វើឲ្យនាងឈឺចាប់ ។ លុះរហូតមកដល់ពេលនេះ គឺកន្លះឆ្នាំ ក្រោយមកជននេះ បានតាមសុំកូនស្រីគាត់មូលគ្នាវិញ ហើយកាលពីម្សិលម្ង៉ៃ គឺថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ជនសង្ស័យនោះ បានទៅសុំគាត់ ដើម្បីចូលស្តីដណ្តឹងកូនស្រីគាត់ធ្វើជាប្រពន្ធ ប៉ុន្តែគាត់ មិនព្រមឲ្យឡើយ ព្រោះកូនស្រីគាត់(ជនរងគ្រោះ) បានបានប្រាប់ថា មិនយកជនសង្ស័យជាគូអនាគតបានទេ ខ្លាចមានការឈឺចាប់ជាថ្មី ។
ប្រភពដដែល បានបន្តថា លុះមកដល់វេលាយប់ ថ្ងៃទី២៧ ខែសីហា បុរសនេះបានឆាតទៅរកកូនស្រីគាត់ ពីរឿងសុំមូលគ្នា និងឲ្យនាងទទួលយកធ្វើជាប្ដីវិញ ប៉ុន្តែកូនស្រីគាត់ នៅតែប្រកែក មិនព្រមទទួលយកដដែល ទើបមានការឈ្លោះគ្នា គាត់តាមឆាតផងដែរ ។ លុះព្រឹកឡើងថ្ងៃកើតហេតុ នេះកូនស្រីគាត់បានជិះម៉ូតូម៉ាកហុងដា Zoomer-X ១គ្រឿងពណ៍ទឹកប៊ិច លាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 1DP-0547 ចេញពីផ្ទះទៅធ្វើការរោងចក្រ ហើយគាត់មិននឹកស្មានថាមានរឿងអ្វីកើតឡើងទេ ក្រោយមកក៏មានគេទៅប្រាប់គាត់ថា កូនស្រីរបស់គាត់ត្រូវគេចាក់សម្លាប់ស្លាប់បាត់ទៅហើយ គាត់ក៏ប្រញាប់ទៅមើល ឃើញកូនស្រីពិតជាស្លាប់មែន ។
មន្ត្រីនគរបាល បានប្រាប់ថា ជនដៃដល់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BN-9027 ប្រដាប់ដោយកូនកាំបិត១ក្នុងដៃឆ្វេង ហើយបានជិះម៉ូតូ ដេញតាមក្នុងខណៈដែលនាងរងគ្រោះកំពុងជិះម៉ូតូទៅធ្វើការ ។ លុះតាមទាន់ បានចាក់នាងជាច្រើនកាំបិត បណ្ដាលឲ្យដួល ហើយពេលនោះនាងបានក្រោករត់បាន៤ទៅ៥ជំហ៊ាន ទៀតទើបដួល ហើយជននេះ បានរត់ចូលទៅចាក់ច្រើនកាំបិតបន្ថែមទៀត ដោយកាំបិតចុងស្រួច រហូតដល់ស្លាប់តែម្ដង ។ បន្ទាប់មកជននេះ បានជិះម៉ូតូចេញពីកន្លែងកើតហេតុ រួចបានចូលទៅកាន់វត្តស្ងួនពេជ្រ ស្ថិតនៅក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ចម្ងាយពីកន្លែងកើតហេតុប្រមាណ១គីឡូម៉ែត្រ រួចចងកសម្លាប់ខ្លួន ជាមួយដើមអង្កាញ់ស្លាប់ តាមក្រោយផងដែរ ។
ក្រោយពេល កើតហេតុ នគរបាលប៉ុស្តិ៍កន្ទោក និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់ទីនោះ និងរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាចធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យសាកសពអ្នកទាំង២ផងដែរ ៕
ដឹងរឿងហើយ! នារីដែលគេលបប្រហារនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ !
នារីម្នាក់ត្រូវគេលបប្រហារតាមផ្លូវក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
ចែករំលែកព័តមាននេះ